ភរិយា​លោក កែម ឡី ចោទ​គ្រួសារ​លោក ហ៊ុន សែន ​ថា នៅ​ពី​ក្រោយ​ឃាតកម្ម​ស្វាមី​គាត់

លោកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី (រូប ពីហ្វេសប៊ុក លោកស្រី ប៊ូ រចនា)

ភរិយា​​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ ៣​ឆ្នាំ​មុ​ននោះ បាន​ចោទ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​ស្វាមី​របស់​គាត់។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ម៉ាត​មួយ​កន្លែង ក្នុង​ការ៉ាស់​សាំង​​កាល់តិច ស្ថិត​នៅ​ម្ដុំ​ស្តុប​បូកគោក កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ខែ​កក្កដា ក្នុង​ឆ្នាំ​២០១៦។

មាន​តែ​បុរស​ម្នាក់​គត់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា «ជួប សម្លាប់» ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ នៅ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​មួយ​នេះ។

ក្នុង​ចម្លើយ​សារភាព​ក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន​តែ​ប៉ុន្មាន​នាទី​ក្រោយ​ឃាតកម្ម​កើត​ឡើង​នោះ បុរស​រូប​នេះ បាន​អះអាង​​ថា រូបគេ​មាន​គំនុំ​ជាមួយ​លោកបណ្ឌិត កែម ឡី ជុំ​វិញ​ការ​ជំពាក់​លុយ​រូប​គេ​ចំនួន ៣​,០០០​​ដុល្លារ។

ប៉ុន្តែ ភរិយា​សព​លោក កែម ឡី គឺ​អ្នក​ស្រី ប៊ូ រចនា ដែល​ទទួល​បាន​​សិទ្ធិ​ជ្រក​កោន​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ជាមួយ​កូនៗ​នោះ បាន​រៀបរាប់​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​នេះ​ថា អ្នកស្រី​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ​​ចំពោះ​ចម្លើយ​របស់​បុរស​រូប​នេះ។

អ្នកស្រី ប៊ូ រចនា បាន​ចោទ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា ស្ថិត​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​ទៅ​លើ​ស្វាមី​របស់​អ្នកស្រី បន្ទាប់​ពី​ឈ្មោះ​សាច់​ញាតិ​មេដឹកនាំ​កម្ពុជា​រូប​នេះ ត្រូវ​បាន​ទម្លាយ​នៅ​ក្នុង​របាយការណ៍​មួយ​របស់​អង្គការ Global Witness តែ​ប៉ុន្មាន​ថ្ងៃ​មុន​ឃាតកម្ម​កើត​ឡើង។

អ្នកស្រី ប៊ូ រចនា រៀបរាប់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «នាង​ខ្ញុំ​យល់​ថា ការ​សម្លាប់​ស្វាមី​នាង​ខ្ញុំ គឺ​ជា​​ការ​រៀបចំ​ជាមុន និង​ជា​ប្រព័ន្ធ​របស់​ជន​ដែល​កំពុង​គ្រប់​គ្រង​អំណាច​ក្នុង​ស្ថាប័ន​រដ្ឋ​សំខាន់ៗ ហើយ​អាច​ជា​សាច់​ញាតិ​របស់​អ្នក​ដែល​ជាប់​ឈ្មោះ​ក្នុង​របាយការណ៍​អង្គការ​ Global Witness ដែល​សរសេរ​អំពី​ក្រុមហ៊ុន​សំខាន់ៗ​ចំនួន ១១៤​ក្រុមហ៊ុន ដែល​មាន​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន របស់​លោក​នាយករដ្ឋ​មន្ត្រី ជា​ម្ចាស់​ហ៊ុន​កំពុង​គ្រប់​គ្រង​ដោយ​ចុះ​បញ្ជី​ត្រឹម​ត្រូវ»

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ប្រាប់​ថា លោក​សូម​មិន​ឆ្លើយ​ឆ្លង​នឹង​អារម្មណ៍​របស់​ជន​រង​គ្រោះ​នោះ​ឡើយ ប៉ុន្តែ លោក​ស្វាគមន៍​នូវ​ភស្តុតាង​ថ្មីៗ និង​ច្បាស់​លាស់ ដើម្បី​បើក​ស៊ើប​អង្កេត​ជាថ្មី​ទៅ​លើ​សំណុំ​រឿង​នេះ។

លោក ផៃ ស៊ីផាន មាន​ប្រាប់​វីអូឌី​​តាម​តេឡេក្រាម​នៅ​ថ្ងៃ​នេះ​ថា​៖ «ខ្ញុំ​សូម​រក្សា​សិទ្ធិ​មិន​ឆ្លើយ​ឆ្លង​ជាមួយ​អារម្មណ៍​នៃ​ជន​រង​គ្រោះ​នោះ​ឡើយ។ ករណី​មាន​ភស្តុតាង​ថ្មី ច្បាស់​លាស់ និង​យក​ជា​ការ​បាន ច្បាប់​ធានានូវ​សុពលភាព​ក្នុង​ការ​បើក​ករណី​សារ​ជាថ្មី»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ភរិយា​អ្នក​វិភាគ​រូប​នេះ​ទៅ​លើ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច​របស់​លោក​ផង​ដែរ ហើយ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​អ្នក​នយោបាយ​​មាន​មូលដ្ឋាន​នៅ​ឯ​បរទេស​តែ​ប៉ុណ្ណោះ។

លោក សុខ ឥសាន មាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា​៖ « ឥឡូវ​នេះ​លែង​ចំ​ហើយ វា​ទៅ​ជា​រឿង​សាច់​ញាតិ​របស់​សម្ដេច​ទៅ​វិញ។ យើង​ខ្ញុំ​យល់​ថា ជា​សេណារីយ៉ូ​របស់​អ្នក​នយោបាយ អ្នក​លម្អៀង​ខាង​នយោបាយ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន ដែល​ហ៊ុំ​ព័ទ្ធ​គាត់​ហ្នឹង បាន​បង្គាប់​បញ្ជា​ឲ្យ​គាត់​និយាយ​ទេ»

ថ្ងៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​​ថ្ងៃទី​១០ កក្កដា បាន​ក្លាយ​ជា​ទិវា​នៃ​ការ​ចង​ចាំ និង​រំឭក​ឡើង​វិញ​ពីសំណាក់​ក្រុម​អ្នក​គាំ​ទ្រ​លោក​បណ្ឌិត កែម ឡី និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះជាយ៉ាងណា យុវជន ៤​នាក់ ដែល​បាន​ចូលរួម​រំឭក​​ថ្ងៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។ ប៉ុន្តែ យុវជន ២​រូប​ត្រូវ​បាន​ដោះ​លែង​វិញ ខណៈ​ដែល​យុវជន គង់ រ៉ៃយ៉ា និង​ សួង នាគព័ន្ធ ត្រូវ​បញ្ជូន​ទៅ​ឃុំ​បណ្ដោះ​ខ្លួន​អាសន្ន ក្រោម​បទ​ចោទ​ប្រកាន់​ថា «បាន​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»

អ្នកស្រី ប៊ូ រចនា បាន​ចាត់​ទុក​ការ​បង្ក្រាប​ទៅ​លើ​ការ​ប្រារព្ធ​ខួប ៣​ឆ្នាំ​នៃ​ឃាតកម្ម​លើ​ស្វាមី​របស់​អ្នកស្រី​ថា ជា​ការ​ភ័យ​ខ្លាច​របស់​ «អ្នក​ផ្ដួច​ផ្ដើម អ្នក​ផ្ដល់​មធ្យោបាយ និង​អ្នក​ប្រព្រឹត្ត​ជា​ជន​ដៃ​ដល់​សម្លាប់​ស្វាមី​នាង​ខ្ញុំ» ហើយ​ថា ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​​ជា «ប្រព័ន្ធ»​ផង​ដែរ។

អ្នកស្រី​បាន​រៀប​រាប់​បន្ត​ទៀត​ថា «អ្នក​ផ្ដួច​ផ្ដើម អ្នក​ផ្ដល់​មធ្យោបាយ និងអ្នក​ប្រព្រឹត្ត​ជា​ជន​ដៃ​ដល់​ក្នុង​ការ​សម្លាប់​ស្វាមី​នាង​ខ្ញុំ គឺ​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ ហើយ​ពួកគេ​ក៏​កំពុង​មាន​ការ​ភ័យ​ខ្លាច​អ្នក​គាំ​ទ្រ​របស់​គាត់​ដែរ ទើប​ពួកគេ​មាន​ការ​បង្ក្រាប​ដល់​អ្នក​គាំទ្រ​បណ្ឌិត កែម ឡី ដោយ​គ្រាន់​តែ​មាន​បំណង​ប្រារព្ធ​ពិធី និង​ទៅ​ដាក់​កម្រង​ផ្កា​តាម​សាសនា​ជំនឿ​របស់​ជាតិ​យើង​នៅ​ថ្ងៃ ១០ កក្កដា ២០១៩ ជា​ខួប ៣​ឆ្នាំ​កន្លង​ទៅ​នេះ»

អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន អះ​អាង​ថា អាជ្ញាធរ​មិន​បាន​ចាប់​ខ្លួន​អ្នក​ចូលរួម​រំឭក និង​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី នោះ​ឡើយ ប៉ុន្តែ លោក​ថា សមត្ថកិច្ច​ចាប់​ខ្លួន​តែ​មនុស្ស​មួយ​ចំនួន​ដែល​លោក​ចាត់​ទុក​ថា «អ្នក​​ញុះញង់ និង​រំលោភ​សិទ្ធិ​អ្នក​ដទៃ»

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធានការ​ចាំ​បាច់​មួយ​ចំនួន ដើម្បី​ធានា​សុវត្ថិភាព និង​ដំណើរការ​រក​ស៊ី​របស់​ក្រុមហ៊ុន​បរទេស ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវរក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក សុខ ឥសាន មាន​ប្រសាសន៍​បន្ត​ថា​៖ «យើង​កុំ​ឲ្យ​គាត់​មាន​ការ​យល់​ច្រឡំ អ្នក​ទៅ​គោរព​វិញ្ញាណក្ខន្ធ​គាត់​អត់​មាន​នរណា​ចាប់​ទេ គឺ​ចាប់​តែ​អ្នក​ទៅ​ញុះញង់​ដើម្បី​បង្ក​បាតុភាព​ និង​រំលោភ​សិទ្ធិ​របស់​អ្នក​ដទៃ​ទេ»

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​បាន​ចូល​រួម​បក​ស្រាយ​លើ​របាយការណ៍​ស៊ើប​អង្កេត​មួយ​របស់​អង្គការ Global Witness នៅ​ក្នុង​កម្មវិធី​ផ្សាយ​មួយ​របស់​វិទ្យុ​អាស៊ី​សេរី។

អ្នក​តាម​បញ្ហា​សង្គម និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា លោក​បណ្ឌិត មាស នី ដែល​បាន​ចូលរួម​ជជែក​អំពី​របាយការណ៍​នោះ​ផង​ដែរ​នោះ ជឿ​ជាក់​ថា មិន​មែន​តែ​បុរស​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​ទេ​ដែល​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ហើយ​លោក​ថា ការ​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​នេះ នឹង​ជួយ​សម្អាត​នូវ​មន្ទិល​សង្ស័យ​ណា​មួយ​ទៅ​លើ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

លោក មាស នី ប្រាប់​ថា៖ «ដរាបណារដ្ឋាភិបាល​មិនមានបង្ហាញនូវសុឆន្ទៈក្នុងការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ​ទៅលើករណីហ្នឹង ការរិះគន់ទៅលើការទទួលខុសត្រូវរបស់រដ្ឋាភិបាលនៅតែមានជាបន្ត ហើយការចោទប្រកាន់នៅតែមាននៅក្នុងទឹកចិត្តរបស់អ្នកគាំទ្រលោក កែម ឡី បន្តរហូត»

របាយការណ៍​ស៊ើប​អង្កេត​នោះ​មាន​ចំណង​ជើង​ថា «Hostile Takeover» បាន​លាត​ត្រដាង​អំពី​​បណ្ដាញ​ជំនួញ និង​​អាជីវកម្ម​​ដល់​ទៅ​ ១១៤​ក្រុមហ៊ុន ដែល​កាន់​កាប់​ភាគ​ហ៊ុន​​ដល់​ទៅ​ជាង ២០០​លាន​ដុល្លារ ពី​សំណាក់​សមាជិក​ក្រុម​គ្រួសារ និង​សាច់​ញាតិ​​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ