កសិករបារម្ភពីការជំពាក់បំណុលទ្វេដងដោយសារស្រូវខូច

ស្ថានភាពស្រូវដែលរងផលប៉ះពាល់ដោយសារគ្មានទឹកគ្រប់គ្រាន់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងខែកក្កដា ឆ្នា២០១៩នេះ។ រូបភាព៖ ផ្ដល់ឱ្យ

ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួនប្រឈមជំពាក់បំណុលធនាគារកើនឡើងទ្វេដង ដោយសារតែភាពរាំងស្ងូតធ្វើឱ្យស្រូវវស្សារបស់ពួកគាត់ខូចខាតនៅកន្លែងដាំដុះ ហើយចំណែកកន្លែងខ្លះទៀតមិនអាចដាំដុះកើតព្រោះមិនមានទឹកគ្រប់គ្រាន់។​

កសិករម្នាក់នៅស្រុកថ្មគោល ខេត្តបាត់ដំបង លោក យើ សូ ប្រាប់ វី.អូ.ឌី ថា គ្រួសារគាត់បានខ្ចីលុយពីធនាគារដើម្បីធ្វើស្រែជាង១០០ហិកតានៅរដូវស្សានេះ ប៉ុន្តែ លោកថា ដោយសារបញ្ហារាំងស្ងួតខ្វះទឹកស្រោចស្រពរយៈពេលប៉ុន្មានខែនេះ បានធ្វើឲ្យស្រូវរបស់គាត់រងការខូចខាតប្រហែល៤០ភាគរយហើយ។

កសិកររូបនេះឲ្យដឹងថា នៅស្រុកថ្មគោល បញ្ហាជួបគ្រោះរាំងស្ងួត និងខ្វះទឹកស្រោចស្រពដំណាំស្រូវនេះកើតឡើងស្ទើរគ្រប់កសិករ។ លោកថា ប្រឡាយមួយខ្សែដែលតភ្ជាប់ពីអាងកំពីងពួយនោះកំពុងរីងស្ងួតដែរ។

លោកបន្ថែមថា៖ «រាំងមិនបាច់ដល់១ខែទេ តែ២០ថ្ងៃទៀត វាខូចអស់ហើយ ព្រោះស្រូវខ្ញុំធ្វើនេះជាប្រភេទស្រូវប្រាំង វាចាស់ដើមហើយ។ បើមានទឹកគ្រប់គ្រាន់វិញ វាធ្វើខ្លួនបែកចេញជាផ្លែផ្កាហើយ ដល់អត់ទឹកភ្លៀងអីចឹង វាខូចហើយ ព្រោះស្រូវហ្នឹងប្រើតែរយៈពេល២ខែទេ។ បើខូចអីចឹង ខ្ញុំច្បាស់ជាជំពាក់គេហើយ»

កសិករម្នាក់ទៀតនៅឃុំរហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោក ឈឹម ដឹប និយាយថា គ្រួសារលោកក៏ខ្ចីលុយពីធនាគារសម្រាប់ធ្វើស្រែជាង២០ហិកតាផងដែរ ដោយពេលនេះស្រូវរបស់គាត់កំពុងស្វិត និងងាប់អស់ប្រហែល៣០ភាគរយ ដោយសារពុំមានភ្លៀងធ្លាក់ និងពុំមានទឹកសម្រាប់បញ្ចូលគ្រប់គ្រាន់។

លោក ឈឹម ដឹប ឲ្យដឹងថា ស្រូវរបស់កសិករនៅតំបន់ខ្លះនៃស្រុក​ព្រះនេត្រព្រះ គឺកំពុងរងការខូចខាតស្ទើរទាំងស្រុងដោយសារឆ្ងាយពីប្រព័ន្ធប្រឡាយទឹក។

លោកបន្ថែមថា៖ «ស្រូវងាប់អស់ហើយ វាប្រឈមនឹងគ្រោះរាំងស្ងួតនៅឆ្នាំនេះ។ ចង់និយាយថា បើតាមខ្ញុំប៉ាន់ប្រមាណនៅទូទាំងខេត្តបន្ទាយមានជ័យ ស្រូវដែលនៅសល់ប្រហែលជា៤០ភាគរយអីទេ ងាប់អស់៦០ភាគរយហើយ។ បើនៅកន្លែងខ្ញុំផ្ទាល់ បើផលត្រូវទទួលបានពីងាប់វិញ ប្រហែល៨០ភាគរយដែរ ដោយខ្ញុំនៅជិតប្រឡាយ»

មេឃុំរហាល លោក ស្មុត ពេញ ឲ្យដឹងថា នៅឃុំរហាល ដីកសិកម្មដែលពលរដ្ឋកំពុងធ្វើស្រែមានជាង៣ពាន់ហិកតា ដោយក្នុងនោះកំពុងរងផលប៉ះពាល់ប្រហែល៤០ភាគរយ ដោយស្វិត និងងាប់ដោយសារគ្រោះរាំងស្ងួតនេះ។

ចំណែកកសិករនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោក ហង់ សាវុទ្ធ មានប្រសាសន៍ថា កសិករចំនួន២ឃុំ នៅស្រុកជាំក្សាន្ត នឹងប្រឈមខ្វះស្បៀងអាហារសម្រាប់ឆ្នាំក្រោយ និងជំពាក់បំណុលធនាគារដោយសារដំណាំស្រូវរបស់ពួកគេបានស្វិត និងងាប់។

លោក ហង់ សាវុទ្ធ ឲ្យដឹងថា នៅខេត្តតំបន់ខ្ពង់រាបមួយនេះ គឺប្រជាពលរដ្ឋខ្លះបង្កបង្កើនផលហើយ និងខ្លះទៀតមិនទាន់បានចាប់ផ្តើមបង្កបង្កើនផលនៅឡើយទេដោយសារពុំមានភ្លៀងធ្លាក់។

លោកបន្ថែមថា៖ «កសិករនៅទីនេះ គាត់ធ្វើស្រែតាមយថាកម្ម តាមធម្មជាតិ ពឹងលើទឹកភ្លៀងជាធំ បើអត់ទឹកភ្លៀងគឺអត់ហើយ ដោះស្រាយមិនចេញទេ ហើយមកទល់ពេលភ្លៀងនៅតែអត់ទាន់ធ្លាក់ទៀងទាត់ទៀត។ អីចឹងទេ បញ្ហានេះជាមូលហេតុមួយធ្វើឲ្យប្រជាពលរដ្ឋកំពុងតែប្រឈមកង្វះស្បៀងអាហារសម្រាប់ឆ្នាំក្រោយ ព្រោះអ្នកខ្លះអត់ទាន់បានស្ទូង ឬព្រួសនៅឡើយទេ គាត់រង់ចាំទឹកភ្លៀង»

ប្រធានសម្ព័ន្ធសហគមន៍កម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា បញ្ហាគ្រោះរាំងស្ងួតនេះបានធ្វើឲ្យប្រជាកសិករខាតបង់ថវិកា គ្រាប់ពូជ និងប្រឈមជំពាក់បំណុលធនាគារទ្វេដងថែមទៀតផង។

លោក ថេង សាវឿន បានផ្តល់អនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខដែលកំពុងកើតឡើងនេះ រដ្ឋាភិបាលត្រូវត្រៀមគ្រាប់ពូជសម្រាប់ចែកជូនដល់ប្រជាកសិករដោយឥតគិតថ្លៃ ការផ្តល់លុយកម្ចីដល់កសិករក្នុងអត្រាការប្រាក់ទាប និងរៀបចំគោលនយោបាយទឹក ដោយធ្វើយ៉ាងណាឲ្យមានប្រព័ន្ធធារាសាស្រ្តគ្រប់តំបន់ដែលពលរដ្ឋធ្វើកសិកម្ម។

លោកបន្ថែមថា៖ «បើសិនជារដ្ឋាភិបាលផ្ដល់ឥណទានសម្រាប់ឲ្យកសិករខ្ចីសម្រាប់ធ្វើជាដើមទុនដោយអត្រាការប្រាក់ទាប ដោយប្រើប្រាស់ថវិកាជាតិ វាអាចជួយសម្រាល់បន្ទុកពួកគាត់ព្រោះថា ពេលដែលកសិករទៅខ្ចីក្រុមហ៊ុនឯកជន វាមានអត្រាការប្រាក់ខ្ពស់។ ហើយផែនការសម្រាប់រយៈពេលវែង រដ្ឋាភិបាលត្រូវតែរៀបចំស្តារប្រព័ន្ធប្រឡាយចាស់ៗដែលបន្សល់ទុកពីជំនាន់មុនហ្នឹង អាចនឹងផ្តល់ទឹកគ្រាប់គ្រាន់សម្រាប់កសិករប្រើប្រាស់បាន ប្រសិនរដ្ឋាភិបាលពុំមានលទ្ធភាពជីកប្រព័ន្ធថ្មី»

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ថា បញ្ហាគ្រោះរាំងស្ងួតនេះ គឺរដ្ឋាភិបាលពិបាកក្នុងការជួយកសិករបន្តិច ដោយសាររាំងស្ងួតនោះខ្លាំងពេករហូតធ្វើឲ្យប្រឡាយ និងត្រពាំងបឹងបួមួយចំនួនធ្លាប់មានទឹកបែរជារីងអស់ ប៉ុន្តែ យ៉ាងណា លោកថា ដំណោះស្រាយបញ្ហាចំពោះមុខ គឺក្រសួងបានផ្តល់ពូជជូនពលរដ្ឋសម្រាប់ដាំដុះបន្តរហូតដល់មានទឹកគ្រប់គ្រាន់វិញ។

លោកបន្ថែមថា៖ «ខ្ញុំបានពិនិត្យឃើញថា ក្នុងករណីដែលកសិករមានប្រភពទឹកច្បាស់លាស់អាចស្តារឡើងវិញ បានជាយើងជួយៗជាពូជ ព្រោះឥលូវនេះ ស្រូវស្រាលវាអាចខូច ព្រោះតាំងពីគាត់ព្រួសមកជាង១ខែហើយ វាដល់ដំណាក់កាលមួយមូលដើមផើមវាចេញផ្កា ប៉ុន្តែ ឥលូវនេះ វាចេញមិនរួច ដូច្នេះវាខូចហើយ។ អីចឹងយើងត្រូវផ្តល់ពូជឲ្យគាត់ ប៉ុន្តែ រឿងសំខាន់ថា តើទឹកភ្លៀងវាធ្លាក់មកបន្តបន្ទាប់ទៀត ឬយ៉ាងម៉េច? ត្រង់ហ្នឹងដែលពិបាកយល់ ដាក់ទៅខ្លាចវាអស់ទៀត»

បើតាមលោក វេង សាខុន បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តដែលរាំងស្ងួតជាងគេមានផ្នែកខ្លះនៃខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃុំ ស្វាយរៀង និងព្រៃវែង ដែលរងផលប៉ះពាល់ស្រូវប្រហែល១៥ម៉ឺនហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ