មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្តេជ្ញាផលិតអាវុធដែលមានឥទ្ធិពលខ្លាំងក្លាបំផុតដើម្បីការពារសន្តិសុខប្រទេស ហើយព្រមានដល់កូរ៉េខាងត្បូងចំពោះការសហការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។
លោក គីម ជុងអ៊ុន ថ្លែងថា កូរ៉េខាងជើងមិនត្រឹមតែមិនបញ្ឈប់ទេ ថែមទាំងប្រឹងប្រែងផលិតប្រព័ន្ធអាវុធឱ្យបានខ្លាំងក្លាបំផុត ដើម្បីលុបបំបាត់ការគំរាមកំហែងដល់សន្តិសុខជាតិដែលអាចបង្កឡើងដោយផ្ទាល់ពីកូរ៉េខាងត្បូង។ នេះបើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កូរ៉េខាងជើងបានបាញ់អាវុធមីស៊ីលចំនួនពីរគ្រាប់ចូលក្នុងសមុទ្រដោយសារខឹងសម្បារចំពោះការធ្វើសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលគ្រោងធ្វើឡើងនៅខែក្រោយ។
កូរ៉េខាងជើងតែងតែចោទប្រកាន់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមានបំណងផ្តួលរំលំរដ្ឋាភិបាលកូរ៉េខាងជើង។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវចំពោះករណីនេះ ឱ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពណាដែលបង្កជម្លោះកាន់តែខ្លាំង ហើយងាកមករកការចរចាដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែ។
ចំណែកកូរ៉េខាងត្បូងចាត់ទុកសកម្មភាពបាញ់សាកល្បងអាវុធដែលគំរាមកំហែងផ្នែកយោធានេះថា វាមិនមានផលប្រយោជន៍អ្វីទេ ហើយផ្ទុយទៅវិញ វាបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរ។
ទោះយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោសដែលធ្វើឡើងដោយមេដឹកនាំកូរ៉េខាងជើងនេះ គឺលោក គីម ជុងអ៊ុន មិនបានភ្ជាប់ឈ្មោះអាមេរិកទេ គឺថ្កោលទោសតែកូរ៉េខាងត្បូងដែលចូលរួមធ្វើសមយុទ្ធ។ នៅខែក្រោយនេះ កូរ៉េខាងត្បូងធ្វើសមយុទ្ធជាមួយអាមេរិក ហើយប្រទេសទាំងពីរតែងតែធ្វើសមយុទ្ធជាមួយគ្នាជាប្រចាំ។
លោក គីម បានរំឭកដល់កូរ៉េខាងត្បូងឱ្យបញ្ឈប់សកម្មភាពនាំឱ្យស្លាប់ខ្លួនឯងនេះ ដោយសារតែការបង្កកំហុសម្តងហើយម្តងទៀត ហើយមិនខ្វល់ខ្វាយជាមួយសារព្រមានរបស់កូរ៉េខាងជើង។
លោក គីម បញ្ជាក់ថា កន្លងមក កូរ៉េខាងជើងឆ្លើយតបតាមរយៈអាវុធតែក្នុងកម្រិតទាបមួយតែប៉ុណ្ណេាះ ហើយថា បើចង់បញ្ឈប់គឺជាការលំបាក។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងថា ការបាញ់មីស៊ីលកាលពីម្សិលមិញនេះ គឺស្ថិតនៅក្នុងចម្ងាយ៤៣០គីឡូម៉ែត្រពីទីក្រុងវ៉ុងសានរបស់កូរ៉េខាងជើង ហើយបានបាញ់ចូលក្នុងសមុទ្រចម្ងាយ៦៨៨គីឡូម៉ែត្រ។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបញ្ជាក់ថា អាវុធមីស៊ីលដែលកូរ៉េខាងជើងបាញ់កាលពីម្សិលមិញ ជាប្រភេទអាវុធថ្មីមិនដែលឃើញ។









