​កម្ពុជា​​ច្រាន​ចោល​​កង្វល់​​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ UN ជុំ​វិញ​ការ​បង្ក្រាប​លើ​ពិធី​រំឭក​ខួប​ឃាតកម្ម​អ្នក​វិភាគ

លោក ​សួង​ នាគព័ន្ធ​ (ឆ្វេង) និងលោក គង់ រ៉ៃយ៉ា (ស្ដាំ)។

ក្រុម​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​កម្ពុជា បាន​ច្រាន​ចោល​នូវ​ក្ដី​កង្វល់​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ (UN) ដែល​បាន​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួននៅ​ពេល​ពួកគេ​ចូលរួម​រំឭក​ខួប​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី។

ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​បង្ហាញ​ក្ដី​កង្វល់​របស់​អ្នកស្រី​ទៅ​លើ​ការ​ចាប់​ខ្លួន​​យុវជន គង់ រ៉ៃយ៉ា និង​សួង នាគព័ន្ធ ដែល​​ត្រូវ​បាន​ចោទ​ប្រកាន់​​នា​ពេល​ក្រោយ​មក​ថា «ញុះញង់» បន្ទាប់​ពី​ពួកគេ​បាន​ចូល​រួម​រំឭក​ខួប ៣​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​កន្លង​មក​នេះ។

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​​អន្តរជាតិ​រូប​នេះ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​យុវជន​ទាំង ២​រូប​នេះ​ថា ជា​ការ​បង្ក្រាប​ទៅ​លើ​​ការ​អនុវត្ត​សិទ្ធិ​​សេរីភាព​ស្រប​ច្បាប់​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ អ្នកស្រី រ៉ូណា ស្មីត បាន​ទាម​ទារ​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​យុវជន​ទាំង ២​រូប​នេះ ហើយ​ដោះ​លែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

អ្នកស្រី រ៉ូណា ស្មីត រៀបរាប់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «យើង​មាន​កង្វល់​ចំពោះ​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​​ទៅ​លើ​ គង់ រ៉ៃយ៉ា និង​សួង នាគព័ន្ធ»។ អ្នកស្រី​បន្ត​ថា​៖ «យើង​មាន​កង្វល់​ថា ជា​ថ្មី​ម្ដង​ទៀត អាជ្ញាធរ​កំពុង​កំណត់​គោល​ដៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី»

ទោះជាយ៉ាងណា អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​តប​វិញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​ច្រាន​ចោល​ និង​ចាត់​ទុក​​នូវ​​អ្វី​ដែល​លើក​ឡើង​ដោយ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​រូប​នេះ​ថា «គ្មាន​មូលដ្ឋាន»

អ្នក​នាំ​ពាក្យ​ក្រុម​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​កម្ពុជា​ ចាត់​ទុក​ការ​ចាប់​ខ្លួន​យុវជន​ទាំង ២​រូប​​ខាង​លើ​ថា ជា​វិធានការ​«​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ចលា​ចល​ក្នុង​សង្គម» ហើយ​ចាត់​ទុក​សកម្មភាព​យុវជន​ទាំង ២​រូប​នេះ​ថា មាន​បង្កប់​នូវ «​ចេតនា​ទុច្ចរិត»

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា រៀបរាប់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «ករណី​ចាប់​ខ្លួន​លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ មិន​មែន​ជា​ការ​រឹត​ត្បិត​ទៅ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​នោះ​ទេ»

លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​រួម​ជាមួយ​មនុស្ស ៥​នាក់​ផ្សេង​ទៀត​នៅមុន​មួយ​ថ្ងៃ និង​នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ខួប ៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ប៉ុន្តែ មនុស្ស ៥​នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​វិញ លើក​លែង​តែ​លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ តែ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​នាំ​យក​ទៅ​ចោទប្រកាន់ និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន។

លោក គង់ រ៉ៃយ៉ា ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ដាក់​ឃុំ​អស់​រយៈ​ពេល ១៨​ឆ្នាំ​ក្រោម​នៅ​ចន្លោះ​ឆ្នាំ​២០១៥ ដល់​២០១៧​ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​បង្ហោះ​សារ​អំពាវ​នាវ​ឲ្យ​មាន​«បដិវត្តន៍​ពណ៌»​នោះ ផ្សព្វផ្សាយ​លក់​អាវ​យឺត​នៅ​លើ​អនឡាញ ដើម្បី​រំឭក​ខួប​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​រិះគន់​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ