សហគមន៍៣ប្រទេស បង្ហាញពីផលប៉ះពាល់នៃ​​ទំបន់​វារីអគ្គិសនីនៅតំបន់​ទន្លេ​​មេគង្គ

ពលរដ្ឋស្រុកសៀមប៉ាវ ខេត្តស្ទឹងត្រែងផ្លាស់ទៅទីទួលសុវត្ថិភាព ក្រោយពីទំនប់វារីអគ្គិសនីនៅឡាវបាក់រលំ (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)

តំណាងប្រជាសហគមន៍កម្ពុជា ថៃ​ និងវៀតណាម បានជួបគ្នាបង្ហាញក្ដីកង្វល់​ និងស្វែងរកដំណោះស្រាយចំពោះផលប៉ះពាល់ដែលកើតចេញពី​គម្រោង​អភិវឌ្ឍន៍វារីអគ្គិសនីនៅតាមបណ្ដោយទន្លេមេគង្គ​។​

ការជួបគ្នានេះ​ ធ្វើឡើង​ក្នុង​វេទិកាសាធារណៈមួយដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល នៅព្រឹក​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

វេទិកាសាធារណៈស្ដីពី មេគង្គដែលយើងចង់បាន
វាគ្មិនថ្លែងក្នុងវេទិកាសាធារណៈស្ដីពី «មេគង្គដែលយើងចង់បាន» នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ វណ្ណ វិចារ

តំណាងប្រជាសហគមន៍ដែលជាវាគ្មិនក្នុងវេទិកាសាធារណៈនេះ លើកឡើងថា កំណើនទំនប់វារីអគ្គីសនីបានក្លាយ​ជាបញ្ហាចម្បង ​ដែលនាំ​ឱ្យប្រជា​ពលរដ្ឋ​ដែល​រស់នៅតំបន់មេគង្គក្រោមកាន់តែក្រីក្រ។

តំណាងសហគមន៍ពីប្រទេសថៃ លោក វីរ៉ា ថ្លែងថា នៅឆ្នាំនេះ ដំណាំរបស់​អ្នកភូមិ​​​ខូចខាត​​អស់​​ព្រោះទំនប់​វារី​អគ្គីសនី​​នៅចិន។ លោកបន្តថា ពួកគាត់តវ៉ា​ជាច្រើនដង​ច្រើនសារ​ទៅរដ្ឋា​ភិបាល​ ទៅស្ថានទូតចិន តវ៉ានៅក្រុមហ៊ុនវិនិយោគ ចុង​ក្រោយបានទទួល​សំណងពីរដ្ឋាភិបាលថៃលើដំណាំខូចខាត។

លោក វីរ៉ា មានប្រសាស៍តាមរយៈអ្នកបកប្រែ​ថា​៖ «ខ្ញុំមិន​សុខចិត្តទេ ត្រឹមសំណងដែលរដ្ឋាភិបាលខ្ញុំឱ្យ ព្រោះ​ពួកគាត់យកលុយពន្ធ​ដែល​ពលរដ្ឋបង់ យកសងខ្ញុំ។ ក្រុមហ៊ុនទាំងនោះចំណេញ​លុយ តែមិនអើពើ​អីសោះ។»

តំណាងសហគមន៍វៀតណាមឈ្មោះ ទី លើកឡើងថា ខេត្តគៀងយ៉ាងដែល​លោកកំពុងរស់នៅ ពលរដ្ឋត្រូវផ្លាស់ទីទៅរស់នៅតំបន់ផ្សេង បន្ទាប់ពីកំណើន​ទំនប់វារី​អគ្គិសនីកើនឡើង។

លោក បន្តថា៖ «ពួកខ្ញុំលំបាកខ្លាំង ដំណាំងាប់អស់។ ​ខែប្រាំងទឹកជន់ ខែវស្សាខ្វះទឹក។យើងត្រូវការបច្ចេកទេសបន្ថែមសម្រាប់ប្រកបរបរចិញ្ចឹមជីវិត។ »

តំណាងប្រជាពលរដ្ឋនៅកម្ពុជាដែលជាម្ចាស់ផ្ទះនៃវេទិកានេះជាស្ត្រីវ័យជាង៥០ឆ្នាំឈ្មោះ សារ៉ុម សាខុម។ អ្នកស្រីមកពីភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង​ ជាទី​ដែលរងផលប៉ះពាល់ដោយសារ​ទំនប់វារីអគ្គីសនីសេសាន​ក្រោម២។ អ្នកស្រីមាន​ប្រសាសន៍ថា កិច្ចសន្យាពីសំណងនានាដែលរដ្ឋាភិបាល​បានលើកឡើង គឺមិនត្រូវបានអនុវត្តពេញលេញនោះឡើយ។

អ្នកស្រី សារ៉ុម សុខុម លើកឡើង​ថា​៖ «ខ្ញុំមិនដឹងថា គេចំណេញអីខ្លះទេ តែពួកខ្ញុំក្រទៅៗ។​រស់នៅ​វេទនាណាស់។ ខ្ញុំគិតថា រដ្ឋាភិបាលមិនត្រូវបន្តសង់ទំនប់ទៀតទេ។»

ការិសក្សាស្រាវជ្រាវ​របស់​ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ និងផលប៉ះពាល់​នៃការអភិវឌ្ឍន៍​ថាមពល​វារីអគ្គីសនី សន្និដ្ឋានថា ការអភិវឌ្ឍវារីអគ្គីសនីនៅដងទន្លេមេគង្គ ជាការខាតបង់គួរឱ្យបារម្ភ។ ការសិក្សានេះរកឃើញថា ទំនប់វារី​អគ្គីសនី​​​ធំៗ​ចំនួន​១១​ បានសង់នៅលើតួទន្លេមេគង្គក្រោម និងទំនប់វារីអគ្គីសនី​តាម​ដៃទន្លេមេគង្គក្រោម ១២០ ដែលគ្រោងបញ្ចប់គម្រោងនឹងដាក់ឱ្យ​ដំណើរការ​នៅឆ្នាំ២០៤០។ របាយការណ៍នេះព្យាករថា ការអភិវឌ្ឍធនធានទឹកជា​បន្ត​បន្ទាប់របស់ប្រទេសទាំងអស់នៅតាមតំបន់មេគង្គ នឹងបង្កអតុល្យភាពធ្ងន់​ធ្ងរ​លើទឹក ស្បៀងអាហារ និងថាមពល។ របាយការណ៍ក៏ព្យាករដែរថា ធនធាន​ធម្មជាតិ​នៅតំបន់មេគង្គនឹងធ្លាក់ចុះប្រមាណ៤០ភាគរយ នៅឆ្នាំ២០២០ គឺ​នៅ​ពេល​​ដែលគម្រោងមួយចំនួនបញ្ចប់រួច។

ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវឯករាជ្យ លោក ពេជ្រ សិរីវុធ មានប្រសាសន៍ថា ផលប៉ះពាល់​ធំណាស់​លើផ្នែកធនធានធម្មជាតិ ពិសេសជីវភាពប្រជាពលរដ្ឋ​។ លោកបន្តថា កន្លងទៅរដ្ឋាភិបាលប្រទេសទាំងអស់​នៅតាមដងទន្លេមេគង្គ​ គឺអាត្មានិយមគិតតែប្រយោជន៍រៀងៗខ្លួន លើគម្រោងអភិវឌ្ឍន៍វារីអគ្គីសនី។ លោកបញ្ជាក់ថា ពលរដ្ឋ​ចាំបាច់ត្រូវ​មានចំណេះដឹង និង ​ព័ត៌មានក្នុងដៃ ដើម្បី​ងាយ​ស្រួលទាមទារ​​ស្វែងរកដំណោះ​ស្រាយ​សមស្រប។  

តំណាងគណៈកម្មការទន្លេមេគង្គ អ្នកស្រី ង៉ោ ដុងហាយ (Nhu DoungHai) មានប្រសាសន៍ថាកន្លងទៅ គណៈកម្មការបានសិក្សាលំអិតពីបញ្ហានានាដែលកើតឡើងបណ្ដាលមកពីការសាងសង់ទំនប់វារីអគ្គីសនី បញ្ជូនទៅកាន់រដ្ឋាភិបាលនៃប្រទេសទាំងអស់។ ប៉ុន្តែ លោកថា អ្វីដែលសំខាន់គឺការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗក្នុងការផ្ដល់ព័ត៌មានជូនពលរដ្ឋ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា។

រដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់មេគង្គ សុទ្ធតែបានបង្ហាញមហិច្ឆតាដើម្បី​កសាងវារីអគ្គីសនី ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទំនប់វារីអគ្គីសនីនៅទន្លេមេគង្គលើ ដែលស្ថិតនៅប្រទេសចិនសរុប​មាន​ចំនួន៦ ដែលមានអានុភាព​អគ្គីសនីសរុប ១៥៦០០ម៉េហ្គាវ៉ាត់ ហើយគម្រោងមួយទៀតឈ្មោះ ហ្គាឡាន់បា (១៥៥ម៉េហ្គាវ៉ាត់) កំពុងសិក្សា។ ចំពោះទន្លេមេគង្គក្រោម​វិញ មាន​ទំនប់វារីអគ្គីសនីចំនួន៩នៅឡាវ ដែល​សរុបអានុភាពអគ្គីសនីប្រមាណ ​៨៧៨៩ម៉េហ្គាវ៉ាត់។

ចំណែកគម្រោង២ទៀត​​ដែលស្ថិតនៅក្នុងទន្លេមេគង្គប្រទេសកម្ពុជា គឺគម្រោង​វារីអគ្គីសនីស្ទឹងត្រែង និងគម្រោងទំនប់វារីអគ្គីសនីសំបូរ មានអានុភាព​អគ្គីសនី ​២៦០០​ម៉េហ្គាវ៉ាត់ ។ ​គម្រោង​ទាំងពីរនេះ មានក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប របស់​លោក គិត ម៉េង ជាអ្នកវិនិយោគ​ ដោយមានការចូលហ៊ុនជា​មួយក្រុមហ៊ុន​ចិន។​ ទោះយ៉ាងណាក្ដី គម្រោងទាំងពីររបស់កម្ពុជានេះមិនទាន់ទទួលការអនុម័តពីគណៈរដ្ឋមន្ត្រីនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ