អាជីវករ និងអតិថិជនមួយចំនួនបានលើកឡើងថា តម្លៃសាច់មាន់ និងសាច់ត្រីឡើងថ្លៃ៥ពាន់រៀលក្នុងមួយគីឡូក្រាម ក្រោយពីមានការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលឆ្លងពីប្រទេសវៀតណាមចូលដល់ទឹកដីកម្ពុជា។
អាជីវករលក់ត្រីនៅផ្សារដើមគ អ្នកស្រី ប្រាក់ សាវ៉េន បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ក្នុងអំឡុងពេលជាងកន្លះខែមកនេះ ធ្វើឲ្យគាត់លក់ដូរមិនសូវដាច់ដូចមុនៗទេ ក្រោយពីមានព័ត៌មានផ្សព្វផ្សាយថា កម្ពុជាមានជំងឺប៉េស្តជ្រូកអាហ្វ្រិក នាំឲ្យសាច់មាន់ និងសាច់ត្រី ឡើង៥ពាន់រៀលក្នុងមួយគីឡូក្រាម។
អ្នកស្រីរៀបរាប់ដូចនេះថា៖ «ពិបាកលក់ ត្រីវាថ្លៃពេក ត្រីកញ្ចុះលក់តែ២ម៉ឺន កាលពីមុនលក់តែ១៥០០០រៀលទេ ឥឡូវវាឡើង២០០០០រៀលហើយ ត្រីវាឡើងរហូត វាឡើងសុទ្ធតែ៤ ទៅ៥ពាន់រៀល បានមីងពិបាកលក់ ធ្លាប់លក់ត្រីកញ្ចុះបាន២០ ទៅ៣០គីឡូ ឥឡូវលក់បានតែ៥គីឡូ អត់សូវមានអ្នកញ៉ាំ គេរអ៊ូថាថ្លៃ ទិញមកវាថ្លៃ ចេះតែល្បីសាច់ជ្រូកលក់អត់បាន ត្រីចេះតែឡើងរហូត»។
អាជីវករមួយចំនួននៅផ្សារដើមគរ បានអះអាងនៅថ្ងៃពុធនេះថា កាលពីកម្ពុជាមិនទាន់មានជំងឹប៉េស្តជ្រូកអាហ្វ្រិកឆ្លងចូល គាត់លក់សាច់មាន់ និងសាច់ត្រី ក្នុងមួយថ្ងៃបាន៣០ ទៅ៤០គីឡូក្រាម។
អ្នកលក់ម្នាក់ទៀត អ្នកនាង ប៉ុល ធីលីដា បានរៀបរាប់ថា បច្ចុប្បន្ននេះ គាត់លក់បានប្រហែល២០គីឡូក្រាមក្នុងមួយថ្ងៃ។ អ្នកនាងអះអាងថា នៅពេលលក់ដូរមិនសូវដាច់បែបនេះ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារផងដែរ។
អ្នកនាងបញ្ជាក់ថា៖ «យើងត្រូវការបង់លុយធនាគារ ដល់ពេលលក់អត់សូវដាច់ចឹង យើងអត់មានថវិកាបង្វិលទេ វាស្ទះលុយច្រើន តាំងពីលុយធនាគារ លុយផ្ទះ គ្រួសារ ហើយលុយកន្លែងលក់ដូរ រកស៊ីយើងជួលកន្លែងគេដែរ»។
ចំណែកអ្នកទិញវិញ លោក ជឹង ប៊ុនថន បានលើកឡើងថា សាច់មាន់ និងសាច់ត្រីឡើងថ្លៃប្រហែលជា៥ពាន់រៀលក្នុងមួយគីឡូប្រាកដមែន។ ករណីនេះ លោកថា ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារមួយផ្នែក ដោយសារត្រូវចំណាយប្រាក់ច្រើនជាងចំណូលដែលទទួលបាន។
លោកមានប្រសាសន៍ថា៖ «ធម្មតាប្រាក់ខែបានត្រឹម១៧០ដុល្លារ ទៅ១៨០ដុល្លារទេ យើងចំណាយអស់ច្រើន ប៉ះពាល់ដូចជា ផ្គត់ផ្គង់កូន កូននៅបៅទឹកដោះគោ បើអ្នកមានកូននៅបៅទឹកដោះគោ ប៉ះពាល់ច្រើន ហើយថ្លៃផ្ទះជួល យើងត្រូវចំណាយច្រើន ចំណូលយើងបានតិច»។
អ្នកទិញម្នាក់ទៀត អ្នកស្រី គួក ចាន់ធូហៀប បានអំពាវនាវទៅរដ្ឋាភិបាលយកចិត្តទុកដាក់គិតគូរឡើងវិញ ធ្វើយ៉ាងណាឲ្យតម្លៃសាច់នៅកម្ពុជាស្ថិតនៅតម្លៃដើមវិញ ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមិនសូវមានជីវភាពធូធារ។
អ្នកស្រីអំពាវនាវដូចនេះថា៖ «ខាងរដ្ឋាភិបាលជួយទៅ សម្រួលទៅ ព្រោះអីអាណិតអ្នកអត់ ឲ្យគាត់ចុះទៅ ព្រោះអីអីវ៉ាន់នៅលើទីផ្សារ អាចយោគយល់បាន យោគយល់ខ្លះទៅ ប្រជាពលរដ្ឋមិនមែនរកបានទាំងអស់គ្នាទេ សុទ្ធតែអ្នកអត់ទាំងអស់គ្នាទេ រកឥឡូវមិនដូចពីមុនទេ រកឥឡូវតឹងណាស់ ដល់ពេលចាយស្រួលណាស់ រកមកពីរ ឬបីម៉ឺន មួយភ្លែតពីរ ឬបីម៉ឺនចាយមួយភ្លែតអស់ អត់គ្រាន់ទៀត ពីរ ឬបីម៉ឺនរៀលហ្នឹង»។
ក្នុងការពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ លោក ហ៊ុន សែន បានអំពាវនាវទៅប្រជាពលរដ្ឋយកគំរូតាមលោក បន្តហូបសាច់ជ្រូកឡើងវិញ ដោយកុំបារម្ភពីការប៉ះពាល់ដល់សុខភាព ពីព្រោះជ្រូកដែលលក់នៅលើទីផ្សារកម្ពុជាមានការត្រួតពិនិត្យត្រឹមត្រូវ ហើយមិនមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ។
លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋមិននាំគ្នាបន្តហូបសាច់ជ្រូកឡើងវិញទេ នឹងធ្វើឲ្យសាច់គោ និងសាច់ត្រីឡើងថ្លៃ ហើយនាំឲ្យទីផ្សារនៅកម្ពុជាមានបញ្ហាប្រឈមផងដែរ។
អ្នកប្រឹក្សាឯករាជ្យផ្នែកអភិបាលកិច្ច លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលដាក់ឲ្យមានការប្រកួតប្រជែងផ្នែកទីផ្សារសេរី។ ទោះជាបែបនេះក្តី លោកថា ដំណាក់កាលនេះ រដ្ឋាភិបាលគួរតែចេញមុខជួយសម្របសម្រួល ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចទីផ្សារលើចំនីអាហារនេះមានតម្លៃសមរម្យ ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់រដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋមួយភាគធំ គាត់រកចំណូលអត់បានច្រើន ប៉ុន្តែតម្លៃលើទីផ្សារចេះតែឡើងថ្លៃ ហើយគ្មានការអន្តរាគមន៍ទេ វាអាចមានភាពតានតឹងនៅក្នុងសង្គមដែរ ហើយបើទិដ្ឋភាពនយោបាយ វាអាច់ប៉ះពាល់ដល់ប្រជាប្រិយភាពនយោបាយរបស់បក្សដែលកំពុងកាន់អំណាច ដោយសារគាត់មិនអន្តរាគមន៍ គាត់មិនសម្របសម្រួលឲ្យមានសភាពការឡើងថ្លៃ ហើយនិងសភាពការនៃចំណូលបានតិចនោះ ឲ្យវាសមស្របនេះឯង ដូច្នេះ វាប៉ះពាល់ដល់បក្សដែលគ្រប់គ្រងអំណាច ដោយសារតែបណ្តោយឲ្យសភាពការទៅអញ្ចឹង»។
ករណីនេះ ក្រសួងកសិកម្ម តែងណែនាំទៅអាជ្ញាធរខេត្តទាំងនោះ ឲ្យចាត់វិធានការទប់ស្កាត់ជាបន្ទាន់ និងហាមមិនឱ្យចរាចរជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកពីកន្លែងផ្ទុះជំងឺទៅកាន់តំបន់ផ្សេងទៀត ជាដើម។
កាលពីថ្ងៃទី១១ ខែកក្កដា ក្រសួងអះអាងថា មានជ្រូកដែលឆ្លងជំងឺប៉េស្តនេះងាប់ និងត្រូវបានសម្លាប់មានជាង ២ពាន់ក្បាលហើយ ដែលក្នុងនោះជិត ៨រយក្បាល ត្រូវបានរដ្ឋាភិបាលយកទៅបំផ្លាញចោល ដែលតម្លៃខាតបង់ខ្ទង់ ៥០ម៉ឺនដុល្លារអាមេរិក៕









