កូរ៉េខាងជើង បាញ់បង្ហោះ​មីស៊ីល​​ពីរគ្រាប់​សំដៅ​ទៅសមុទ្រជប៉ុន​

លោក គីម ជុងអ៊ុន និងលោក ស៊ិនហ្ស៊ូ អេបេ។ រូបភាព៖ វេបសាយបរទេស

ប្រទេសកូរ៉េខាងជើង នៅព្រឹកនេះ បាន​បាញ់​បង្ហោះ​ជាថ្មី​នូវមីស៊ីលរយៈ​ចម្ងាយខ្លី​ពីរគ្រាប់​សំដៅ​ទៅសមុទ្រ​ជប៉ុន​។

សារព័ត៌មាន​ KN News ដែល​មាន​មូលដ្ឋាន​នៅកូរ៉េខាងត្បូង បានដកស្រង់សេចក្តីថ្លែងការណ៍របស់​អគ្គសេនាធិការចម្រុះ​របស់កូរ៉េខាងត្បូងមក​ចុះផ្សាយថា​ នៅព្រឹកព្រហាម​ថ្ងៃពុធនេះ ក្រុមយោធារបស់​ខ្លួនបាន​រកឃើញថា ​មីស៊ីលរយៈ​ចម្ងាយខ្លីចំនួន​ពីរគ្រាប់​ត្រូវបាន​បាញ់​បង្ហោះឡើងចេញ​ពីឆ្នេរ​របស់កូរ៉េខាងជើង។

ប្រភពដដែលឲ្យដឹងថា មីស៊ីលទាំងពីរនេះត្រូវបាន​បាញ់​ឡើងក្នុងកម្ពស់​៣០គីឡូម៉ែត្រ និងរយៈចម្ងាយប្រហែល​២៥០គីឡូម៉ែត្រ។ អគ្គសេនាធិការចម្រុះ​របស់កូរ៉េខាងត្បូង បាន​លើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា​ ការបាញ់បង្ហោះ​មីស៊ីលរបស់​កូរ៉េខាងជើងនេះ បាន​បំផ្លាញ​កិច្ចខិតខំប្រឹងប្រែងក្នុងការ​បន្ធូរបន្ថយភាពតានតឹងផ្នែក​យោធានៅឧបទ្វីបកូរ៉េ។ ជាមួយគ្នានេះ កូរ៉េខាងត្បូង បាន​អំពាវ​នាវឲ្យ​កូរ៉េខាងជើងបញ្ឈប់រាល់​ការបាញ់​បង្ហោះ​មីស៊ីល​​ជាបន្ទាន់​។

កាលពីថ្ងៃទី២៥ ខែកក្កដា កូរ៉េខាងជើង ក៏បានបាញ់​បង្ហោះ​មីស៊ីល​រយៈចម្ងាយ​ខ្លី​ចំនួន​ពីរគ្រាប់ផងដែរ។  

មន្រ្តីក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានប្រាប់​ទីភ្នាក់ងារ​សារព័ត៌មានរ៉យទ័រថា មីស៊ីល​ដែល​បាញ់នៅថ្ងៃ​ពុធនេះ អាចជាប្រភេទដូចគ្នានឹង​មីស៊ីល​ដែល​បាញ់បង្ហោះកាលពីសប្តាហ៍មុន។ ទោះយ៉ាងណា ក៏មន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងដដែលនេះ មិន​ទាន់​អាចបញ្ជាក់​លំអិតពីព័ត៌មានជុំវិញ​មីស៊ីល​ទាំងនោះទេ ដោយថា ​កំពុងធ្វើការ​លើបញ្ហានេះ។

នាយករដ្ឋមន្រ្តី​ជប៉ុន លោក Shinzo Abe បានអះអាង​ថា​ សកម្មភាព​បាញ់បង្ហោះ​មីស៊ីល​របស់​កូរ៉េខាងជើងនៅព្រឹក​នេះ មិនបាន​ប៉ះពាល់​ដល់សន្តិសុខជាតិខ្លួនឡើយ។ លោកបន្តថា​ ជប៉ុននៅតែបន្តធ្វើ​កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក​ និង​បណ្ដាប្រទេសផ្សេង​ៗទៀត។

ការបាញ់បង្ហោះមីស៊ីល​ពីសំណាក់កូរ៉េខាងជើង ធ្វើឡើងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​មុនពេល​ដែល​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ធ្វើសមយុទ្ធយោធា​ជាមួយគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ