មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងតួកគីបានចុះហត្ថលេខា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរការបណ្តុះបណ្តាលលើកម្លាំងការពារសន្តិសុខ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។
ពិធីនេះធ្វើឡើងនៅក្នុងឱកាសដែលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី។ នេះបើតាមហ្វេសប៊ុករបស់លោក ស ខេង។
កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងកម្ពុជា និងសាធារណរដ្ឋតួកគី ត្រូវបានចុះហត្ថលេខាដោយលោក ស ខេង និងលោក ស៊ូ ឡីមេន ( Suleyman Soylu) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី។
កិច្ចព្រមព្រៀងនេះធ្វើឡើងជាលើកទី១ រវាងប្រទេសទាំងពីរបន្ទាប់ពីទំនាក់ទំនងការទូតបានរយៈពេល៦០ឆ្នាំកន្លងទៅនេះ។ កម្ពុជា និងតួកគីក៏បានជជែកផ្តោតលើការបណ្តុះបណ្តាលនគរបាល មន្ត្រីឆ្មាំសមុទ្រ និងរួមទាំងកងរាជអាវុធហត្ថផងដែរ។