ប្រជាកសិករនៅខេត្តបាត់ដំបង បានស្នើទៅរដ្ឋាភិបាលឲ្យជួយផ្តល់ដើមទុន ឬផ្តល់កម្ចីអត្រាការប្រាក់ទាបបំផុតដល់ពួកគេ ខណៈដែលដំណាំស្រូវរបស់ពួកគាត់ កំពុងរងការខូចខាតដោយសារគ្រោះរាំងស្ងួត។
របាយការណ៍បច្ចុប្បន្នភាពរបស់អគ្គនាយកដា្ឋនកសិកម្ម នៃក្រសួងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីសប្ដាហ៍មុន បង្ហាញថាដំណាំស្រូវប្រមាណ ៦ម៉ឺនហិកតា ស្ថិតនៅស្រុកថ្មគោល ស្រុកបរវេល ស្រុកឯកភ្នំ ស្រុកមោងឫស្សី ស្រុកសង្កែ និងស្រុករុក្ខគិរី កំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតជាងគេ។
ប្រជាកសិករម្នាក់នៅថ្មគោល លោក ហឿន ហឿប ប្រាប់ វី.អូ.ឌី.ថា គ្រួសារលោកបានធ្វើស្រែលើផ្ទៃប្រហែល ៣០ហិកតា ប៉ុន្តែលោកថា ដោយសារគ្រោះរាំងស្ងួត ស្រូវរបស់គាត់ងាប់ និងស្វិតអស់ ដោយនៅសស់ប្រហែល ២ហិកតាប៉ុណ្ណោះ។
កសិកររូបនេះបន្តថា គាត់កំពុងតែបារម្ភពីការជំពាក់លុយធនាគារទ្វេដង ដោយសារតែគ្រួសារគាត់បានខ្ចីលុយពីធនាគារប្រហែល ៧៥០០ដុល្លារ ជាដើមទុនសម្រាប់បង្កបង្កើនផលនៅឆ្នាំនេះ។ លោក ហឿន ហឿប ចង់ឲ្យរដ្ឋាភិបាលជួយផ្តល់ដើមទុន ឬផ្តល់កម្ចីដល់ពួកគាត់ជាកសិករក្នុងអត្រាការប្រាក់ទាបសម្រាប់ធ្វើវគ្គក្រោយៗទៀត។
លោក ហឿន ហឿប បន្ថែមថា៖ «ចាំមើលប្រហែលតែ ៤ ទៅ ១០ថ្ងៃទៀត ប្រសិនជាមិនមានភ្លៀងធ្លាក់ទេ អាហ្នឹងវាចប់ហើយ [ដំណាំស្រូវខូចទាំងអស់]។ អីចឹង យើងចង់បានតែពូជយកមកធ្វើបន្តម្តងទៀត ហើយប្រសិនជារដ្ឋាភិបាលអាចឲ្យប្រជាកសិករខ្ចីលុយខ្លះ ដើម្បីទិញជី ទិញថ្នាំ និងអ្វីផ្សេងៗទៀតនោះ កាន់កាន់តែល្អ»។
មានប្រសាសន៍ប្រហាក់ប្រហែលគ្នា កសិករម្នាក់ទៀតនៅឃុំតាពូន ស្រុកថ្មគោល លោក អាន់ វី និយាយថា គ្រួសារគាត់បានខ្ចីលុយអ្នកជិតខាង និងធនាគារប្រហែល ១៥០០០ដុល្លារ ដើម្បីជួលដី ទិញជី ថ្នាំ និងជួលកម្មករឲ្យជួយស្រែជាង ៣០ហិកតា ប៉ុន្តែ ដោយសារគ្រោះរាំងស្ងួតស្រូវរបស់គាត់បានខូចអស់ ៨០ភាគរយហើយ។
កសិកររូបនេះ ឲ្យដឹងថា នៅតំបន់របស់គាត់មានប្រឡាយទឹក ប៉ុន្តែ ពុំមានទឹកសម្រាប់បូមបញ្ចូលស្រែនោះទេ ដោយសារភាពរាំងស្ងួតនេះ។ លោក អាន់ វី បន្តថា ជាដំណោះស្រាយ អាជ្ញាធរពាក់ព័ន្ធត្រូវជួយសម្រួសដោយធ្វើយ៉ាងណានាំទឹកចេញពីអាងកំពីងពួយក្នុងស្រុកបាណន់ ទម្លាក់ទៅតំបន់របស់ពួកគាត់បានប្រើប្រាស់ដូចតំបន់ផ្សេងៗដែរ។
លោកបន្ថែមថា៖ «សូមណោមពរទៅរដ្ឋាភិបាលធ្វើប្រឡាយឲ្យហើយសុំឲ្យមានទឹកផង ធ្វើការបែងចែកឲ្យបានគ្រប់គ្នាប្រើប្រាស់ផង កុំឲ្យមានទឹកកន្លែងណាធ្វើតែកន្លែងហ្នឹង។ ខ្ញុំចង់និយាយថា នៅតំបន់ខ្ញុំនៅវាអត់ទឹកមែន ប៉ុន្តែ នៅស្រុកបវេល នៅអាងកំពីងពួយអីវាមានទឹក អីចឹងសូមបើកបង្ហូរនេះផង ប៉ុន្តែ អាជ្ញាធរអ្នកកាន់ទឹកមិនព្រមបើកមកនេះសោះ»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈឹម វជិរា មិនទាន់ហ៊ានឆ្លើយពាក់ព័ន្ធនឹងការផ្តល់កម្ចីឲ្យដល់កសិករសម្រាប់ធ្វើដើមទុនបន្តនោះទេ ប៉ុន្តែ លោកស្នើទៅកសិករធ្វើស្ថិតអំពីផលប៉ះឲ្យបានច្បាស់លាស់ ដើម្បីស្នើសុំគោលការណ៍ពីរដ្ឋាភិបាលជួយដោះស្រាយ។
ប្រធានមន្ទីររូបនេះ អះអាងថា អាជ្ញាធរពាក់ព័ន្ធបានចែកគ្រប់ពូជ និងត្រៀមគ្រាប់ពូជរួចហើយសម្រាប់ចែកជូនកសិករណាដែលខ្វះខាត និងប្រឈប៉ះពាល់ខ្លាំង ប៉ុន្ត លោកថា ក្រោយមេឃភ្លៀងប៉ុន្មានមេចុងក្រោយនេះ បានរំដោះភាពរាំងស្ងួតបានមួយកម្រិតតធំដោយបញ្ហាផលប៉ះពាល់ដំណាំស្រូវជាង ៦ម៉ឺនហិកតានៅខេត្តបាត់ដំបងកន្លងមកនោះ ពេលនេះ គឺរំដោះបានប្រហែល ៤ម៉ឺនហិកតាហើយ នៅសល់ប្រហែល ២ម៉ឺនហិកតាទៀតប៉ុណ្ណោះកំពុងរងផលប៉ះពាល់។
លោកបន្ថែមថា៖ «នៅតំបន់មួយចំនួនទៀតដែលកំពុងរងផលប៉ះពាល់ យើងកំពុងឲ្យកសិករធ្វើស្ថិតិឲ្យបានជាក់លាក់ ថាកន្លែងតើណាដែលបានប៉ះពាល់ កន្លែងមានប្រភពទឹក កន្លែងក៏ណាវានៅតែបន្តប៉ះពាល់ដោយស្រងតួលេខជាក់ស្តែងដើម្បីយើងមានគោលការណ៍ទៅរដ្ឋាភិបាលស្នើសុំតាមរយៈលោកអភិបាលខេត្តនិងតាមរយៈគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ដើម្បីសុំគ្រាប់ពូជ និងសំភារៈផ្សេងៗទៀតជួយដល់កសិករដែលរងផល់ប៉ះពាល់»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានជំរុញទៅរដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាចំពោះមុខដែលកំពុងកើតឡើងនេះ ដូចជា ត្រៀមគ្រាប់ពូជសម្រាប់ចែកជូនដល់ប្រជាកសិករដោយឥតគិតថ្លៃ ការផ្តល់លុយកម្ចីដល់កសិករក្នុងអត្រាការប្រាក់ទាប និងដំណោះស្រាយរយៈពេលវែង ដូចជា រៀបចំគោលនយោបាយទឹក ឬប្រព័ន្ធធារាសាស្រ្តគ្រប់តំបន់ដែលពលរដ្ឋធ្វើកសិកម្ម។
លោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវផ្ដល់ឥណទានដល់កសិករខ្ចី សម្រាប់ធ្វើជាដើមទុនបន្តទៀត ដោយអត្រាការប្រាក់ទាបបំផុត ដោយប្រើប្រាស់ថវិកាជាតិ គឺវាអាចជួយសម្រាល់បន្ទុករបស់ពួកគាត់ ព្រោះថា ពេលដែលកសិករទៅខ្ចីក្រុមហ៊ុនឯកជន វាមានអត្រាការប្រាក់ខ្ពស់ពេក។ ហើយផែនការសម្រាប់រយៈពេលវែង រដ្ឋាភិបាលត្រូវតែរៀបចំស្តារប្រព័ន្ធប្រឡាយចាស់ៗដែលបន្សល់ទុកពីជំនាន់មុនហ្នឹង អាចនឹងផ្តល់ទឹកគ្រាប់គ្រាន់សម្រាប់កសិករប្រើប្រាស់បាន ប្រសិនរដ្ឋាភិបាលពុំមានលទ្ធភាពជីកប្រព័ន្ធថ្មីៗបន្ថែម»។
កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន ថ្លែងថា បច្ចុប្បន្ន ខេត្តដែលរាំងស្ងួតជាងគេ មានផ្នែកខ្លះនៃខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃុំ ស្វាយរៀង និងព្រៃវែង ដែលរងផលប៉ះពាល់ស្រូវសរុបប្រហែល ១៥ម៉ឺនហិកតា៕