បទយកការណ៍៖ គំនូរកម្លោចលើស្លឹកត្នោត បង្រៀនមនុស្សអំពីភាពអត់ធ្មត់ និងសេចក្តីព្យាយាម

វិចិត្រករ​រឿម ប៊ុនហាក់ កំពុងគូរគំនូរស្លឹកត្នោតកម្លោចនៅគេហដ្ឋាន​របស់​គាត់នា​ខេត្តសៀមរាប។ រូបភាព៖សូត្រ សុខប្រាថ្នា

គំនូរមានច្រើនប្រភេទ ដូចជាការគូរគំនូរដោយថ្នាំពណ៌ គំនូរប្រេង គំនូរបៀក គំនូរខ្សាច់ជាដើម។ គំនូរទាំងនោះមានលក្ខណៈពិសេសផ្សេងៗគ្នាទៅតាមការច្នៃ​ប្រឌិតរបស់វិចិត្រករនីមួយៗ។  

ដោយឡែកគំនូរមួយប្រភេទទៀត ដោយមានឈ្មោះថាគំនូរកម្លោចលើស្លឹកត្នោត ដែលរកឃើញដោយកូនខ្មែរ​ម្នាក់នាទឹកដីអង្គរ ក៏បានបង្ហាញពីភាពអស្ចារ្យ ដាច់ដោយឡែកផ្សេងពីគេ ពិសេសការប្រើ​ភ្លើងក្តៅ ទៅរោល​កម្លោចលើស្លឹកត្នោត ឱ្យចេញជារូបភាពផ្សេងៗ។ អត្ថន័យគំនូរកម្លោចនេះ ត្រូវបាន​ម្ចាស់ស្នាដៃអះអាងថា គឺ បង្រៀនមនុស្សពីរបៀបតាំងចិត្តឱ្យស្ងប់ អត់ធ្មត់ និងសេចក្តីព្យាយាមផងដែរ។

អង្គុយម្នាក់ឯងក្រោមរោងនៃសំយាបផ្ទះថ្មមួយកន្លែងក្នុងក្រុងសៀមរាប ដោយកំពុងផ្ចង់ទៅលើគំនូរនៅពីមុខរបស់ខ្លួន លោក រឿម ប៊ុនហាក់ បានរៀបរាប់ថា លោករកឃើញពីវិធីគូរគំនូរដោយប្រើភ្លើងនៅលើស្លឹកត្នោត​ តាំងពីឆ្នាំ២០០៧ ហើយលោកក៏បានដាក់ឈ្មោះស្នាដៃគំនូរនេះ ថាជាគំនូរកម្លោចលើស្លឹកត្នោត។

លោកពន្យល់ពីឈ្មោះស្នាដៃខ្លួន​​ដូច្នេះថា៖«ជាគំនូរកម្លោចលើស្លឹកត្នោត។ ហេតុផលដែលដាក់ឈ្មោះនេះ ដោយសារយើងយកស្លឹកត្នោតមកបិទលើក្តាបន្ទះរបស់យើងនេះ។ យើងយកបណ្តូលត្នោត ហើយយកដែក នៅក្នុងចង្ក្រាន្តដែលក្រហមនេះ យើងយកមកកម្លោច។ មានន័យថាបើវាអត់ឆេះខ្លោច អត់ក្តៅទេ វាអត់ចេញជារូបភាពទេ។ វាខុសពីយើងយកខ្មៅដៃទៅសរសេរលើហ្នឹង ប៉ុន្តែនេះយើងយកដែកក្តៅ ចេញភ្លើងហ្នឹងកម្លោច ហើយយើងយកអាភាពខ្លោចហ្នឹងទៅកែជារូបភាពដែលយើងចង់បានហ្នឹង»។

គូរបណ្តើរ ស្លាប់ចម្រៀងសម័យដើមបណ្តើរ លោក ប៊ុនហាក់ រៀបរាប់ទៀតថាក្នុងមួយថ្ងៃៗ លោកត្រូវចំណាយពេលប្រមាណ៨ទៅ១០ម៉ោង​អង្គុយលើកៅអី និងក្បែរចង្ក្រានភ្លើងក្តៅ ដើម្បីគូរគំនូរសម្រាប់​អតិថិជនដែលបញ្ជាទិញ ទៅតាមការចង់បានរបស់គេ។

លោកថាគំនូរទាំងនោះ មានដូចជាគំនូររូបមនុស្ស រូបប្រាសាទ រូបទេសភាពជីវិតលើទឹក រូបទេសភាពស្រុកស្រែជាដើម។

ដោយត្រូវទ្រាំនឹងកំដៅភ្លើង អង្គុយ និងសំឡឹងយូរៗក្នុងមួយថ្ងៃៗ ដោយទ្រាំការឈឺចង្កេះ ឈឺខ្នង ឈឺភ្នែក និងមានគំនិតច្នៃប្រឌិតលើរូបគំនូរជាដើមនោះ  ទើបវិចិត្រកររូបនេះថាគំនូរកម្លោចលើស្លឹកត្នោត​បានបង្រៀនដល់លោកនិងមនុស្សទូទៅអំពីភាពអត់ធ្មត់ ​និងសេចក្តីព្យាយាមនោះតែម្តង។ 

លោក បន្តថា៖ «ទី១វាបង្រៀនពីជីវិត នៃការសមាធិ អប់រំផ្លូវចិត្ត កុំឱ្យយើងក្រាវក្រោធ។ ទីពីរការព្យាយាមអត់ធ្មត់របស់យើង និងការផ្ចង់អារម្មណ៍អត់រវើរវាយច្រើន ហើយបង្ហាញពីភាពតាំងចិត្ត នឹងធ្វើវាដើម្បីឱ្យចេញជារូបភាពអ្វីមួយទៅបាននោះ គឺទាល់តែយើងមានឆន្ទៈដើម្បីធ្វើវា។ ការព្យាយាមអំណត់អត់ធ្មត់វានឹងបង្ហាញផលដែលយើងចង់បានមកវិញ»។

លោក រឿម ប៊ុនហាក់ បច្ចុប្បន្នមានវ័យជិត៤០ឆ្នាំ ដោយលោកចេះគូរគំនូរតាំងកុមារ ហើយនៅឆ្នាំ១៩៩៣លោកធ្លាប់​ទទួលបានពានរង្វាន់លេខ១ប្រចាំខេត្តសៀមរាបទៀតផង។ វិចិត្រកររូបនេះ ​ថាលោកចេះគូរគំនូរ​ប្រើថ្នាំពណ៌ គំនូរប្រើប្រេង និងចុងក្រោយលោកចេះច្នៃគូរគំនូរដោយប្រើភ្លើងផងដែរ។ 

ចាប់ផ្តើមគំនូរដោយប្រើភ្លើងនៅឆ្នាំ២០០៧ ហើយបន្តិចម្តងៗ ការងារនេះ ក៏ចេះតែជួយបង្រៀនលោកពីមួយថ្ងៃទៅមួយថ្ងៃ ដោយឆ្លងការលំបាករាប់មិនអស់។ ប៉ុន្តែស្នាដៃរបស់លោកក៏រីកសុះសាយពីមួយកន្លែងទៅមួយកន្លែង ហើយតម្លៃវិញដោយចាប់ផ្តើមពីការលក់គំនូរមួយផ្ទាំង៣ពាន់រៀល ក៏ចេះតែមានតម្លៃជាលំដាប់ រហូតដល់បច្ចុប្បន្នលោកអាចលក់ផ្ទាំងគំនូរធំមួយផ្ទាំង បានរហូតដល់៣រយដុល្លារផងដែរ។

លោកថា គំនូរទំហំ២០គុណ នឹង៣០សង់ទីម៉ែត្រ គឺលោកអាចគូរបានមួយថ្ងៃ៤ផ្ទាំង ហើយបើទំហំ៧០គុណនឹង១២០សង់ទីម៉ែត្រ គឺ លោកត្រូវចំណាយពេលពី៥ថ្ងៃ ទៅ ១សប្តាហ៍អាស្រ័យលើប្រភេទគំនូរ។

លោក ប៊ុនហាក់ ​លើកឡើងទៀតថា ផ្ទាំងគំនូររបស់លោកក៏ធ្លាប់បានយកទៅដាក់ដេញថ្លៃជាសាធារណៈជាច្រើនដង ដោយគំនូរខ្លះមានតម្លៃពី៧០០ដុល្លារ រហូតដល់ផ្ទាំងគំនូរខ្លះទៀតដាក់ដេញថ្លៃបានជិត២ម៉ឺនដុល្លារ ដោយថវិកាទាំងនោះលោកក៏បានផ្តល់ជូនទៅខាងកាកបាទក្រហម ព្រមទាំងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបទៀតផង។

អ្វីដែលពិសេសសម្រាប់វិចិត្រកររូបនេះ គឺ ស្នាដៃគំនូររបស់លោកត្រូវបានយកទៅថ្វាយព្រះមហាក្សត្រខ្មែរទតម្តងជាពីរដង ក្នុងឱកាសបុណ្យច្រត់ព្រះនង្គ័លកាលពីឆ្នាំ២០១៦ និង២០១៧ផងដែរ។

លោក បន្តថា៖ «ខ្ញុំមានអារម្មណ៍រំភើបព្រោះមិនដែលបានជួបព្រះកូណា សូម្បីតែស្រមៃ។ ហើយនៅថ្ងៃនោះ ដូចមានអារម្មណ៍មួយចង់យំបន្តិច ចង់អីបន្តិច ព្រោះរំភើបពេក ហើយព្រះកូណា យាងមកអីចឹង។ មុនដំបូងគេមិនឱ្យយើងចូលទេ ទាល់តែឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ លោកថាឯណាលោក រឿម ប៊ុនហាក់ អញ្ជើញចូលថ្វាយខ្លួនបង្ហាញព្រះកូណាបន្តិច។ ក្រោយមកព្រះកូណាក៏ព្រះអង្គបានយាងមកចាប់ដៃ ដូចរូបថតបងឯងឃើញ។ ព្រះអង្គមានការកោតសរសើរ ដោយប្រាប់ឱ្យយើងប្រឹង ពង្រឹងស្នាដៃរបស់យើងតទៅទៀត»។

ស្នាដៃគំនូរដោយប្រើភ្លើងកម្លោចលើស្លឹកត្នោត របស់លោករឿម ប៊ុនហាក់ ត្រូវបានខាងក្រសួងឧស្សាហ៍កម្មនិងសិប្បកម្ម ​ចុះបញ្ជីទទួលស្គាល់ជាកម្មសិទ្ធិបញ្ញាកាលពីឆ្នាំ២០១៦។

វិចិត្រករដដែលថា កន្លងមកមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក៏តែងទាក់ទងមកលោក​ ដើម្បីយកស្នាដៃរបស់ខ្លួន ទៅតាំងពិព័ណ៌ក្នុងពិធីសំខាន់ៗ ប៉ុន្តែលោកថាពេលខ្លះគាត់មិនមានសេសសល់ផ្ទាំងគំនូរនោះទេ ដោយអតិថិជនតែងជាវគ្មានសល់។

វិចិត្រកររូបនេះ បច្ចុប្បន្នគូរតែម្នាក់ឯង និងបានបង្ហាញមិត្តភក្តិបានម្នាក់ ដោយថាលោកគូរមិនទាន់ឱ្យភ្ញៀវនោះឡើយ។

អតិថិជនរស់នៅក្រុងសៀមរាបដែលធ្លាប់ទិញគំនូរកម្លោចលើស្លឹកត្នោតមួយរូប លោក រឿន សំនៀង កោតសរសើចំពោះស្នាដៃរបស់លោក ប៊ុនហាក់ ដោយថាជាស្នាដៃឯក និងកម្ររកបាន។ អ្នកគាំទ្រគំនូរកម្លោចលើស្លឹតត្នោតរូបនេះ មិនត្រឹមទិញផ្ទាំងគំនូរសម្រាប់ដាក់តាំងនៅផ្ទះរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងធ្លាប់បានទិញជូនមិត្តភក្តិបរទេសថែមទៀតផង។

លោក បន្តថា៖ «ឃើញថារូបហ្នឹងចេញមក គឺមានភាពប្លែក។ យើងនិយាយថាបើប្រភេទរូបដូចគ្នា ប៉ុន្តែបច្ចេកទេសគាត់គូរហ្នឹងចំឡែកខុសគេដែលយើងមិនដែលធ្លាប់ឃើញពីមុន។ បើយើងមើលទៅលើស្នាដៃគាត់គូរស្អាត រហូតដល់៨០ទៅ៩០ភាគរយ នៃប្រភេទរូបមួយៗដែលយើងចង់បាន។ យើងមើលទៅវាចំឡែក ដោយយើងមិននឹកស្មានថាមានបច្ចេកទេសគូរអីចឹង »។

ស្នាដៃគំនូរដោយប្រើភ្លើងរបស់លោក ប៊ុនហាក់ ត្រូវបានអតិថិជនជាវយកទៅរក្សាទុកនៅគេហដ្ឋាន នៅតាមសណ្ឋាគារ ប៊ូទិក ផ្ទះសំណាក់ ឬតាមភោជនីដ្ឋានជាដើម។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ យល់ឃើញថា​ស្នាដៃដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់កូនខ្មែរបែបនេះ មិនត្រឹមតែរដ្ឋទេដែលត្រូវយកចិត្តទុកដាក់និង ឱ្យតម្លៃនោះ។ ប៉ុន្តែពលរដ្ឋខ្មែរទូទៅក៏ត្រូវនាំគ្នាថែរក្សាស្នាដៃ និងលើកទឹកចិត្តដល់លោកប៊ុនហាក់ ព្រមទាំងមនុស្សផ្សេងទៀតដែលមានស្នាដៃកម្របែបនេះ។

លោកបន្តថា៖ «អ្វីដែលមិនអាចធ្វើឱ្យសាបសូន្យទៅបាន គឺមានតែសាធារណជន ពិសេសជាតិខ្មែររបស់យើងត្រូវមានគំនិតជាតិនិយមឱ្យបានខ្ពស់ ដើម្បីគាំទ្រនូវអ្វីដែលជាស្នាដៃខ្មែររកឃើញ»។

លោក រឿម ប៊ុនហាក់ អះអាងថាផែនការបន្តទៀតលោកនឹងពង្រីកស្នាដៃរបស់ខ្លួនឱ្យកាន់តែទូលំទូលាយទៅភ្ញៀវជាតិនិងអន្តរជាតិបន្ថែមទៀត ពិសេសមានបំណងចង់បណ្តុះបណ្តាលក្មេងជំនាន់ក្រោយឱ្យបានចេះកាន់តែច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ