ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃនេះ បានបោះឆ្នោតយល់ព្រមឱ្យលោក Patrick Murphy មកកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា មួយថ្ងៃក្រោយអ្នកនាំពាក្យរាជរដ្ឋាភិបាលរិះគន់មន្ត្រីទូតនៅកម្ពុជាថាធ្វើការទូតបែបមនុស្សព្រៃ។
កាលពីម្សិលមិញអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រតិកម្មទៅនឹងការលើកឡើងរបស់ស្ថានទូតអាមេរិកនៅកម្ពុជាដែលបានសរសេរនៅលើហ្វេសបុករិះគន់ការបោះឆ្នោត និងទាមទារឱ្យដោះលែងលោកកឹម សុខា ដោយថាមន្ត្រីទូតទាំងនោះធ្វើការទូតបែបមនុស្សព្រៃ មិនចេះធ្វើការទូតក្នុងសម័យសម័យទំនើប។
យោងតាមគេហទំព័រសភាជាតិអាមេរិក លោក Patrick Murphy ត្រូវបានជ្រើសតាំងនៅថ្ងៃទី១ សីហា ម៉ោងក្នុងស្រុកអាមេរិក ធ្វើជាឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា បន្ទាប់ពីចំណាយពេលជាង៧ខែដើម្បីធ្វើការពិចារណាសម្រេច។
កាលពីថ្ងៃទី១០ សីហា សេតវិមានសហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានស្នើតែងតាំងឧបការីរងនៃក្រសួងការបរទេស លោក Patrick Murphy ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា ដើម្បីជំនួសលោក William Heidt ដែលផុតអាណត្តិ។
លោក Murphy មានដើមកំណើតនៅរដ្ឋ Vermont សហរដ្ឋអាមេរិក ហើយលោកបានបម្រើការងារក្នុងវិស័យការទូតអស់រយៈពេលជាង ២៥ឆ្នាំមកហើយ។ ក្នុងអំឡុងពេលបម្រើការងារ លោកមានតួនាទីសំខាន់ៗមួយចំនួន ដូចជា ធ្វើជាឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ជាអនុប្រធានបេសកកម្ម និងភារធារីនៅស្ថានទូតនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីឆ្នាំ២០១៣ ដល់២០១៦ និងធ្វើជាអ្នកតំណាងស្ដីទីពិសេស និងជាអ្នកសម្របសម្រួលផ្នែកគោលនយោបាយនៅស្ថានទូតនៅប្រទេសភូមា ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៣ ជាដើម៕