បងប្រុសកីឡាការិនី ស៑ន សៀវម៉ី រិះគន់លទ្ធផលដណ្ដើមខ្សែក្រវាត់អន្តរជាតិ

គ្រូបង្វឹកកីឡាករប្រដាល់គុនខ្មែរម្នាក់រិះគន់គណកម្មការផ្ដល់ពិន្ទុ ដែលធ្វើឲ្យកូនសិស្សរបស់ខ្លួនចាញ់ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់អន្តរជាតិវគ្គផ្ដាច់ព្រ័ត្ររបស់ទូទស្សន៍អាស៊ីអាគ្នេយ៍កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ការប្រកួតដណ្ដើមខ្សែក្រវាត់អន្តរជាតិវគ្គផ្ដាច់ព្រ័ត្ររបស់ទូទស្សន៍អាស៊ីអាគ្នេយ៍ កាលពីល្ងាចថ្ងៃទី៣ សីហា ឆ្នាំ២០១៩ បានក្លាយជាព្រឹត្តិការណ៍កក្រើក និងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងស្រទាប់មហាជនដែលគាំទ្រប្រដាល់ ដោយសារក្រោយពេលប្រកាសឲ្យកីឡាករ Phat Ngam ជាម្ចាស់ខ្សែក្រវាត់  គឺផ្ទុះឡើងប្រតិកម្ម។ ក្នុងនោះគេឃើញបងប្រុសរបស់ ស៑ន សៀវម៉ី  បានបង្ហាញនូវការខកចិត្តជាងគេ។

អតីតកីឡាករតៃក្វាន់ដូ លោក ស៑ន អេលីត ដែលត្រូវគេស្គាល់ថាជាបងបង្កើតរបស់កីឡាការិនី ស៑ន សៀវម៉ី ដែលបានបញ្ចប់អាជីពចាស់ហើយមកបើកក្លិបប្រដាល់ឆ្មាសគុនខ្មែរ បានសរសេរបង្ហោះលើហ្វេសប៊ុកជាសាធារណៈថាលទ្ធផលការប្រកួតរវាងកូនសិស្សរបស់លោក និងកីឡាករថៃ នោះគួរឲ្យអស់សំណើច។

លោក អេលីត បានសរសេរបង្ហោះថា៖ «ថ្ងៃនេះខ្ញុំបានជួបរឿងដែលគួរឲ្យអស់សំណើចដល់ហើយ  អស់ទាំងសំណើចអស់ទាំងកម្លាំងកាយចិត្ត អស់ទាំងកម្លាំងចិត្ត។ គិតៗទៅមិនដឹងនិយាយអីទៀត ហើយបើនៅបន្តទៀត មិនបានអីមកវិញផង គួរឲ្យអាណិតគុនខ្មែរណាស់»។

          ប្រតិកម្មរបស់លោក អេលីត ត្រូវបានធ្វើឡើង ក្រោយពីកីឡាករ សុខ សាវិន ជាកូនសិស្សរបស់លោក ឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្តនៅក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិជាមួយកីឡាករថៃ ដោយលោកមើលឃើញថាកូនសិស្សលោកសមនឹងបានខ្សែក្រវាត់ ប៉ុន្តែកីឡាករថៃបែជាឈ្នះទៅវិញ។ លោកបានថ្លែនៅក្រោយសង្វៀនបន្ថែមថា កូនសិស្សរបស់លោកមិនត្រឹមតែវាយឲ្យថៃបែករយះប៉ុណ្ណោះទេ ប៉ុន្តែនៅទឹកទី៥ ក៍វាយឲ្យកីឡាករថៃស្ទើរតែសន្លប់ឈរផងដែរ។ ទើបលោកខកចិត្ត ដែលលោកមើលឃើញថាសិស្សនឹងឈ្នះទៅហើយ បែរជាថៃត្រូវគេប្រកាសថាឈ្នះទៅវិញ។

លោក អេលីត បន្ថែមថា៖​​ «កូនសិស្សខ្ញុំសមនឹងឈ្នះ ដល់ពេលគេឲ្យចាញ់ចឹង ខ្ញុំអត់មានកម្លាំងចិត្តទេ។ សូម្បីតែការបញ្ចេញយោបល់ ក៍អត់ដឹងនិយាយស្អីដែរ តែខ្ញុំចង់ប្រាប់ថា នឹងហើយដែលធ្វើឲ្យគុនខ្មែរទៅមុខមិនរួច»។

 អ្នកឲ្យទឹកមួយរូបទៀត ដែលប្រតិកម្មជាមួយលោកអេលីត បាននិយាយថាហេតុផលដែលកូនសិស្សរបស់លោកមិនត្រូវបានគេឲ្យឈ្នះ គឺដោយសារតែប្រធានក្លិបប្រដាល់ និងគ្រូបង្វឹកមួយចំនួន ដែលមានឈ្មោះជាគណកម្មការផ្ដល់ពិន្ទុ មិនចង់ឲ្យកីឡាករក្នុងក្លិបឆ្មាស ឈ្នះព្រោះតែភាពច្រណែន។

លោក រាជ សូផែន ប្រធានក្រុមប្រឹក្សាវិន័យ ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងបញ្ជាក់ថា បើទោះសុខ សាវិន វាយបានល្អនៅទឹកទី៤ និងទឹកទី៥ ប៉ុន្តែសាច់វ៉ៃក្នុងការប្រកួតទាំង៥ទឹក គឺកីឡាករថៃ Phat Ngam ល្អជាង ទើបគណកម្មការមិនអាចឲ្យខ្មែរឈ្នះបាន។  លោកថាគណកម្មការមិនអាចហេតុផលជាតិសាសន៍ឯង ហើយធ្វើអោយមានការរិះគន់ពីរឿងយិតយោងបក្សពួក ហើយធ្វើអោយបាត់ទំនុកចិត្តពីអ្នកទស្សនាបានឡើយ។

លោក សូផែន ​និយាយថា៖​«ដ្បិតតែអ្នកផ្ដល់ពិន្ទុជាអ្នកកំណត់ពិន្ទុ ប៉ុន្តែក្នុងនាមខ្ញុំជាប្រធានគណកម្មការផ្ដល់ពិន្ទុមួយរូប ខ្ញុំក៍ត្រួតពិនិត្យដែរថា ពិន្ទុដែលចៅក្រមម្នាក់ៗផ្ដល់ឲ្យសុក្រឹត ឬ មិនសុក្រឹត។ ហើយខ្ញុំឃើញថា ពិន្ទុដែលឲ្យកីឡាករថៃឈ្នះវាត្រឹមត្រូវ ទើបខ្ញុំឯកភាពឲ្យប្រកាស»។

លោក​ សូផែន បន្ថែមថា៖​​«ដ្បិតតែ សុខ សាវិន វាយកែងបានល្អ រហូតកីឡាករថៃបែករយះ ប៉ុន្តែសម្រាប់ឱកាសវាយត្រូវបានល្អ ហើយចំគោលដៅ គឺថៃឯណោះទេដែលសមឈ្នះដាច់»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ