សកម្មជនព្រៃឈើ លោក អ៊ួច ឡេង បានស្នើទៅក្រុមបង្ក្រាបបទល្មើសព្រៃឈើរបស់រដ្ឋាភិបាល ឲ្យចុះពិនិត្យ និងស៊ើបអង្កេតទៅលើក្រុមហ៊ុនចំនួន ២ ដែលលោកអះអាងថា ក្រុមហ៊ុនទាំងនោះ ជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅតំបន់ការពារព្រៃឡង់។
សកម្មជនព្រៃឈើរូបនេះ បានអំពាវនាវបែបនេះ ចំពេលដែលគណៈកម្មាធិការបង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិរបស់រដ្ឋាភិបាល ដែលដឹកនាំដោយមេបញ្ជាការកងរាជអាវុធ លោក សៅ សុខា នោះ បានចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ នៅក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើរបស់ខ្លួននៅតំបន់ឦសានប្រទេសកម្ពុជាចាប់តាំងពីដើមខែកក្កដាកន្លងមកនេះ។
ប្រាប់វីអូឌីតាមបណ្ដាញសង្គម WhatsApp នៅថ្ងៃនេះ លោក អ៊ួច ឡេង ដែលជាជយលាភីពានវីរជនបរិស្ថាន Goldman Prize បានសាទរ និងកោតសរសើរចំពោះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើរបស់សមត្ថកិច្ចរដ្ឋាភិបាលក្នុងរយៈពេលជាង ១ខែកន្លងមកនេះ ប៉ុន្តែ លោកក៏ស្នើឲ្យមានការស៊ើបអង្កេតបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងផងដែរ។
លោក អ៊ួច ឡេង ប្រាប់ថា៖ «ដើម្បីបញ្ជាក់ជំហរបែបនេះឲ្យកាន់តែច្បាស់លាស់ពិតប្រាកដថែមទៀតនោះ ខ្ញុំសូមអំពាវនាវទៅគណៈកម្មការថ្នាក់ជាតិ មេត្តាទៅត្រួតពិនិត្យរោងចក្រអារឈើអង្គរផ្លាវូត អតីតក្រុមហ៊ុនកូរ៉េឈ្មោះ Think Biotech (Cambodia) Co., Ltd មានទីតាំងនៅក្នុងព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែងផង»។
សកម្មជនព្រៃឈើរូបនេះ បានអះអាងទៀតថា ក្រុមហ៊ុនទាំងពីរនេះ បានកាប់បំផ្លាញដើមជ័រច្បោះរបស់សហគមន៍តាំងពីឆ្នាំ២០១១មកម៉្លេះ ហើយក្រសួងបរិស្ថានក៏បានបញ្ជាទៅក្រុមហ៊ុនទាំងពីរនេះ សងការខូចខាតទៅដល់សហគមន៍ព្រៃឡង់នៅខេត្តស្ទឹងត្រែងផងដែរ។
លោក អ៊ួច ឡេង បានអះអាងថា លោកបានរកឃើញថា ក្រុមហ៊ុនទាំងពីរនេះ បានធ្វើសកម្មភាពកាប់ឈើនៅក្នុងដែនអភិរក្សព្រៃឡង់ ចាប់តាំងពីខែមករាដើមឆ្នាំនេះ។
បញ្ជីរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា ក្រុមហ៊ុន Angkor Plywood ត្រូវបានចុះបញ្ជីអាជីវកម្មនៅក្រសួងនៅក្នុងខែមិថុនា ឆ្នាំ២០១១ ហើយក្រុមហ៊ុន Think Biotech ត្រូវបានចុះបញ្ជីអាជីវកម្មនៅក្រសួងនៅខែមីនា ក្នុងឆ្នាំ២០១៣។
បញ្ជីរបស់ក្រសួងបង្ហាញទៀតថា ក្រុមហ៊ុន Angkor Plywood ត្រូវបានចុះបញ្ជីក្រោមការគ្រប់គ្រងដោយមនុស្ស ៣នាក់ មានអ្នកស្រី ជា សង់ធីតា (Chea SANKTHIDA)ជាសហនាយកគ្រប់គ្រងរួមគ្នាជាមួយបុរសជនជាតិចិន លោក លូ ជូចាង (Lu CHU-CHANG) ហើយស្ថិតក្រោមប្រធានក្រុមប្រឹក្សាភិបាល លោក ជា ពៅ (Chea Pov)។
ស្ត្រីម្នាក់ដែលប្រាប់ថាឈ្មោះ ទិត ស៊ីណាត ហើយធ្វើការជាប្រធានផ្នែកលក់នៅក្រុមហ៊ុន Angkor Plywood បានបដិសេធចំពោះការចោទប្រកាន់ខាងលើ ហើយអះអាងថា ក្រុមហ៊ុនអ្នកស្រីទទួលទិញឈើកៅស៊ូ និងដើមគ យកមកកែច្នៃជាគ្រឿងសង្ហារឹមតែប៉ុណ្ណោះ។
អ្នកស្រី ស៊ីណាត ក៏បានអះអាងផងដែរថា ក្រុមហ៊ុនអ្នកស្រីមានរោងចក្រសិប្បកម្មស្ថិតនៅជិតភ្នំប្រុសភ្នំស្រី នៅក្នុងខេត្តកំពង់ចាម ហើយគ្មានរោងចក្រកែច្នៃស្ថិតនៅតំបន់ព្រៃឡង់នោះឡើយ។
អ្នកស្រី ស៊ីណាត ប្រាប់ថា៖ «ពួកខ្ញុំអត់ដឹងអីផង។ និយាយទៅពួកខ្ញុំដឹងថា ពួកខ្ញុំទិញតែឈើកៅស៊ូ ហើយឈើគ។ ប្រភេទឈើស្រុក ឈើគ ឈើកៅស៊ូ យកមកក្រឡឹងធ្វើកុងផ្លាកេ។ ពួកខ្ញុំអត់មានហេ។ ពួកខ្ញុំ Angkor Plywood អីចឹង ពួកគេខ្ញុំទិញតែផលិតផលក្នុងស្រុកនេះធ្វើជាក្ដារបន្ទះទេ»។
អ្នកស្រី ស៊ីណាត បានឲ្យដឹងថា ក្រុមហ៊ុន Angkor Plywood ស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកស្រី ជា សង់ធីតា និងលោក Lu Chu-Chang ដែលជាបុរសជនជាតិចិនតៃវ៉ាន់។
នៅស្វែងរកកិច្ចសម្ភាសជាមួយនាយកគ្រប់គ្រងទាំងពីររូបនេះ អ្នកស្រី ស៊ីណាត អះអាងថា អ្នកស្រី ជា សង់ធីតា បានចេញទៅព្យាបាលភ្នែកនៅឯក្រៅប្រទេស ខណៈដែលលោក លូ ជូចាង ក៏ស្ថិតក្នុងដំណើរទៅក្រៅប្រទេសផងដែរ។
ឈ្មោះអ្នកស្រី ជា សង់ធីតា និងលោក លូ ជូចាង ក៏ត្រូវបានរកឃើញថា ជានាយិកា និងនាយកក្រុមហ៊ុន Think Biotech (Cambodia) Co., Ltd ដែលគ្រប់គ្រងរួមគ្នាជាមួយជនជាតិកូរ៉េ ២រូបផងដែរ ប៉ុន្តែ អ្នកស្រី ស៊ីណាត ប្រាប់ថា គាត់មិនស្គាល់ក្រុមហ៊ុន Think Biotech នោះឡើយ។
វីអូឌីក៏បានស្វែងរកការបកស្រាយពីតំណាងក្រុមហ៊ុន Think Biotech ផងដែរតាមរយៈលេខទូរស័ព្ទដែលត្រូវបានប្រើសម្រាប់ចុះបញ្ជីអាជីវកម្មក្រុមហ៊ុននៅឯក្រសួងពាណិជ្ជកម្មនោះ ប៉ុន្តែ បុរសម្នាក់ដែលបានទទួលទូរស័ព្ទនោះ បានប្រាប់ថា លេខទូរស័ព្ទនោះ ប្រើប្រាស់ដោយសពបងប្រុសរបស់លោកដែលធ្លាប់បម្រើនៅក្រុមហ៊ុននេះ។
អ្នកនាំពាក្យគណៈកម្មាធិការបង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិ លោក អេង ហ៊ី បានជំរុញទៅសកម្មជនការពារព្រៃឈើ ឲ្យដាក់ពាក្យបណ្ដឹងទៅកងកម្លាំងអាវុធហត្ថខេត្តក្រចេះ ដើម្បីចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសព្រៃឈើ ខណៈដែលលោកថា កម្លាំងអាវុធចុះបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេស។
លោក អេង ហ៊ី ប្រាប់តាមទូរស័ព្ទថា៖ «យើងបង្ក្រាបគ្រប់កន្លែងហ្នឹង ព្រោះអាជ្ញាធរគេធ្វើហើយតើ! […] សូមសកម្មជនជួយសហការ សូមទំនាក់ទំនងទៅអាវុធហត្ថខេត្តក្រចេះ ដើម្បីឲ្យគាត់ចូលទីតាំងហ្នឹង ដើម្បីត្រួតពិនិត្យមើល។ សូមឲ្យគាត់ទៅកន្លែងអាវុធហត្ថខេត្តក្រចេះ ហើយដាក់ពាក្យប្ដឹងហ្នឹងហើយ ឲ្យគាត់តេមកខ្ញុំ»។
យ៉ាងហោចណាស់មនុស្ស ៩នាក់ហើយ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅភាគឦសានប្រទេសកម្ពុជា ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល និងកូកន ជនជាតិចិន ៣នាក់ និងមន្ត្រីរដ្ឋបាលព្រៃឈើ ២រូប ខណៈដែលមនុស្សជាច្រើនទៀត ត្រូវបានកោះហៅទៅសាកសួរចាប់តាំងពីប្រតិបត្តិបង្ក្រាបចាប់ផ្ដើមកាលពីដើមខែកក្កដាមក៕