ក្រុមអ្នកច្បាប់ហុងកុងរួមមានមេធាវី និងព្រះរាជអាជ្ញាដែលមានមនសិការ បានតវ៉ាជំរុញឱ្យរដ្ឋាភិបាលរក្សាជំហរឯករាជ្យ ដោយសារបារម្ភខ្លាចបាត់បង់យុត្តិធម៌សង្គមពលរដ្ឋទទួលការកាត់ទោសមិនត្រឹមត្រូវ។
នៅព្រឹកថ្ងៃពុធនេះក្រុមមេធាវីស្លៀកពាក់ខ្មៅប្រមូលផ្តុំនៅតុលាការកំពូល ហើយដើរកាត់កម្តៅថ្ងៃឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌។
ក្រុមអ្នកច្បាប់ដែលមានវិជ្ជាជីវៈកម្រនឹងចេញមុខតវ៉ាជាសាធារណៈដើម្បីគាំទ្រ ឬ ប្រឆាំងក្រុមណាមួយណាស់ ប៉ុន្តែនៅហុងកុងក្រុមមេធាវីចេញមុខតវ៉ាពីរលើកហើយគិតចាប់ពីដើមខែមិថុនាម្តង និងនៅថ្ងៃពុធទី៨ខែសីហានេះម្តងទៀត។
ការតវ៉ារបស់ក្រុមមេធាវីគឺមិនទទួលយកច្បាប់ធ្វើបត្យាប័ន និងទាមទារឱ្យរដ្ឋាភិបាលមានចំណាត់ការលើក្រុមដែលចេញមុខតវ៉ា ត្រូវធ្វើឡើងដោយឯករាជ្យមិនរងឥទ្ធិពលពីអំណាចចិនប៉េកាំង។
ចាប់តាំងពីបាតុកម្មផ្ទុះឡើងនៅហុងកុងកាលពីដើមខែមិថុនាមក បាតុករជាង៥០០នាក់ហើយត្រូវចាប់ខ្លួន ហើយក្នុងចំណោមនោះប្រឈមពីបទចោទកុប្បកម្មដែលអាចជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
ស្ត្រីជាមេធាវីម្នាក់ដែលចូលរួមតវ៉ានៅថ្ងៃនេះថ្លែងប្រាប់សារព័ត៌មានChannel News Asia ថា« យើងនឹងធ្វើឱ្យរដ្ឋាភិបាលដឹងថា អ្វីជាផ្នែកច្បាប់ យើងមិនអនុញ្ញាតឱ្យប្រព័ន្ធយុត្តិធម៌ឯករាជ្យរបស់យើងច្របូកច្របល់ ឬ រងសម្ពាធនយោបាយពីរដ្ឋអំណាចចិននោះទេ។»
មេធាវីល្បីឈ្មោះម្នាក់Kevin Yam ថ្លែងថា« យើងត្រូវការយុត្តិធម៌សម្រាប់អ្នកទាំងអស់គ្នាស្របទៅតាមច្បាប់ យើងមិនចង់ឃើញយុវជនដ៏ល្អរបស់យើងត្រូវបានចាប់ខ្លួន និងកាត់ទោសនោះទេ។យើងនៅតែទាមទារឱ្យប្រទេសត្រូវគ្រប់គ្រងទៅដោយច្បាប់ និង ទាមទារឱ្យមានយុត្តិធម៌សង្គម។»
ទន្ទឹមនឹងការចេញមុខប្រមូលផ្តុំជាសាធារណៈជាលើកទី២របស់ក្រុមមេធាវីនេះ ក្រុមព្រះរាជអាជ្ញាជាអ្នកតំណាងឱ្យក្រុមការពារផលប្រយោជន៍សាធារណៈក៏បានចេញលិខិតចំហមួយ ដោយចោទរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកស្រី Teresa Chengថា កំពុងតែដាក់នយោបាយនៅលើប្រព័ន្ធច្បាប់នៅហុងកុង។
ក្រុមមេធាវីដែលចេញមុខតវ៉ាបញ្ជាក់ថា
ពួកគេមិនទទួលយកប្រព័ន្ធច្បាប់របស់ចិនដីគោកទេ ព្រោះថា នៅក្នុងសវនាការ
មេធាវីមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការការពារកូនក្តីទេ
ដូច្នេះពលរដ្ឋហុងកុងនឹងទទួលរងភាពអយុត្តិធម៌។
ពលរដ្ឋហុងកុងរាប់លាននាក់ពិសេសយុវជនចេញមុខតវ៉ាប្រឆាំងច្បាប់ធ្វើបត្យាប័ន
និងសកម្មភាពនានាដែលរដ្ឋអំណាចចិនប្រើឥទ្ធិពលលើការសម្រេចរបស់រដ្ឋបាលហុងកុង។
បើទោះជាសកម្មភាពក្រុមអ្នកច្បាប់ប្រមូលផ្តុំតវ៉ាជាសាធារណៈជារឿងកម្រក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍ប្រឆាំងច្បាប់ធ្វើបត្យាប័នជាផ្លូវការដំបូងគេនៅហុងកុងគឺចាប់ផ្តើមដោយពួកក្រុមមេធាវីប្រមាណ៣០០០ទៅ៤០០០នាក់ដើរជាក្បួនដោយស្ងប់ស្ងាត់ កាលពីថ្ងៃទី៨ខែមិថុនា បន្ទាប់មកទើបក្រុមយុវជនចេញធ្វើសកម្មភាព ហើយក៏រាលដាលដល់សាធារណជននៅក្នុងដែនដីមួយនេះ។