យុវជនជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលបញ្ចូលភាសាជនជាតិដើមភាគតិចក្នុងកម្មវិធីអប់រំជាតិ

យុវជនជនជាតិដើមភាគតិច ធ្វើយុទ្ធនាការឱ្យដាក់ភាសាពួកគេក្នុងប្រព័ន្ធអប់រំ (រូបភាពពី សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA) )

ក្រុមយុវជនជនជាតិដើមភាគតិចអំពាវនាវដល់រដ្ឋាភិបាលឲ្យដាក់បញ្ចូលកម្មវិធីសិក្សាភាសាជនជាតិដើមភាគតិចក្នុងកម្មវិធិសិក្សានៃប្រព័ន្ធអប់រំជាតិកម្រិតមត្តេយ្យនិងបឋម។

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ដែលហៅកាត់ថា (CIYA)​​​ និង សហគន៍ជនជាតិដើមភាគតិចផ្សេងៗនៅថ្ងៃនេះបានរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៥ និងលើកទី១៥នៅប្រទេសកម្ពុជា ក្រោមប្រធានបទភាសាជនជាតិដើមភាគតិច។ សមាគមននេះបានស្នើដល់រដ្ឋាភិលបានដាក់បញ្ចូលកម្មវិធីភាសាជនជាតិដើមភាគតិចក្នុងកម្មវិធីសិក្សាសាលារដ្ឋដើម្បីឲ្យពួកគេមានឱកាសរៀននិងអភិរក្សភាសារបស់ខ្លួន។

លោក នុន សុគន្ធា ជនជាតិគ្រឹង និងជាប្រធានសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា(CIYA) បានឱ្យដឹងថាភាសាជនជាតិដើមភាគតិចអាចប្រឈមនឹងការបាត់បង់បណ្តើរៗ ជាពិសេសភាសានិយាយប្រចាំថ្ងៃ និងពាក្យពេចន៍មួយចំនួន បើសិនជាគ្មានការយកចិត្តទុកដាក់រៀបចំការបង្រៀនជាពីរភាសានៅគ្រប់តំបន់ជនជាតិដើមភាគតិច។ 

លោក នុន សុគន្ធា ថ្លែងថា៖ ‍​ ‍​‍​«ប្រសិនបើមិនមានការយកចិត្តទុកដាក់ឡើងវិញ អាចថាពីរ ទៅបីជំនាន់ទៀត វានឹងធ្វើឱ្យមានការថយចុះនៃការប្រើប្រាស់ភាសា ឬក៏បាត់ពាក្យណាមួយ ផ្នែកណាមួយនៃភាសា(ជនជាតិដើមភាគតិច) »។

ជុំវិញការនឹងការធ្លាក់ចុះនៃការប្រើប្រាស់ភាសាជនជាតិដើមភាគតិចនេះ និស្សិតឆ្នាំទី៣ជំនាញភាសាអង់គ្លេស ឈ្មោះអាង ប៊ុនគឺត ជនជាតិដើមភាគតិចកាចក់មកពីខេត្តនៅខេត្តរតនគិរីបាន​ប្រាប់ថា ភាសាដើមរបស់ពួកគេគឺចេះចាំតគ្នាមកពីឪពុកម្តាយ។​ លោកថានៅក្នុងភូមិរបស់គាត់គឺពុំមានបង្រៀនភាសាដើមជនជាតិភាគតិចឡើយ។

លោក អាង ប៊ុនគឺត បាននិយាយថា៖ ‍​«ដោយសារភាសាហ្នឹង[កាចាក់] គ្មានអ្នកកត់ត្រាទុកជាលាយលក្សអក្សរទេ មានតែភាសានិយាយ តែគ្មានភាសាសរសេរ»

គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិចចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០០៩ ដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងជំពូកទី២ ចំណុច២,៣ បានសរសេរថា រដ្ឋបានរៀបចំឡើងកម្មវិធីអប់រំមានលក្ខណៈជាអក្ខរកម្ម នឹងត្រូវកំណត់ជាភាសាខ្មែរ និងភាសាជនជាតិដើមភាគតិច យ៉ាងច្រើនត្រឹមថ្នាក់ទី៤ ដើម្បីផ្តល់ឱកាសឱ្យបងប្អូនជនជាតិដើមភាគតិចបានចូលរៀនសូត្រ។

ពាក់ព័ន្ធនឹងសំណើសុំបញ្ជូលភាសាជនជាតិដើមភាគតិចទៅក្នុងប្រព័ន្ធអប់រំជាតិ កម្រិតថ្នាក់មត្តេយ្យនិងបឋមនៅតាមតំបន់ជនជាតិដើមភាគតិច លោក ចាន់ ដារ៉ុង ជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងតាមរយៈបណ្តាញសង្គម Telegram ថា ភាសារបស់ជនជាតិដើមភាគតិចមានច្រើនខុសៗគ្នា ដូច្នេះហើយប្រហែលជាមានការលំបាកក្នុងការរៀបចំ និងបញ្ជូលទៅក្នុងប្រព័ន្ធអប់រំជាតិតែមួយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា អាចពិនិត្យ ពិចារណា និងសិក្សាពីប្រសិទ្ធិភាពនិងលទ្ធភាពលើសំណើខាងលើនេះ។

លោក ចាន់ ដារ៉ុង មានប្រសាសន៏ថា៖ «ចំពោះករណីនេះ ខ្ញុំយល់ឃើញថាភាសារបស់ជនជាតិដើមភាគតិចមានច្រើនខុសៗគ្នា ដែលមានច្រើនជាងម្ភៃ ដូច្នេះប្រហែលជាមានការលំបាកក្នុងការរៀបចំនិងបញ្ចូលក្នុងប្រព័ន្ធអប់រំជាតិតែមួយ»។

អ្នកនាំពាក្យក្រសួងអប់រំ លោករស់ សុវាចា បានឱ្យដឹងថា ក្រសួងនឹងពិនិត្យនូវសំណើរបស់សមាគមយុវជនជនជាតិដើមភាគតិចចំពោះការដាក់បញ្ចូលភាសានេះ។ លោកបន្ថែមថា កន្លងមកក្រសួងអប់រំបានយកចិត្តទុកដាក់និងជួយលើកតម្កើងភាសារបស់ជនជាតិដើមភាគតិចតាមរយៈការពង្រឹងយន្តការអប់រំពហុភាសាដែលធ្លាប់ធ្វើពីមុនមក។​

លោក  រស់ សុវាចា បានថ្លែងថា៖ «ថ្នាក់ដឹកនាំក្រសួងនឹងពិនិត្យមើលតាមលទ្ធភាពជាក់ស្តែង កាលណាបើសំណើជាផ្លូវការនោះធ្លាក់ដល់ដៃក្រសួងអប់រំ យុវជន និងកីឡា»។

លោក នុន សុគន្ធា បានបន្ថែមថា ក្រុមការងាររបស់លោកនឹងដាក់សំណើជូនក្រសួងអប់រំ បន្ទាប់ពីបញ្ចប់ទិវាអន្តរជាតិជនជានដើមភាគតិច។

​របាយការណ៍របស់អង្គការសមាគមខ្មែរលើ-រតនគិរី កាលពីឆ្នាំ២០១៨ ឲ្យដឹងថា ជនជាតិដើមភាគតិចមានចំនួន២សែននាក់ និងមាន២៤ក្រុម​ កំពុង​រស់នៅក្នុង​១៥ខេត្ត ក្រុង និង៣៦ស្រុក រួមទាំង១៣១ឃុំ-សង្កាត់​ នៃ​ប្រទេសកម្ពុជា។​

របាយការណ៍ដដែលបញ្ជាក់ថា បច្ចុប្បន្ននេះ ជនជាតិដើមភាគតិចទាំងនោះបានបង្កើតជាសហគមន៍ចំនួន៥០៣ និងមានអ្នកចូលរួម​៤៥០០០គ្រួសារ​ ក្នុងនោះមានជនជាតិ ទំពួន ចារ៉ាយ គ្រឹង ព្រៅ កាវ៉ែត លុន កាចក់ និងជនជាតិពូនង(ព្នង)ជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ