វៀតណាមប្រឈមទណ្ឌកម្មពន្ធរបស់អាមេរិកបន្ទាប់ពីចិន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ

វៀតណាមប្រឈមការទទួលទណ្ឌកម្មនៃការដំឡើងពន្ធនដូចចិនដោយអាមេរិកចោទថា ទំនិញនាំចូលពីវៀតណាមមានបន្លំផលិតផលចិន និងនាំចូលទៅអាមេរិកច្រើនលើសកិច្ចព្រមព្រៀង។

សហរដ្ឋអាមេរិក​រកឃើញថា ក្រុមហ៊ុនធំៗចំនួន២គឺ Foxconn Technology Group និង Samsungទើបចាប់ផ្តើមដំណើរការរយៈពេល៣ខែនៅតំបន់ឧស្សាហកម្មនៅភាគខាងជើងនៃទីក្រុងហាណូយ បាននាំទំនិញ៦០ប្រភេទដែលមានផ្នែកខ្លះផលិតនៅប្រទេសចិនទៅលក់ឱ្យអាមេរិកបន្លំថា ផលិតនៅវៀតណាម។​

 ការរកឃើញនេះស្របពេលដែលទំនិញចិនកំពុងតែទទួលទណ្ឌកម្មដំឡើងពន្ធពីអាមេរិក ហើយការបន្លំនេះ អាចទទួលបានការបន្ធូរបន្ថយឬ ត្រូវបង់ពន្ធទាបជាងការនាំចូលទៅលក់នៅអាមេរិកក្រោមរូបភាពចិន។​

បញ្ហាមួយទៀតគឺអាមេរិកចោទថា វៀតណាមប្រើមធ្យោយបាយផ្សេងៗក្នុងការនាំទំនិញទៅលក់នៅអាមេរិកច្រើនបំពានលើកិច្ចព្រមព្រៀងតុល្យភាពឬភាពស្នើគ្នានៃការធ្វើពាណិជ្ជកម្មដោះដូរទំនិញ។​

វៀតណាមជាប្រទេសដែលទទួលបានផលច្រើនជាងគេបំផុតក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ដែលបានធ្វើឱ្យកំណើនក្រុមហ៊ុនពី៣០០ទៅ៤០០ភាគរយងាកចេញពីចិនទៅបោះទុននៅវៀតណាម​ចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មនៃប្រទេសទាំងពីរផ្ទុះឡើងកាលពីខែកក្កដាឆ្នាំ២០១៨មក។​ បញ្ហានេះធ្វើឱ្យទំនិញនៅក្នុងប្រទេសវៀតណាម​កាន់តែកើនឡើងច្រើន ដែលត្រូវនាំចេញក៏កើនឡើងដែរ។​

របាយការណ៍ការិយាល័យទិន្នន័យរបស់សហរដ្ឋអាមេរិកបង្ហាញថា ក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ តម្លៃទំនិញនាំចូលពីវៀតណាម​ កើនឡើងលើសពីតម្លៃដែលអាមេរិកនាំទៅលក់នៅវៀតណាមរហូតដល់៤០ប៊ីលានដុល្លារ ដែលតម្លៃនេះកើនឡើង៣៩ភាគរយបើប្រៀបធៀបឆ្នាំមុនមានតែ២៥,៣ភាគរយតែប៉ុណ្ណោះ។​ របាយការណ៍នាំចេញរបស់រដ្ឋាភិបាលវៀតណាម​បង្ហាញថា ក្នុងរយៈពេល៦ខែដៃគូពាណិជ្ជកម្មដែលវៀតណាមនាំចេញធំជាងគេគឺអាមេរិក បន្ទាប់មកចិន និងដៃគូធំទី៣គឺជប៉ុន។​

នៅក្នុងបទសម្ភាសន៍ជាមួយ Fox Business លោក ដូណាល់ ត្រាំ ថ្លែងថា វៀតណាមជាអ្នកបំពានលើកិច្ចព្រមព្រៀង។​

ទន្ទឹមនឹងមានសារព្រមានពីសហរដ្ឋអាមេរិកនេះ មេដឹនាំវៀតណាមកំពុងតែប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយកុំឱ្យជួបការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។​

នាយរដ្ឋមន្ត្រីវៀតណាមលោក ង្វ្រៀន សូនហ្វុក បានដាក់ចេញវិធានការទប់ស្កាត់ទំនិញចិនដែលលួចបន្លំនាំចូលវៀតណាម​ ដើម្បីយកទៅលក់បន្តនៅសហរដ្ឋអាមេរិក មូលហេតុគេចទណ្ឌកម្មពន្ធ។​

នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វ្រៀន សួនហ្វុក និង ប្រធានាធិបតីវៀតណាមលោក ដូណាល់ ត្រាំ

ដំណោះស្រាយមួយទៀតគឺរដ្ឋាភិបាលវៀតណាម​កំពុងប្រឹងប្រែងទិញទំនិញផ្សេងៗទៀតពីសហរដ្ឋអាមេរិក​ ដើម្បីឱ្យតម្លៃដោះដូរពាណិជ្ជកម្មឱ្យមានភាពស្នើគ្នា ឬ កាត់បន្ថយគម្លាតខុសគ្នាឆ្ងាយខ្លាំងពេក។​ ទំនិញដែលវៀតណាមប្តេជ្ញាទិញពីអាមេរិកនោះគឺភាគច្រើនទិញពីក្រុមBoeing។​

វៀតណាមប្តេជ្ញាទិញទំនិញពីសហរដ្ឋអាមេរិកឱ្យកើនឡើងដល់២៦ភាគរយនៃផលិតផលក្នុងស្រុកសរុបគឺកើនឡើងពីឆ្នាំមុនដែលមានតែ២០ភាគរយ។​

វិធានការដែលអាមេរិកគំរាមលើវៀតណាមនេះ អាមេរិកក៏ធ្លាប់ព្រមានប្រទេសជប៉ុនដែរក្រោយលោកដូណាល់ ត្រាំឡើងកាន់តំណែង ប៉ុន្តែបញ្ហានេះភាគីបានចរចានិងសម្របសម្រួលគ្នាបាន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ