អ្នកបរិស្ថានស្នើឱ្យពង្រីកប្រព័ន្ធជូន​ដំណឹង​​ពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោមទំនប់វារីអគ្គិសនី

ពលរដ្ឋម្នាក់​នៅភូមិកំពង់គ្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូរខេត្តកំពត ខាងក្រោមទំនប់កំចាយ កំពុងចាកចេញពីផ្ទះដែលត្រូវទឹកជន់លិច ទៅកាន់ទីសុវត្ថិភាព នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៩។ រូបថត៖ សាលាខេត្ត​កំពត​

ក្រុមបរិស្ថាននិយម បង្ហាញក្ដីបារម្ភពីផលប៉ះពាល់លើជីវភាពប្រជាពលរដ្ឋ បន្ទាប់ពី​ទ្វារ​ទឹក​នៃ​ទំនប់​វារី​អគ្គិសនី​ចំនួន ២ នៅ​ក្នុង​ខេត្ត​កំពត និង​កោះកុង ត្រូវ​បាន​បើក​ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង​ជា​មុន​ឲ្យ​បាន​ត្រឹម​ត្រូវ​សម្រាប់​​ប្រជា​ពលរដ្ឋ​នោះ​ឡើយ ដែល​បណ្ដាលឱ្យ​ទឹក​ជន់លិចស្រុកមួយចំនួនក្នុង​ខេត្ត​ទាំង​ពីរ​នេះចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រុមហ៊ុនទំនប់វារីអគ្គិសនី​កំចាយ ស្ថិតនៅខេត្តកំពត បានប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នពីទឹកជំនន់​នៅថ្ងៃទី១០ ខែសីហា គឺ​ដំណាលគ្នានឹងពេលដែលក្រុមហ៊ុននេះ បើកទឹកទំនប់កំចាយដែរ។ ក្រុមហ៊ុនប្រាប់ពលរដ្ឋនៅកំពតថា ដោយសារតែភ្លៀងខ្លាំងពេក ទំនប់ទប់មិនជាប់។

មន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការសម្រេចបើកទ្វាទឹកទំនប់វារីអគ្គិសនីស្ទឹងតាតៃនៅថ្ងៃទី១១ ខែសីហា​នេះ ដោយបញ្ជាក់ថា នឹងបើកទ្វារ​ទឹក​ចំនួន៣ ដែលមានកម្ពស់ទឹក ២ម៉ែត្រ ២តឹក។ លិខិតជូនដំណឹងនោះ ក៏ចុះហត្ថលេខាថ្ងៃទី១១សីហានោះដដែលដែរ។

ទ្វារ​ទំនប់វារីអគ្គិសនី​កំចាយនៅកំពត និងស្ទឹង​តាតៃនៅកោះកុង ត្រូវ​បាន​សម្រេច​បើក ដើម្បីរំដោះទឹកចេញអាងស្ទុក ជាហេតុនាំឱ្យ​លំនៅឋានផ្ទះសម្បែង ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្តកំពត និងកោះកុង ត្រូវជន់លិច។ ក្រុមគ្រួសារអ្នកភូមិជាច្រើននាក់ និង​សត្វចិញ្ចឹមរាប់ពាន់ក្បាល ត្រូវជម្លៀសចេញទៅកាន់ទីសុវត្ថិភាព។

អ្នកពិគ្រោះយោបល់ឯករាជ្យផ្នែកធនធានទន្លេ និងបរិស្ថាន លោក ហែម ឧត្តម មានប្រសាសន៍ថា អាជ្ញាធរខេត្ត ដែលមានទំនប់វារីអគ្គិសនីគួរណាស់តែពង្រឹងបន្ថែម​លើប្រព័ន្ធផ្ដល់ព័ត៌មានពីគ្រោះអាសន្ន ទៅដល់ពលរដ្ឋដែលរស់នៅខាងក្រោមទំនប់វារីអគ្គិសនី។ លោកបន្តថា បើសិនជាយន្តការផ្ដល់ព័ត៌មានជូនពលរដ្ឋនៅតែទន់ខ្សោយនោះ នឹងពលរដ្ឋកាន់តែប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។

លោក ហែម ឧត្តម ប្រាប់​ថា៖ «ខ្ញុំគិតថា គ្មានអ្វីប្រសើរជាងការផ្ដល់ព័ត៌មានជូនពលរដ្ឋទេ នៅពេលដែលមានទំនប់វារីអគ្គិសនីរួចមកហើយនោះ។ កាលពីអំឡុងឆ្នាំ៩០ជាង ប្រជាពលរដ្ឋនៅខេត្តរតនគិរីរងគ្រោះធ្ងន់ធ្ងរម្ដងរួចហើយដោយសារបាក់ទំនប់វារីអគ្គិសនីនៅវៀតណាមហើយគ្មានអ្នកណាប្រាប់អ្នកនៅខាងក្រោម។ ឆ្នាំនេះ នៅកំពត កោះកុងសុទ្ធតែមានទឹកជន់ដោយសារបើកទំនប់ ព្រោះទំនប់ទប់ទឹក​ភ្លៀង​មិនជាប់ បើមានការព្យាករណ៍មុន ហើយជូនព័ត៌មានទៅដល់អ្នកភូមិនោះ មិននាំឱ្យខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អាយុជីវិតពលរដ្ឋទេ»

វីអូឌីមិនអាចទាក់ទង​ក្រុមហ៊ុនទំនប់វារីអគ្គិសនីតាតៃ និងកំចាយ ដើម្បីសាកសួរព័ត៌មានបន្ថែមពីបញ្ហានេះបានទេនៅថ្ងៃទី១១សីហានេះ។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យសាលាខេត្តកោះកុង លោក សុខ សុធី មានប្រសាសន៍ថា បច្ចុប្បន្នខេត្តកោះកុង មានយន្តការច្រើនរួចហើយដើម្បីផ្ដល់ព័ត៌មានពីគ្រោះទឹកជំនន់ទៅកាន់ប្រជាពលរដ្ឋ ប៉ុន្តែ លោកទទួលស្គាល់ថា ពលរដ្ឋនៅតាមចម្ការ ឬនៅតំបន់ដែលមិនមានសេវាទូរស័ព្ទ​ពិតជាពិបាកទទួលព័ត៌មានមែន។

លោក សុខ សុធី ប្រាប់​ថា៖ «មកដល់ពេលនេះ(៤និង៤០នាទី) ទឹកឡើងកំហុគដែរនៅតាមស្ទឹងតាតៃ ប៉ុន្តែ គ្រោះមហន្តរាយនេះ យើងបានត្រៀម និងគ្រប់គ្រងបាន គឺមិនមានពលរដ្ឋណាម្នាក់រងគ្រោះទេ។ សមត្ថកិច្ចបានជម្លៀសពួកគាត់មកកាន់ទួលសុវត្ថិភាពហើយ។ យើងមានWhatsApp តេឡេក្រាម និងហ្វេសប៊ុក មានការអីយើងមិនពិបាកទេ យើងបញ្ជូនទៅ​ហើយអ្នកនៅក្នុងហ្នឹងទទួលខុសត្រូវរៀងៗខ្លួនបញ្ជូនព័ត៌មានបន្ត»

ទោះជាយ៉ាងណាក្ដី យុវជនឃ្លាំមើលបរិស្ថាន លោក សាន់ ម៉ាឡា លើកឡើងថា អាជ្ញាធរគួរណាស់តែធ្វើការជាមួយក្រុមហ៊ុនវារីអគ្គិសនី ដោយបង្កើតប្រព័ន្ធប្រកាសអាសន្នប្រកាសព័ត៌មានឱ្យប្រជាពលរដ្ឋរស់នៅក្រោមទំនប់បានដឹង និងជៀសវាងគ្រោះថ្នាក់ផ្សេងៗមិនថា តែពេលទឹកឡើងខែវស្សារនោះទេ។ លោកបន្តថា នៅពេល​ភ្លៀងខ្លាំង ទំនប់វារីអគ្គិសនីតែងកើនកម្ពស់ទឹក ហើយទំនប់ទាំងនោះទប់មិនជាប់ ហើយចាំបាច់ត្រូវបើកបង្ហូរមកក្រោម។

លោក សាន់ ម៉ាឡា ប្រាប់​ថា៖ «អាជ្ញាធរគួរណាស់ផ្ដល់ដំណឹងតាមសារ៉ែន ឬមីក្រូលឺៗជូនប្រជាពលរដ្ឋនៅតាមចុងកាត់មាត់ញក ឱ្យពួកគាត់បានដឹងផង។ ការប្រកាសតាមហ្វេសប៊ុកនេះ មិនគ្រប់គ្រាន់ទេ ពួកគាត់អត់មានហ្វេសប៊ុកប្រើឡើយ។ មែនទែនទៅ យើងធ្លាប់ឃើញវីដេអូតាមហ្វេសប៊ុក ប្រជាពលរដ្ឋដែលទៅលេងទឹក(ទឹកឈូរ) ហើយទឹកទំនប់បើមក នាំឱ្យពលរដ្ឋលង់ទឹកទៀតផង។ អាជ្ញាធររដ្ឋចាំបាច់ត្រូវធ្វើរឿងនេះ»

អ្នកគ្រប់គ្រងភោជនីយដ្ឋានមួយនៅរមណីយដ្ឋានតាតៃ លោក សាត់  ពិសិដ្ឋ មានប្រសាសន៍ថា កាលពីឆ្នាំ២០១៧ ហាងរបស់លោកត្រូវទឹកហូរបោកខូចខាតបង់ថវិកាជាច្រើនពាន់ដុល្លារ។កាលនោះ ក្រុមហ៊ុនចិនបើកទឹកទំនប់វារីអគ្គិសនីដោយមិនបានប្រាប់អ្នកភូមិរស់នៅតាមមាត់ទឹក។ លោកបន្តថា កាលពីម្សិលមិញ មេភូមិថា ទូរសព្ទប្រាប់លោកពីករណីទឹកឡើងនៅតំបន់អាងទំនប់វារីអគ្គិសនីទើបធ្វើឱ្យលោកចាត់វិធានការបន្ទាន់ដើម្បីការពារគ្រោះថ្នាក់។

លោក សាត់ ពិសិដ្ឋ ប្រាប់​ថា៖ «យប់មិញ មេភូមិតេប្រាប់ខ្ញុំ ទើបខ្ញុំរៀបចំរួចរាល់។ ខ្ញុំអត់ហ៊ានដាក់ភ្ញៀវនៅជាន់ក្រោមទេ ខ្លាចទឹកឡើងដោយប្រការណាមួយ ។ បើសិនជាគ្មានអ្នកប្រាប់ទេ នឹងលំបាកហើយ។ ខ្ញុំគិតថា ការផ្ដល់ព័ត៌មានដល់អ្នករស់នៅក្រោមទំនប់នេះសំខាន់ណាស់ ព្រោះទឹកធំណាស់ បើយើងមិនដឹង អាចស្លាប់បាន»

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា ក្នុងខែសីហាឆ្នាំ២០១៨នេះ ពលរដ្ឋរាប់ពាន់គ្រួសាររងគ្រោះដោយទឹកជំនន់ភ្លៀង ក្នុងនោះរួមមាន ខេត្តកោះកុង កំពត រតនគីរី ក្រុងព្រះសីហនុ។ ពលរដ្ឋរាប់ពាន់គ្រួសារត្រូវជម្លៀសទៅកាន់ទីសុវត្ថិភាពហើយទំហំខូចខាតទ្រព្យសម្បត្តិមិនទាន់បង្ហាញជាតួរលេខនៅឡើយ។ គណៈកម្មការនេះ ធ្វើការផ្តល់ព័ត៌មានចែកចាយបន្តតាមរដ្ឋបាលខេត្ត ស្រុក ឃុំ ហើយឃុំសង្កាត់បញ្ជូនព័ត៌មានទៅមេភូមិនិមួយៗ។

បច្ចុប្បន្ន កម្ពុជា​មានទំនប់វារីអគ្គិសនីនៅកម្ពុជាសាងសង់រួច​ចំនួន ៧ ដែលមានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសាររស់នៅខាងក្រោមទំនប់។ ទំនប់ទាំងនោះរួមមានផ្ទុកធាទឹករាប់លានម៉ែត្រត្រីគុណ។ ទំនប់ទាំងនោះរួមមាន ទំនប់វារីអគ្គិសនីសេសានក្រោម២ ទំនប់វារីអគ្គិសនី គិរីរម្យ ១, ទំនប់វារីអគ្គិសនី គិរីរម្យ ៣, ទំនប់វារីអគ្គិសនី ទំនប់កំចាយ, ទំនប់វារីអគ្គិសនី ទំនប់អាតៃ, ទំនប់វារីអគ្គិសនីតាតៃ និងទំនប់វារីអគ្គិសនីឫស្សីជ្រុំក្រោម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ