ប្រធានថ្មីនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានប្ដេជ្ញាជំរុញការនាំចេញអង្ករឲ្យបាន ១លានតោនឡើងវិញ បន្ទាប់ពីគោលដៅមួយនេះ ពុំអាចសម្រេចបាននោះឡើយនៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយមកនេះ។
កម្ពុជាបានប្ដេជ្ញាជំរុញការនាំចេញអង្ករឲ្យបាន ១លានតោនក្នុងមួយឆ្នាំនៅត្រឹមចុងឆ្នាំ២០១៥កន្លងមក ប៉ុន្តែ ផែនការនេះបានបរាជ័យទៅវិញ បន្ទាប់ពីកម្ពុជាអាចនាំចេញអង្ករទៅទីផ្សារអន្តរជាតិបានត្រឹមតែចំនួនជាង ៥៣ម៉ឺនតោនប៉ុណ្ណោះនៅត្រឹមចុងឆ្នាំនោះ ហើយទំហំនៃការនាំចេញអង្កររបស់កម្ពុជា ពុំបានទៅដល់គោលដៅ ១លានតោននោះឡើយចាប់តាំងពីពេលនោះមក។
ប្រាប់អ្នកសារព័ត៌មានក្នុងពិធីមួយនៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃនេះ លោក សុង សារ៉ន ដែលត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានោះ បានថ្លែងថា សហព័ន្ធចាត់មន្ត្រីជំនាញឱ្យចុះបង្រៀនកសិករនៅតាមខេត្តផ្សេងៗទៀតឱ្យផលិតស្រូវសរីរាង្គតាមស្ដង់ដារអន្តរជាតិ។
ជាប្រធានក្រុមហ៊ុនផលិត និងនាំចេញអង្ករ Amru Rice ផងនោះ លោក សុង សារ៉ន ប្រាប់ថា លោកនឹងជំរុញការនាំចេញអង្ករទៅក្រៅប្រទេសឱ្យបានគ្រប់ ១ តោនឡើងក្នុង ១ឆ្នាំ។
លោក សុង សារ៉ន ប្រាប់ថា៖ «យើងបានឃើញហើយ កសិករមានវិបត្តិរបស់កសិករ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនឯកជន គាត់មានវិបត្តិរបស់គាត់។ ខ្ញុំសន្យាថា នឹងលើករាល់បញ្ហាមកកាន់រដ្ឋាភិបាល និងអង្គការដៃគូរអភិវឌ្ឍន៍ នាំគ្នាដោះ[ស្រាយ]។ យើងគិតថា នឹងសម្រេចបាន ១លានតោននេះឡើងវិញ»។
អនុប្រធានសហគមន៍ក្រាំងល្វា មកពីខេត្តកំពង់ឆ្នាំ អ្នកស្រី ហ៊ឹម សុធា ដែលទើបចុះហត្ថលេខាជួយក្រុមហ៊ុនឯកជន CACC បានចាត់ទុកការចុះកិច្ចសន្យានេះ ជារឿងល្អសម្រាប់ពួកគាត់ជាកសិករ។
អ្នកស្រី ហ៊ឹម សុធា ថា៖ «ខ្ញុំសប្បាយចិត្តណាស់ ព្រោះរកស៊ីលក់ជាមួយខាងពួកគាត់ អត់ដែលបោកប្រាស់អីទេ ហើយខាងកសិករខ្ញុំក៏មានទំនុបចិត្តលើពួកគាត់ផងដែរ។ ខ្ញុំសប្បាយចិត្តទីផ្សាររបស់ពួកគាត់ទិញ មិនបោកប្រាស់ដល់ប្រជាជនយើង។ គាត់ធ្វើនឹងគាត់ជួយដល់កសិករ ដែលគាត់ផលិតបាន ហើយគាត់មានទីផ្សារសម្រាប់លក់បានល្អ ហើយមានតម្លៃខ្ពស់»។
ទីប្រឹក្សាអង្គការសេដាក លោក សម ពិទូ យល់ថា កម្ពុជាអាចនាំអង្ករចេញទៅក្រៅប្រទេសបាន ១លានតោន ប៉ុន្តែ ត្រូវប្រើរយៈពេលយូរ ដោយសារ បច្ចុប្បន្នកម្ពុជាមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងនៅខ្វះធនធានមនុស្សផងដែរ។
លោក សម ពិទូ ប្រាប់ថា៖ «ទាក់ទងរឿងប្រឡាយទឹក រឿងម៉ាស៊ីនកិនស្រូវ ការកែច្ឆៃ តម្លៃទាំងអស់ហ្នឹងសុទ្ធតែធ្វើឱ្យពិបាកក្នុងការប្រកួតប្រជែង អាហ្នឹងរឿងមួយ ធនធានមនុស្សយើង មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ មិនមែនមានន័យថា គាត់អត់សមត្ថភាពទេ ប៉ុន្តែ នៅមានភាគតិច ដែលគាត់មានសមត្ថភាព គ្រប់គ្រាន់ផលិត ឱ្យការផលិតរបស់យើងវា សមស្របឱ្យមានគុណភាព សម្រាប់ការនាំចេញទៅទីផ្សារ ក៏ដូចជាធ្វើឱ្យថ្លៃដើមយើងអាចប្រកួតប្រជែងគេបាន»។
របាយការណ៍លេខាធិការដ្ឋាន ច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៩នេះ កម្ពុជានាំចេញអង្ករបាន ៣០៨ 0១៣ តោន ឬកើនឡើងត្រឹមតែជាង ៣ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ បានចំនួន ២៩៧ ០៨០តោន។
កម្ពុជានាំចេញអង្ករបានជាង ៦២ម៉ឺនតោន ក្នុងឆ្នាំ២០១៨ ដោយបានធ្លាក់ចុះចំនួន ១,៥ភាគរយ បើធៀបនឹងទំហំនៃការនាំចេញអង្ករជាង ៦៣ម៉ឺនតោនកាលពីឆ្នាំ២០១៧៕