ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន​ ថាស្ថានទូតបដិសេធអន្តរាគមន៍​ជួយដោះស្រាយ​

តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុងតវ៉ានៅមុខស្ថានទូតចិន

តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង​ អះអាងថា ស្ថានទូតចិនបដិសេធមិនជួយអន្តរាគមន៍​ដោះស្រាយបញ្ហាដីធ្លីឱ្យពួកគេ ដោយថា​ ករណីនេះ ហួសពីសមត្ថកិច្ចរបស់ស្ថានទូត។

ការបដិសេធនេះ ធ្វើឡើងបន្ទាប់តំណាង​ពលរដ្ឋ​ ២ នាក់​មក​ពី​ស្រុក​គិរី​សាគរ​ និង​បទុម​សាគរ​ ដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ​ញូ​ញៀន ​របស់​ចិន​ បាន​ប្រមូល​ផ្តុំគ្នា​មុខ​ស្ថានទូតចិន​ជាថ្មី​ទៀត​នៅ​ថ្ងៃនេះ​ ដើម្បីជំរុញ​ទៅ​ស្ថានទូតឱ្យ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ឱ្យដោះស្រាយវិវាទ​ដីធ្លីដល់ពួកគេ ខណៈជម្លោះដីធ្លីបាន​អូស​បន្លាយអស់រយៈពេល១១ ឆ្នាំ​មក​ហើយ។

អ្នកស្រី​ សាំង​ ពុយ​ ​អះអាង​ថា​ ជា​តំណាង​ពលរដ្ឋ​នៅ​ឃុំ​កោះ​ស្តេច​ ប្រាប់​អ្នក​សា​ព័ត៌មាន​បន្ទាប់ពីជួបជាមួយ​តំណាង​ស្ថានទូត​ចិន​ថា​ ស្ថានទូត​​មិនអាចដោះស្រាយបញ្ហាវិវាទដីធ្លីនេះបានទេ ដោយពួកគាត់​ឱ្យទៅរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលវិញ។

អ្នកស្រី មានប្រសាសន៍ថា៖«គាត់ច្រានចោលស្ថាប័នរដ្ឋដែលពាក់ព័ន្ធ  ប៉ុន្តែអ្វីដែលយើងលើកហ្នឹង ​គាត់នឹងជូនដំណឹងទៅក្រុមហ៊ុន ហើយជូនដំណឹងទៅស្ថាប័នរដ្ឋ គាត់និយាយអ៊ីចឹង[ឱ្យស្ថាប័នរដ្ឋ]ជាអ្នកដោះស្រាយ ព្រោះគាត់មិនមែនកិច្ចការរបស់គាត់!គាត់និយាយអ៊ីចឹង»។

អ្នកស្រី​ សាំង​ ពុយ បន្តថា ពួកគាត់នឹងនាំគ្នាស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងដែនដី និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីស្ថាប័នទាំងនោះ ជួយរកដំណោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។

​ពលរដ្ឋ​ម្នាក់ទៀតអ្នកស្រី ផា ភួង លើកឡើងថា ចាប់ពីឆ្នាំពី២០០៨ រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុននេះ មិនបានដោះស្រាយសំណង ហើយ ថែមទាំងមិនឱ្យពួកគាត់​ចូល​បង្កបង្កើនផល​ និង​សាង​សង់ផ្ទះ​លើ​ដី​របស់​ខ្លួនដែរ។

អ្នកស្រីមានប្រសាសន៍ថា៖«ពួកខ្ញុំរងគ្រោះមកចូល១១ ឆ្នាំហើយ  ពួកខ្ញុំកាន់តែដុនដាបទៅៗពី១ ឆ្នាំទៅ ១ ឆ្នាំ​ ទី១ មានកូន ទី២ កូនមួយទៀតទុកនៅម៉ែ ទី៣ ខ្ញុំអត់សូវដែលបានរក[ស៊ី]អីបាន ច្រើនទេ អ៊ីចឹង ខ្វះខាតលុយចងការគេ។ បើពីមុនមក ក្រុមហ៊ុន មិនទាន់ចូលពី១ ឆ្នាំទៅ ១ ឆ្នាំ ខ្ញុំទៅប៉ះដំណាំដំាដុះលក់បានរហូត តែឥឡូវអត់បានទេ ហើយជំពាក់គេទៀត»។

អភិបាលរងខេត្ត​កោះកុង​ លោក​ សុខ​ សុធី​ អះអាង​ថា​ ពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​នេះ​ មួយចំនួន​រស់​ក្នុង​តំបន់​ការពារ​ និង​មួយ​ចំនួន​ទៀត​ជា​ពលរដ្ឋ​ក្រៅ​មូលដ្ឋាន​ ដែល​អាជ្ញាធរ​ខេត្តពិបាក​ក្នុង​ ​ផ្តល់​ដំណោះស្រាយ​។

លោកមានប្រសាសន៍ថា៖«វាជាដីឧទ្យាន ហើយប្រជាពលរដ្ឋដែលគាត់នៅទីនោះគឺនៅក្នុងដីឧទ្យាន ហើយរដ្ឋាភិបាកវិនិយោគទៅឱ្យក្រុមហ៊ុន។ រីឯការប៉ះពាល់កន្លងមក យើងមានគោលនយោបាយ​ដោះស្រាយសម្រាប់តែអ្នកនៅក្នុងមូលដ្ឋាន ហើយសម្រាប់ពួកគាត់តវ៉ានោះ គឺជាអ្នកនៅក្រៅមូលដ្ឋាន គោលនយោបាយអត់មានដោះស្រាយជូនទេ ប៉ុន្តែថ្នាក់ក៏មិនប្រងើយកន្តើយដែរ ក៏បានធ្វើរបាយការណ៍ជូនទៅគ្រប់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ដើម្បីគិតយ៉ាងដូចម្ដេចសម្រេចយ៉ាងដូចម្ដេចអាស្រ័យទៅលើថ្នាក់ដឹកនាំថ្នាក់ជាតិ»។

អ្នកនាំពាក្យក្រសួងដែនដីលោក សេង ឡូត មានប្រសាសន៍ថា លោកជាប់រវល់ប្រជុំ។

អ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែនករុណា ​ ជំរុញឱ្យរដ្ឋាភិបាលនិងស្ថានទូតចិនត្រូវទទួលខុសត្រូវនិងដោះស្រាយសំណងជូន​ប្រជាពលរដ្ឋ​ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ក្លាយជា​ជនរងគ្រោះ​ ដោយសារ​ការ​វិនិយោគ​​ក្រុមហ៊ុន​ចិន​។

លោកមានប្រសាសន៍ថា៖«ពិតជាមានពលរដ្ឋរបស់ខ្លួនត្រូវបានរំលោភបំពានឬប៉ះពាល់ទៅលើដីធ្លីពួកគាត់នៅក្នុងការអភិវឌ្ឍគម្រោងក្រុមហ៊ុនចិននៅតំបន់​ហ្នឹង។ អ៊ីចឹងបើយើងមានការទទួលស្គាល់ថាពួកគាត់មានការប៉ះពាល់ ឬមានបណ្ដឹងកើតឡើងយើងមិនទាន់អាចសន្និដ្ឋានប៉ះឬមិនប៉ះ​គួរតែមានការសិក្សាបញ្ហាពួកគាត់ឱ្យបានដិតដល់ហើយរកដំណោះស្រាយដើម្បីបញ្ចប់រឿងជៀសវាងការចេះតែអូសបន្លាយឱ្យពួកគាត់ដើរទាមទារតវ៉ាអ៊ីចឹងរហូត។ អ៊ីចឹងហើយ  ក្នុងនាមការទទួលខុសត្រូវរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់ហ្នឹង ហាក់មិនបានយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីនិងការងាររបស់ខ្លួន»។

កាលពី​ឆ្នាំ ២០០៨​ រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ ៣ម៉ឺន​ ៦ពាន់​ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​បទុម​សាគរ​ និង​ស្រុក​គិរីសាគរ​ ខេត្តកោះកុង​ ទៅដល់​ក្រុមហ៊ុន​ចិន​ ញូ​ញៀន​ ឌឹវើ​លុប​មែន​ គ្រុប​ (Union​ Development​ Group​) ដើម្បី​ធ្វើការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។

របាយ​កា​រ​ណ៍​ និង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC​) ឆ្នាំ២០១២​ បាន​រក​ឃើញថា​ គម្រោង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ ញូ​ញៀន​ (UDG​) បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ១​,១៤៣គ្រួសារ​ ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោល​ដីធ្លី​ប្រមាណ​ជាង ១០​០០០ហិ​កតា​ និង​ផ្ទះ ១៥០០ខ្នង​ ត្រូវ​បង្ខំ​ឱ្យ​រុះរើ​ និង​ឈូស​ឆាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ