វៀតណាម​រក្សាភាពទន់ភ្លន់ដោះស្រាយការព្រមាន​ដំឡើងពន្ធពីអាមេរិក​

នាយករដ្ឋមន្ត្រីវៀតណាម លោកង្វ្រៀន សួនហ្វុក និង លោកដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នៅក្នុងវិមានរដ្ឋាភិបាលវៀតណាមក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៩(រូបពីរ៉យទ័រ)

មេដឹកនាំវៀតណាម​នៅតែរក្សាភាពទន់ភ្លន់​និង ម៉ឺងម៉ាត់ក្នុងការដោះស្រាយការព្រមានទណ្ឌកម្មពន្ធពីសហរដ្ឋអាមេរិក ដោយបន្តជួបជជែកដោយស្ងៀមស្ងាត់ជាមួយគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់។​

ភ្នាក់ងារគយរបស់សហរដ្ឋអាមេរិកបានរកឃើញថា ទំនិញជាច្រើនមុខយកចេញពីប្រទេសចិន និងប្រទេសផ្សេងៗទៀត មកបន្លំធ្វើជាផលិតផលរបស់វៀតណាម ហើយនាំចេញបន្តទៅលក់នៅសហរដ្ឋអាមេរិក ដើម្បីទទួលបានការបង់ពន្ធទាប។

ករណីនេះឈានដល់ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ ព្រមានដាក់ទណ្ឌកម្មដំឡើងពន្ធលើគ្រប់មុខទំនិញទាំងអស់របស់វៀតណាម។​ ជាក់ស្តែងកាលពីខែកក្កដា សហរដ្ឋអាមេរិកបានសម្រេចដំឡើងពន្ធនាំចូលដែកថែបពីវៀតណាមរហូតដល់៤០០ភាគរយ ដោយចោទថា ផលិតផលទាំងនេះនាំចូលពីកូរ៉េខាងត្បូង និង តៃវ៉ាន់ ហើយបន្លំថា ជារបស់វៀតណាម​ដើម្បីទទួលបានការបន្ធូរបន្ថយពន្ធ។​

ករណីនេះបង្កភាពភ័យខ្លាចដល់អ្នកវិនិយោគទុនផ្សេងៗទៀតបារម្ភថា សហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មលើមុខទំនិញជាច្រើនទៀត ឬ មុខទំនិញទាំងអស់របស់វៀតណាម។​

រដ្ឋបាលលោកត្រាំលើកឡើងថា តម្លៃទំនិញដែលវៀតណាម​នាំទៅលក់នៅអាមេរិក​ច្រើនជាងអាមេរិកនាំទៅលក់នៅវៀតណាមវិញរហូតដល់៤០ប៊ីលានដុល្លារ។ ករណីនេះក៏ជាមូលហេតុមួយទៀតបន្ថែមលើករណីបន្លំទំនិញដែលធ្វើឱ្យអាមេរិកខឹងសម្បារហើយចោទថា  វៀតណាមរំលោភកិច្ចព្រមព្រៀងពាណិជ្ជកម្ម។​

បើទោះជាសហរដ្ឋអាមេរិកបានដំឡើងពន្ធខ្លះ រួចហើយប្រកាសដាក់ទណ្ឌកម្មដំឡើងពន្ធលើទំនិញជាច្រើនទៀតឬ លើទំនិញទាំងអស់ក៏ដោយ ប៉ុន្តែមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់វៀតណាមផ្សេងទៀតនៅតែរក្សាភាពស្ងប់ស្ងាត់ និង ចរចាដោះស្រាយដោយទន់ភ្លន់។​

វៀតណាមសន្យាបង្ក្រាបការលួចបន្លំយកទំនិញពីប្រទេសផ្សេងៗទៀតបន្លំធ្វើជារបស់វៀតណាម ហើយយកទៅលក់នៅអាមេរិក។​ វៀតណាម​ក៏រៀបចំបង្កើនការទិញទំនិញពីអាមេរិកបន្ថែមទៀត ដើម្បីឱ្យតម្លៃនៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំងពីរប្រហាក់ប្រហែលគ្នា។​

នាយករដ្ឋមន្ត្រីវៀតណាម​លោកង្វ្រៀន សួនហ្វុក ក៏បានជួបជាមួយអ្នកវិនិយោគទុនស្វែងយល់ពីបញ្ហា និងសន្យាជួយដោះស្រាយបញ្ហានានា ដោយធានាមិនឱ្យប៉ះពាល់ផលប្រយោជន៍ក្រុមហ៊ុន របស់ពួកគេនោះទេ។​

វៀតណាមមិនមានការក្រេវក្រោធ ច្រានចោលការចោទ ឬ ចោទថា  សហរដ្ឋអាមេរិកមានបំណងប្រឆាំងរដ្ឋាភិបាលវៀតណាមនៅក្នុងគោលបំណងអ្វីមួយនោះទេ។​ ផ្ទុយទៅវិញវៀតណាម​សន្យាស្រាវជ្រាវស្វែងរកការពិតហើយដោះស្រាយរាល់បញ្ហាកើតឡើងទាំងនេះ។​

វៀតណាមគឺជាប្រទេសតែមួយគត់ ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេគឺក្រុមហ៊ុនចេញពីចិនដូរទៅវៀតណាមកើនឡើងពី៣០០ទៅ៤០០ភាគរយចាប់តាំងពីចិន និងអាមេរិកផ្ទុះសង្គ្រាមពាណិជ្ជកម្មកាលពីខែកក្កដា ឆ្នាំ២០១៨។​

ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវៀតណាម​ប្រកបដោយភាពទន់ភ្លន់ និង ម៉ឺងម៉ាត់នេះ អាចនឹងរក្សាបានទាំងការអនុគ្រោះពន្ធពីអាមេរិក និង ក្រុមហ៊ុនវិនិយោគ។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ