ឆ័យលី ដាឡែន សារភាពលែងលះប្ដី តែមិនបកស្រាយហេតុផល

ឆៃលី ដាឡែន និង ស្វាមី (រូបភាពពីហ្វេសប៊ុក)

តារាចម្រៀងអ្នកនាង ឆ័យលី ដាឡែន បានសារភាពហើយថា រវាងអ្នកនាង និង លោក រិទ្ធី ឩត្តមស៊ីដារ៉ា ជាស្វាមី បានព្រមលះលែងគ្នាស្របច្បាប់។ យ៉ាងណាមិញអ្នកនាងបដិសេធទាំងស្រុង ថាខ្លួនមិនបកស្រាយពីមូលហេតុដែលនាំឲ្យបាក់បែកគ្នានោះទេ។

បន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធី Lovely Night ដោយមិនមានវត្តមានស្វាមី ហើយនៅលើការផុសStatus ក៏បង្កមន្ទិលធ្វើឲ្យផ្ទុះការសង្ស័យថាមានបញ្ហាជាមួយស្វាមី។ នៅទីបំផុតតារាចម្រៀងអ្នកនាង ឆ័យលី ដាឡែន បានអះអាងហើយថា អ្នកនាង និងបុរសដែលមានវ័យក្មេងជាងខ្លួននោះ ពិតជាចែកផ្លូវគ្នា។

 អ្នកនាង ឆ័យលី ដាឡែន បាននិយាយថាដើមចមនៃការបាក់បែក គឺមិនចុះសម្រុងគ្នា។ អ្នកនាងថា ចំណងអាពាហ៍ពិពាហ៍ដល់ទីបញ្ចប់ជាច្រើនខែមកហើយ ប៉ុន្តែដោយសារតែនៅរាប់គ្នា ហើយនៅខំរកលុយចិញ្ចឹមកូន ទើបមនុស្សខាងក្រៅមើលមកថាមិនអី។

 អ្នកនាង ឆ័យលី ដាឡែន និយាយថា៖ «អត់លាក់ទេការពិតពួកខ្ញុំមិនចុះសម្រុងគ្នាយូរហើយ ប៉ុន្តែដោយសារតែកូនទើបចេះតែអត់អីៗ។ ប៉ុន្តែលូវពួកយើងជជែកគ្នាហើយថា យើងចែកផ្លូវ ហើយយើងអត់និយាយអាក្រក់ពីគ្នា។

អ្នកនាងបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺអ្នកនាង និងស្វាមី ព្រមព្រៀងទាំងសងខាង ដោយទាំងអ្នកនាង និង ស្វាមី គឺនឹងនៅរាប់អានគ្នា និងរួមគ្នាចិញ្ចឹមកូនជាធម្មតា។ អ្នកនាងបញ្ជាក់ថារវាងអ្នកនាង និង ស្វាមី អត់មានអ្នកណាខុស ហើយក៏អត់មានអ្នកណាត្រួវដែរ ប៉ុន្តែអ្វីដែលជីវិតស្នេហាត្រូវបានបិទបញ្ចប់គឺប្រហែលជាកម្មផល និងអស់និស្ស័យ។

ឆៃលី ដាឡែន និង អតីតស្វាមី

 អ្នកនាង ឆ័យលី ដាឡែន លើឡើងថា៖ «រវាងពួកខ្ញុំអត់មានអ្នកណា បែកចិត្តមានមានថ្មីមានអ្នកចាស់អីទេ ហើយក៏អត់មានឈ្លោះទាស់ទែងគ្នាអីដែរ។ ប៉ុន្តែអាចនិយាយបានថាដោយសារពួកយើងអស់និស្ស័យជាប្ដីប្រពន្ធ ទើបពួកយើងសម្រេចចិត្តចែកផ្លូវ»។

អ្នកនាង ឆ័យលី ដាឡែន បានបន្ថែមថាដំណើរការលែងគ្នាផ្លូវច្បាប់ស្ថិតក្នុងការដំណើរការ ចំណែកកូនប្រុសដែលជាដំណក់ឈាមរួមគ្នាគឺច្បាប់ឲ្យទៅស្វាមី តែអ្នកនាងមានសិទ្ធិមកលេងក្នុងនាមជាម្ដាយជាធម្មតា។

មិនខុសគ្នាដែរ លោក រិទ្ធី ឩត្តមស៊ីដារ៉ា បានអះអាងថា លោក និងអ្នកនាង ឆ័យលី ដាឡែន បានឯកភាពលែងលះគ្នាមែន ដោយលោកជាអ្នកទទួលបន្ទុកចិញ្ចឹមកូន។ លោក នឹងឲ្យកូនប្រុសមកលេងអ្នកនាងជាធម្មតា។

លោក រិទ្ធី ឩត្តមស៊ីដារ៉ា និយាយយ៉ាងខ្លីថា៖ «ពួកយើងបែកបាក់គ្នាហើយ។ អីចឹងយើងអត់ចង់និយាយពីមូលហេតុទេ សំខាន់ពេលនេះខ្ញុំ និង គាត់ នៅរាប់អានគ្នាដើម្បីកូន»។

 លោករិទ្ធី ឩត្តមស៊ីដារ៉ា ថារវាងខ្លួន និង អ្នកនាង ឆ័យលី ដាឡែន មិនអាចផ្សះផ្សារនោះទេ ទើបឯកភាពលែងលះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ