អាជ្ញាធរជាតិអប្សរាណែនាំដល់អាជីវករឱ្យបញ្ឈប់ការលក់ដូរដោយប្រើប្រាស់កន្ទេល និងដាក់អង្រឹងសម្រាប់ឱ្យភ្ញៀវអង្គុយ និងបរិភោគអាហារនៅជុំវិញបរិវេណប្រាសាទមួយចំនួននៅក្នុងខេត្តសៀមរាបដោយថា កុំឱ្យប៉ះពាល់ដល់គុណតម្លៃនៃបេតិកភណ្ឌវប្បធម៌។
សេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរាចេញផ្សាយនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ បានលើកឡើងថា មានសកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារផ្សេងទៀតនៅលើវាលស្មៅជុំវិញកសិន្ទុប្រាសាទអង្គរវត្ត ប្រាសាទត្រពាំងសេស និងនៅមុខប្រាសាទព្រហ្មកិលជាដើម។
អាជ្ញាធរជាតិអប្សរាបានទុកពេល៤៥ថ្ងៃចាប់ពីថ្ងៃជូនដំណឹង សម្រាប់អាជីវករក្នុងការរុះរើនិងរៀបចំសណ្តាប់ធ្នាប់ ដោយបញ្ឈប់ការក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារផ្សេងៗទៀត។ ករណីនៅតែបន្តសកម្មភាពទាំងនេះទៀត ខាងអាជ្ញាធរនឹងមិនទទួលខុសត្រូវរាល់ការខូតខាតណាមួយឡើយ ពេលមានវិធានការរឹបអូស។
អាជ្ញាធរជាតិអប្សរាសរសេរថា៖ « ករណីបងប្អូនអាជីវករនិងភ្ញៀវទេសចរ នៅតែបន្តសកម្មភាពទាំងនេះទៀត គណៈកម្មការដឹកនាំ និងសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរនៅក្នុងរមណីយដ្ឋានអង្គរ នឹងអនុវត្តវិធានការរដ្ឋបាល រឹបអូសសម្ភារទាំងនោះ »។
ជុំវិញនឹងសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានេះដែរ លោក សួន ចយ ដែលជាអាជីវករលក់ដូរ និងជួលកន្ទេល អង្រឹងបានប្រាប់ VOD តាមរយៈទូរស័ព្ទថា លោកមិនបានដឹងច្បាស់ពី ដំណឹងនេះឡើយ ពោលគឺគ្រាន់តែឮគេនិយាយតៗគ្នា ប៉ុន្តែមិនទាន់ប្រាកដថាខាងអាជ្ញាធរនឹងមានចំណាត់ការបែបណាបន្តនោះទេសម្រាប់ពួកគាត់។
លោក សួន ចយ បានបញ្ជាក់ប្រាប់ថា មានអាជីវករជាច្រើនដែលកំពុងប្រកបមុខរបរនេះ ជាពិសេសគឺនៅមុខប្រាសាទត្រពាំងសេស។ ដូច្នេះលោក យល់ឃើញថា អាជីវករនឹងមានការលំបាកក្នុងការរកស៊ី បើសិនជាអាជ្ញាធរជាតិអប្សរាហាមលែងឱ្យលក់បន្តទៀត។
លោក សួន ចយ៖ « បើគេបញ្ឍប់អត់ឱ្យក្រាលអន្ទេល និងដាក់អង្រឹងនៅកន្លែងនេះ[ប្រាសាទត្រពាំងសេះ] អត់ដឹងថានឹងរកស៊ីអីទៀតទេ ព្រោះតាំងពីយូររាប់ឆ្នាំមកហើយតែងតែរកស៊ីប៉ុណ្នេះឯង។»
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានសរសេរថា កន្លងមកក្រុមការងារបានសហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋាន ធ្វើការណែនាំ បញ្ឈប់សកម្មភាពទាំងនេះរួចមកហើយ ប៉ុន្តែអាជីវករនិង ភ្ញៀវទេសចរមួយចំនួនមិនព្រមបញ្ឈប់តាមការណែនាំ។