ការប្រើប្រាស់ម្សៅទឹកដោះគោពេញនិយមសម្រាប់អ្នកម្ដាយនៅ​ស្រុក​មួយ​ក្នុង​ខេត្ត​ស្វាយរៀង

អ្នកស្រី ព្រុំ ដារី និងកូនតូចរបស់អ្នកស្រី ជជែកជាមួយអ្នកសារព័ត៌មាន នៅឯផ្ទះស្ថិតនៅភូមិមួយស្ថិតក្នុងភូមិស្វាយទាប ខេត្តស្វាយរៀងកាលពីសប្ដាហ៍មុន

ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​មួយ​នៃ​ខេត្ត​ស្វាយរៀង បាន​ជ្រើស​រើស​ការ​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​គោ​ច្រើន​ជាង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ ក្រោយ​ពី​ស្ត្រី​បាន និង​កំពុង​មាន​នាទី​កាន់​តែ​សំខាន់​នៅ​ក្នុង​វិស័យ​ការងារ។

មានសម្បុរខ្មៅស្រអែម អ្នកស្រី ឈួន វណ្ណី អាយុ ៥១​ឆ្នាំ រស់នៅភូមិព្រះទន្លេ ស្រុកស្វាយទាប បានប្រាប់ឱ្យដឹងថា កាលពីមុនអ្នកស្រីបានជ្រើសយកវិធីបំបៅកូនដោយទឹកដោះ​ម្ដាយ​ ប៉ុន្ដែ បច្ចុប្បន្ននេះ សូម្បីតែកូនរបស់អ្នកស្រី និងស្រ្ដីភាគច្រើនដែលរស់នៅភូមិជាមួយគ្នា មិនបានបន្ដការបំបៅកូនដោយទឹកដោះម្ដាយ​នោះទៀតទេ។

អ្នកស្រី ឈួន វណ្ណី មាន​ប្រសាសន៍ថា៖ «កាលជំនាន់មុន គេមិនទាន់បង្កើតទឹកដោះគោ ទោះពិបាកយ៉ាងណាក៏ដោយ ឱ្យអឹមទឹកដោះដែរ»។

តាមឱ្យដឹងពីអ្នកស្រី ឈួន វណ្ណី ដដែល កាលពីជាង ១០ឆ្នាំមុន ឬជាង ២០ឆ្នាំមុននេះ អាចមានអ្នកបំបៅកូនដោយទឹកដោះម្ដាយច្រើន តែបើពេលនេះ ដូចជាមិនសូវជាមាននោះទេ។

និយាយមួយៗ អង្គុយនៅលើគ្រែ អ្នកស្រី បានឱ្យដឹងទៀតថា សព្វថ្ងៃអ្នកស្រីជ្រើសរើសការបំបៅកូនដោយម្សៅទឹកដោះគោ ជាងការបំបៅកូនដោយទឹកដោះ។

ប្រសាសន៍អ្នកស្រី ព្រុំ ដាវី ៖ «ទឹកដោះម្ដាយល្អជាង តែជាប់ធ្វើការរកស៊ីចឹង ឱ្យ​អឹមទឹកដោះគោផង និងទឹកដោះម្ដាយផងចឹងទៅ ព្រោះថា បើបំបៅដោះ អត់មានពេលរកស៊ីទេ»។

ស្របពេលជ្រើសយកការបំបៅកូនដោយម្សៅទឹកដោះគោនេះដែរ ស្រ្ដីវ័យ ២៩ឆ្នាំរូប​នេះ បានឱ្យដឹងទៀតថា គាត់ត្រូវចំណាយទិញម្សៅទឹកដោះគោ​ក្នុងមួយខែ ៧៥​ដុល្លារ ដោយមិនរាប់ទៅលើថ្លៃចំណាយផ្សេងៗនោះឡើយ។

អ្នកស្រី សូ ភួងម៉ាឡៃ ឆ្មបនៅ​មណ្ឌលសុខភាពសង្ឃ័រ បានឱ្យដឹងថា ទឹកដោះម្ដាយមានសារធាតុចិញ្ចឹម ​និងវីតាមីន ដើម្បីជួយ​ដល់ការលូតលាស់ និងការវិវត្តរបស់ទារក។ ម្យ៉ាងទៀតទារកដែលបៅដោះម្ដាយ មិនសូវឈឺ រឹងមាំ និងឆ្លាតវៃ ជាងទារកដែលបៅទឹកដោះគោ។ ជាមួយគ្នានេះ ការបំបៅកូនដោយទឹកដោះ ក៏ជួយការពារម្ដាយពីជំងឺនានា ដូចជា ជំងឺមហារីកដោះ និងជំងឺរលាកក្រពះជាដើម។

អ្នកស្រី សូ ភួងម៉ាឡៃ មាន​ប្រសាសន៍ថា ៖ «បើជានិយាយថា ទឹកដោះម្ដាយមានសារៈប្រយោជន៍ច្រើនជាង ព្រោះទឹកដោះម្ដាយមានជាតិកូឡេសស្រ្ដូម(Colostrum)នៅក្នុង [អ៊ី]ចឹង វាមានសារធាតុចិញ្ចឹមគ្រប់បែបយ៉ាង មានទាំងប្រូតេអ៊ីន និងអង់ទីគ័រជួយការពារ ជួយប្រឆាំងនឹងជំងឺផ្សេងៗ។ បើសិនជាគាត់បំបៅទឹកដោះគោ ក៏វាមានសារៈប្រយោជន៍ដែរ ប៉ុន្ដែ វាអត់មានអង់ទីគ័រការពារកូននោះទេ ប៉ុន្ដែ ទឹកដោះម្ដាយមាន»។

តាមប្រសាសន៍ អ្នកស្រី សូ ភួងម៉ាឡៃ ស្រ្ដីជាម្ដាយគ្រប់រូប គួរតែបំបៅកូនដោយទឹកដោះ យ៉ាងតិចឱ្យបាន ៦ខែដំបូង គឺ ចាប់ពីពេលដែលទារកកើតភ្លាម ហើយបន្ដបំបៅរហូតដល់កុមារមានអាយុ ២ឆ្នាំ ជាមួយនិងការផ្ដល់អាហាររឹងបន្ថែមដល់កុមារ។

លោក ភោគ ជាតិ មេភូមិព្រះទន្លេ ស្រុកស្វាយទាប មានប្រសាសន៍ឱ្យដឹងដែរថា នៅក្នុងភូមិរបស់លោកមានពលរដ្ឋប្រមាណ ៣២០គ្រួសារ។ ក្នុងចំណោមពលរដ្ឋជាង៣០០គ្រួសារនេះ គឺស្រ្ដីដែលមានកូនរួចហើយ បានជ្រើសយកការបំបៅកូនដោយម្សៅទឹកដោះគោ ច្រើនជាងការបំបៅកូនដោយទឹកដោះម្ដាយ។

លោក ភោគ ជាតិ មានប្រសាសន៍ថា៖ «ពេលនេះ ការបំបៅដោះកូនពីមុន និងឥឡូវខុសគ្នាដោយសារតែម្ដាយកុមារជាប់ទៅធ្វើការរោងចក្រ។ អីចឹង គ្នាចេះតែផ្ដោះៗទៅ»។

តាមឱ្យដឹងពីលោកមេភូមិ ស្រ្ដីដែលជ្រើសរើសការបំបៅកូនដោយម្សៅទឹកដោះគោ ដោយសារតែ ពួកគេរវល់ និងការងារខាងក្រៅដូចបុរសដែរ ហើយរួមផ្សំនឹងវត្តមានម្សៅទឹកដោះគោចរាចរនៅលើទីផ្សារច្រើនទៀតនោះ អ្នកម្ដាយទាំងនោះក៏សម្រេចចិត្តប្រើប្រាស់ម្សៅទឹកដោះគោ ជំនួសឱ្យបំបៅដោះកូន បើទោះជាដឹងថា ទឹកដោះម្ដាយមានសារៈសំខាន់ក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ