មន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា ពលករខ្មែរដល់ទៅចំនួន ៧១នាក់ បានស្លាប់អំឡុងពេលពួកគេស្វែងរកការងារ និងគ្រោះថ្នាក់អំឡុងពេលបំពេញការងារនៅឯក្រៅប្រទេស នៅពាក់កណ្ដាលឆ្នាំនេះ។
អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស លោក យឹម វីរៈ ប្រាប់វីអូឌីនៅថ្ងៃនេះថា រយៈពេល ៦ ខែក្នុងឆ្នាំ២០១៩នេះ មានសាកសពពលករចំនួន ៧១នាក់ បានបញ្ជូនត្រឡប់មកកម្ពុជា ដោយមិនគិតពីសាកសពដែលត្រូវបានបូជា ឬមិនបានរាយការណ៍នៅប្រទេសគោលដៅ។ លោកបន្តថា ពលករដែលស្លាប់បណ្ដាលពីមកពួកគេស្វែងរកការងារធ្វើ និងគ្រោះថ្នាក់ការងារ។
លោក យឹម វីរៈ ប្រាប់ថា៖ «មិនមែនស្លាប់ដោយសារការជួញដូរទេ គឺស្លាប់ដោយសារការស្វែងរកការងារធ្វើនៅប្រទេសថៃអ៊ីចឹងទៅ ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយគ្រោះថ្នាក់ផ្សេងៗអីចឹង មិនមែនជារឿងមួយដែលពាក់ព័ន្ធនឹងរឿងជួញដូរទេ ក៏ប៉ុន្តែ គេគិតទិន្និន័យ និងតួលេខដែលពលរដ្ឋខ្មែរយើងស្វែងរកការងារធ្វើនៅក្រៅប្រទេស ហើយត្រូវបានទទួលគ្រោះថ្នាក់សង្គម។ អីចឹង វាចរាចរណ៍ វាមានធ្លាក់ពីលើអគារដោយការងារអីចឹងៗ»។
គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានបង្ហាញរបាយការណ៍ ថា រយៈពេល ៦ខែក្នុងឆ្នាំ២០១៩នេះ អាជ្ញាធរបរទេស ក៏បានបញ្ចូនត្រឡប់មកកម្ពុជាវិញនូវពលករខ្មែរចំនួន ២១៧៤៦នាក់ ដែលរងគ្រោះថ្នាក់ដោយសារមូលហេតុផ្សេងៗ ហើយពលករដែលបញ្ជូនមកភាគច្រើនពីប្រទេសថៃ។
មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឌី ថេហូយ៉ា ចាត់ទុកការបញ្ជូនសាកសពពលខ្មែរមកកម្ពុជានេះ មិនមែនជាថ្មី ប៉ុន្តែ លោកមើលឃើញថា កត្ដាដែលនាំករណីនេះកើតឡើងដដែល ដោយសារយន្តការនៃគ្រប់គ្រងពលករទៅក្រៅប្រទេសនៅកម្រិត។
លោក ឌី ថេហូយ៉ា ប្រាប់ថា៖ «ការគ្រប់គ្រង និងការធ្វើចំណាកស្រុករបស់ពលរដ្ឋយើងមិនបាន ទី២ ប្រទេសដែលទទួលក៏មិនបានអនុវត្តច្បាប់ក្នុងនាមជាប្រទេសទទួលដើម្បីធានាបានសុខសុវត្ថិភាពពលករចំណាកស្រុកហ្នឹង។ មួយទៀត កើតចេញពីប្រភេទការងារ ដូចជា វិស័យសំណង់ អីចឹង ប្រព័ន្ធការពារសុវត្ថិភាពរបស់ពលករនៅធ្វេសប្រហែសដូចនៅថៃអីហ្នឹង ជួនកាលគាត់ធ្លាក់ពីលើអគារ ជួនកាលគេធ្វើបាប ចុះទូកអីអីចឹង ជួនកាលគាត់ឆ្លងដែនមិនតាមច្រកផ្លូវការអីអីចឹង។ បញ្ហានេះ ជំរុញឱ្យពលរដ្ឋយើងគេធ្វើការរហូតដល់ស្លាប់អីចឹង»។
លោកបន្តថា មូលហេតុដែលនាំឱ្យប្រជាពលរដ្ឋខ្មែរបន្តឆ្លងដែនដោយខុសច្បាប់ដោយសារូលហេតុដែលនាំឱ្យប្រជាពលរដ្ឋខ្មែរបន្តឆ្លងដែនដោយខុសច្បាប់ ដោយសារ ន្ធការពារប្រជាពលរដ្ឋដែលបានទៅធ្វើការនៅប្រតម្លៃធ្វើលិខិតឆ្លងដែនថ្លៃ ការរៀបចំឯកសារមានភាពយឺតយ៉ាវ ខ្វះប្រព័ន្ធការពារសុវត្ថិភាពប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុកជាដើម។
កាលថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៩ អាជ្ញាធរថៃបានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៨៥នាក់ដាក់ពន្ធនាគារ បន្ទាប់ពីត្រួតពិនិត្យឃើញថា ពួកគេឆ្លងដែនដោយខុសច្បាប់។
របាយការណ៍បស់ក្រសួងមហាផ្ទៃកាលពីឆ្នាំមុន បង្ហាញថា ពលករខ្មែរដែលស្លាប់បញ្ជូនមកកម្ពុជាវិញមានចំនួន ១៨៥នាក់ ខណៈពលករខ្មែរជិត ២ម៉ឺននាក់ ត្រូវបានអាជ្ញាធរបរទេសបញ្ចូនឱ្យត្រឡប់មកកម្ពុជាវិញចន្លោះពីខែមករាដល់ខែមិថុនាកាលពីឆ្នាំ២០១៨កន្លងមក។
របាយការណ៍របស់ក្រសួងការងារ ឱ្យដឹងថា កម្ពុជាមានពលករចំណាកស្រុកជាង ១លាន ២សែននាក់ ដែលទៅធ្វើការនៅក្រៅប្រទេសដែលរួមមាន ប្រទេសកូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី សិង្ហបុរី ហុងកុង ជាដើម។
របាយការណ៍របស់ក្រសួងការងារបញ្ជាក់ថា ពលករខ្មែរជាង ១លាន ១សែននាក់ហើយ កំពុងធ្វើការនៅប្រទេសថៃ ដោយចំនួននេះ ក្រសួងមិនបានបង្ហាញពីតួលេខនៃអ្នកដែលទៅធ្វើការដោយខុសច្បាប់នោះឡើយ៕