សមត្ថកិច្ចកម្ពុជាចាប់ជនជាតិចិន១២៧នាក់ក្នុងករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត

ជនជាតិចិនដែលសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃចាប់ខ្លួននៅក្រុងព្រះសីហនុ (រូបថតសមត្ថកិច្ចនគរបាលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននាថ្ងៃទី១៤ខែសីហា២០១៩)

សមត្ថកិច្ចកម្ពុជាបានសហការជាមួយសមត្ថកិច្ចចិនចាប់ខ្លួនជនជាតិចិនជាង១២០នាក់ ដែលជាប់ពាក់ព័ន្ធករណីចាប់ជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត កាលពីម្សិលមិញ នៅខេត្តព្រះសីហនុ។

នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០១៩ បានសហការជាមួយសមត្ថកិច្ចចិន ដោយឃាត់ខ្លួនជនជាតិចិនចំនួន១២៧ ក្នុងនោះមានស្រី១០នាក់ ដោយសង្ស័យថាចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត (VOIP) ។

ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន លោក អ៊ី សុខឃី បានប្រាប់ VOD តាមទូរសព្ទថា ជនជាតិចិនដែលធ្វើការឃាត់ខ្លួននៅខេត្តព្រះសីហនុ  ត្រូវបានបញ្ជូនមកឃុំខ្លួននៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រាជធានីភ្នំពេញ ដោយរងចាំនីតិវិធីបន្ត និងបណ្តេញចេញទៅប្រទេសដើមរបស់ពួកគេវិញ។

លោក អ៊ី សុខឃី បានមានប្រសាសន៍ថា៖ «​ ឥលូវនេះ យើងបានបញ្ចូនមកឃុំខ្លួនបន្តនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៅភ្នំពេញ ហើយមន្ត្រីជំនាញនឹងមាននីតិវិធីបន្ត ចុងក្រោយយើងនឹងបណ្តេញទៅប្រទេសចិន»។

ជុំវិញនឹងនីតិវិធីក្រោយពេលបណ្តេញជនជាតិចិនទៅប្រទេសដើមវិញនោះ លោក អ៊ី សុខឃី បញ្ជាក់ថា លោកមិនបានដឹងពីវិធានការណ៍ឬគោលការកាត់ទោសយ៉ាងណានោះទេ ដោយលោកមានសមត្ថកិច្ចត្រឹមតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោកស៊ឹង សែនករុណាមាន​ប្រសាស​ន៍​​​​ថាសព្វថ្ងៃនេះទង្វើនិងអាកប្បករិយារបស់ជនជាតិចិនមួយចំនួនបានបង្កការភ័យខ្លាចនិង​កង្វល់ដល់​ប្រជា​ពល​រដ្ឋ​​​កម្ពុជា។ លោកបញ្ជាក់ថា ជនជាតិចិនរកស៊ីគ្រប់ជំនាញនៅកម្ពុជា តាំងពីរបរលក់ដូរធម្មតា រហូតដល់​ជំនួញ​ធំៗ តែអ្វីគួរឱ្យបារម្ភខ្លាំងនោះគឺការបង្កឧក្រិដ្ឋកម្មដូចយ៉ាងពេស្យាចារឬចាប់ជំរិត គ្រឿងញៀននិង​បើក​បន​ល្បែង​​ខុសច្បាប់ជាដើម ។

លោកស៊ឹងសែន ករុណា មានប្រសាសន៍ថា៖ «នៅពេលដែលមានការចូលមកដល់ក្នុងប្រទេសយើងហ្នឹង បានជាមានការថ្លោះ​ធ្លោយធ្វើឱ្យជនទាំងអស់ហ្នឹងគាត់ឆ្លៀតឱកាសក្នុងការបង្កចលាចលឬធ្វើឱ្យអសន្តិសុខក្នុងសង្គម។ យើងគិតថាចំណុចទាំងអស់នេះគួរណាស់តែមានការត្រួតពិនិត្យទាំងការរកស៊ីទាំងសកម្មភាពផ្សេងៗរបស់ជនជាតិហ្នឹងអាចថា​លក្ខណៈពិសេសជាងគេ។

របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៨បង្ហាញថា ជនជាតិចិននៅ  កម្ពុជាមានចំនួន ២១ម៉ឺននាក់  ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុមានច្រើនជាងគេរហូតដល់ទៅ​ ៧ម៉ឺន៨ពាន់នាក់ (៧៨ ០០០នាក់)។ របាយការណ៍របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ក៏បង្ហាញថា  គិតត្រឹមបំណាច់ឆ្នាំ២០១៨កម្ពុជាបានបញ្ជូនជនជាតិចិនដែលប្រព្រឹត្តខុសច្បាប់នៅកម្ពុជាមានជាង៧០០នាក់ ចេញពីកម្ពុជាហើយ​បទ​ល្មើស​ដែលសមត្ថកិច្ចអះអាងថាមានច្រើនជាងគេនោះ គឺបទល្មើសគំរាមជំរិត និង​ឆបោកតាមប្រព័ន្ធទូរគម​នាគមន៍ (VOIP)។​

ទោះជាយ៉ាងណាអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ​មិនទាន់បង្ហាញតួលេខ​បូកសរុបការចាប់​បញ្ជូន​​​​ជន​ជាតិចិនចេញពីកម្ពុជាក្នុងឆមាសទី១ឆ្នាំ២០១៩នេះនៅឡើយទេ។កាលពីខែមិនាឆ្នាំ២០១៩ជនជាតិ​ចិន​១៦៣​នាក់ ​ត្រូវ​ឃាត់​ខ្លួន​នៅ​សៀមរាប​ពាក់ព័ន្ធ​ការ​បើក​ល្បែង​តាម​អ៊ីនធឺណិតនិងបើកល្បែងខុសច្បាប់។

ចាប់តាំងពីឆ្នាំ ២០១៤ដល់ខែមករា ឆ្នាំ២០១៩ ជនបរទេស ១៤.៩០៩ នាក់មកពី ៩៣ ប្រទេសផ្សេងៗគ្នាត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា។ក្នុងចំណោមនោះជនជាតិចិន១.៦៤៩នាក់ត្រូវបាននិរទេសពីបទប្រព្រឹត្តិបទល្មើស​​ឧក្រិដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ