កម្ពុជា​ប្រកាស​គាំទ្ររាល់ចំណាត់​ការ​របស់​ចិនក្នុងការរក្សាសន្តិភាពនៅហុងកុង​

សមត្ថកិច្ចហុងកុងឃាត់ខ្លួនអ្នកតវ៉ាដែលបានធ្វើបាតុកម្មប្រឆាំងច្បាប់បត្យាប័ន កាលពីថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ AP

ក្រសួងការ​បរទេសកម្ពុជា បាន​ចេញសេចក្តី​ថ្លែងការណ៍គាំទ្រចំណាត់ការនានារបស់រដ្ឋាភិបាលចិនក្នុងការរក្សាសន្តិភាព​នៅក្រុងហុងកុង។

ក្នុងសេចក្តីថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​នៅថ្ងៃនេះ ក្រសួងការបរទេសកម្ពុជា​ ចាត់ទុក​ស្ថានការណ៍ដែល​កំពុងកើតឡើងនៅក្រុងហុងកុងជាបញ្ហាផ្ទៃក្នុងរបស់ចិន។ ជាមួយគ្នានេះ កម្ពុជា ក៏បាន​ប្រកាស​គាំទ្រចំពោះ​សកម្មភាព​របស់រដ្ឋាភិបាល​ក្រុងប៉េកាំង និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ក្នុងការរក្សា​សន្តិសុខសណ្ដាប់ធ្នាប់​។

ក្រសួងការ​បរទេសកម្ពជា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា៖«ប្រទេសកម្ពុជាគាំទ្រនូវរាល់ចំណាត់ការចាំបាច់នានា របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិទាំងឡាយរបស់ប្រទេស និងការប្រតិបត្តិជាអន្តរជាតិ។»

ពលរដ្ឋហុងកុង ជាច្រើន​ម៉ឺននាក់​បាន​ចេញ​ធ្វើបាតុកម្ម​អស់​រយៈពេល​ជាង១១សប្តាហ៍មកហើយ ដែល​ចុងក្រោយនេះឈាន​រហូតដល់​បិទព្រលាន​យន្តហោះតំបន់ស្វយ័តនេះទៀតផង។  បាតុកម្ម​នេះ ផ្តើមចេញ​ពីការទាមទារឲ្យទម្លាក់ចោលសេចក្តីស្នើ​​ច្បាប់បត្យាប័ន​ដែល​អាចឲ្យរដ្ឋាភិបាល​ក្រុងប៉េកាំង​ស្នើ​បញ្ជូន​អ្នកទោស​ពី​ហុងកុង​ទៅកាត់ក្តីនៅចិន​ដីគោក។ ទោះបី​ជាប្រមុខក្រុងហុងកុង លោកស្រី ខារី ឡាំ បានប្រកាស​ថា​សេចក្តី​ស្នើ​ច្បាប់នោះបាន​ស្លាប់​បាត់ហើយយ៉ាងណាក្តី​ តែក្រុមបាតុករ​នៅតែមិនជឿ។ ពួកគេ បាន​ទាមទារ​ឲ្យប្រមុខក្រុងហុងកុងរូបនេះ ចុះចេញ​ពីតំណែង ហើយស្នើឲ្យ​ដោះលែងបាតុករដែល​ត្រូវចាប់ខ្លួនកន្លងមក ក៏ដូចជា​ស៊ើបអង្កេតឲ្យបាន​ម៉ត់​ចត់​ករណីសមត្ថកិច្ចប្រើប្រាស់​ហិង្សា​លើបាតុករ។

បាតុកម្ម​រយៈពេល​ជាង១១សប្តាហ៍នេះ ក្រុមបាតុករ​និងប៉ូលីសតែងតែ​ប៉ះទង្គិចគ្នា​ ហើយរងរបួសទាំងសងខាង។ សមត្ថកិច្ច​ហុងកុង​ បាន​អះអាង​ថា​ពួកគេធ្វើការ​បង្រ្កាប​គឺដើម្បី​រក្សាសណ្ដាប់ធ្នាប់ ការរីកចម្រើន និងស្ថិរភាព​ក្នុងក្រុងនេះតែប៉ុណ្ណោះ។

​រដ្ឋាភិបាល​ក្រុងប៉េកាំង បាន​ហៅបាតុកម្ម​របស់ក្រុម​អ្នក​តវ៉ា​ទាំងនោះថា​ជាសញ្ញានៃអំពើភេរវកម្ម។

នៅសប្តាហ៍នេះ សារព័ត៌មាន​រដ្ឋចិនមួយចំនួន បាន​បង្ហោះវីដេអូឃ្លីប​លើបណ្តាញ​Twitter  របស់គេ ពីសម្មភាព​​រថក្រោះ និង​រថយន្តរបស់កងទ័ពរំដោះ​ប្រជាជន​ចិន​ជាច្រើន​ ធ្វើ​ដំណើរទៅកាន់​ក្រុងស៊ិនជិនដែល​មានព្រំប្រទល់​ជាប់​នឹង​ក្រុងហុងកុង។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​Business Insider កងទ័ព​ទាំងនោះ​ឈរជើងនៅចម្ងាយ​ប្រមាណតែ​៥គីឡូម៉ែត្រប៉ុណ្ណោះ​ពីស្ពាន​ឆ្នេរសមុទ្រស៊ិនជិនទៅ​ក្រុង​ហុងកុង។

កាលពីចុងខែកក្កដាកន្លងទៅ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​Bloomberg  រដ្ឋមន្រ្តី​ក្រសួងការបរទេសអាមេរិក​ លោក Mike Pompeo បាន​ស្នើឲ្យចិន​ដំណោះស្រាយ​បញ្ហា​ហុងកុងឲ្យបាន​ត្រឹម​ត្រូវ។ លោក បាននិយាយថាការ​ធ្វើបាតុកម្ម​របស់​ពលរដ្ឋហុងកុងជារឿងត្រឹម​ត្រូវ ដូចអ្វីដែល​បាន​អនុវត្តន៍នៅអាមេរិក​។ លោក សង្ឃឹមថា​ប្រទេសចិននឹង​គោរព​លើកិច្ច​ព្រមព្រៀង​ដែលប្រទេសនេះ បាន​ផ្ដល់ឲ្យពលរដ្ឋហុងកុង។  

នៅថ្ងៃទី១៧​ ខែសីហានេះ សហភាព​អឺរ៉ុប ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍មួយផងដែរ​ទាក់ទងនឹង​ស្ថានការណ៍ក្នុងក្រុុងហុងកុង។ តាមសេចក្តី​ថ្លែងការណ៍​នោះ​ អនុប្រធានស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី​ Federica Mogherini បាន​លើកឡើងថា​ក្នុងរយៈពេល​ជាង២ខែមកនេះ ពលរដ្ឋហុងកុងជាច្រើនបានប្រើប្រាស់សិទ្ធិជាមូលដ្ឋាន​របស់ពួកគេក្នុងការប្រមូលផ្តុំ ប៉ុន្តែ​សហភាព​អឺរ៉ុប​សង្កេត​ឃើញថាមាន​អំពើហិង្សា​ដែលមិនអាចទទួល​យក​ជាច្រើន​បាន​កើតឡើង។ លោកស្រី បានស្នើឲ្យភាគី​ពាក់​ព័ន្ធទាំងអស់​ជជែក​គ្នា​ដើម្បី​បញ្ចប់បញ្ហា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ