ក្រសួងអប់រំបង្ហាញរបាយការណ៍ថា សិស្សដែលចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅឆ្នាំនេះ អវត្តមានជិត២០០០នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំចេញផ្សាយនៅថ្ងៃនេះបង្ហាញថា ក្នុងចំណោមសិស្សដែលមានសិទ្ធិប្រឡងមធ្យមសិក្សាថ្ងៃទី១៩ -២០ខែសីហាឆ្នាំ២០១៩ចំនួន១១៧ ០៤៣នាក់នោះគឺអវត្តមាន១៨៣៨នាក់។ របាយការណ៍ក្រសួងឱ្យដឹងដែរថា កាលពីឆ្នាំ២០១៨ចំនួន សិស្សអវត្តមានចំនួន១៨៩៩នាក់។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោករស់ សុវាចា បានប្រាប់VODតាមរយៈបណ្តាញសង្គមតេឡេក្រាមថារហូតមកដល់ពេលនេះ លោកមិនទាន់ទទួលបានពត៌មានលម្អិតពីមូលហេតុនៃអវត្តមានរបស់បេក្ខជននៅឡើយទេ។ លោកបញ្ជាក់ថា ក្រុមការងារក្រសួងកំពុងតែផ្តោតសំខាន់លើការងារជាទូទៅមុនសិន។
លោក រស់ សុវាចា៖ « មកដល់ពេលនេះគឺមិនទាន់មានព័ត៌មានលម្អិតអាចបញ្ជាក់ជូនពីមូលហេតុនៅក្នុងការអវត្តមានរបស់សិស្សនេះទេ ដោយហេតុផលថាក្រុមការងារកណ្តាលក្រសួងកំពុងតែខិតខំធ្វើការងារទូទៅ និងការងារជាអទិភាពជាមុនសិន»។
បើតាមសេចក្តីប្រកាសរបស់ក្រសួង លទ្ធផលប្រឡងនឹងចេញជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩ នៅតាមមណ្ឌលរាជធានីភ្នំពេញ និងពេលរសៀលថ្ងៃដដែលនៅខេត្តកណ្តាល ចំណែកឯមណ្ឌលប្រលងក្នុងខេត្តផ្សេងៗទៀតនឹងចេញនាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ តាមរយៈការផ្សព្វផ្សាយក្នុងបណ្តាញទំព័រហ្វេសប៊ុកជាផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕