សមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួនអ្នកសារព័ត៌មាន៥នាក់

អ្នកសារព័ត៌មាន៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ (ប្រភព៖ ហ្វេសប៊ុក)

អភិបាលខេត្តពោធិ៍សាត់ អះអាងថា អ្នកសារព័ត៌មាន៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត សាកសួរពាក់ព័ន្ធរឿង បន្លំខ្លួនធ្វើជាមន្ត្រីស្ថាប័នរដ្ឋ ទារប្រាក់ប្រជាពលរដ្ឋ។

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានប្រាប់វីអូឌីនៅថ្ងៃទី២១ ខែសីហានេះថា ក្រុមការងាររបស់លោក បានសហការជាមួយសមត្ថកិច្ចជំនាញឃាត់ខ្លួនអ្នកសារព័ត៌មាន៥នាក់នោះ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ ពាក់ព័ន្ធនឹងរឿងបន្លំខ្លួនធ្វើជាមន្ត្រីក្រសួងរ៉ែ ឬក្រសួងបរិស្ថាន ហើយទារលុយប្រជាពលរដ្ឋដែលមានគំនរឈើនៅក្រោយផ្ទះ ។ លោកបន្តថា សមត្ថកិច្ចកំពុងតែសាកសួររកមូលហេតុពាក់ព័ន្ធផ្សេងៗទៀត។​

លោកម៉ៅ ធនិន៖ «ខ្ញុំអត់ទាន់បានលម្អិតការងារហ្នឹងទេ ចាំមើលឲ្យខាងជំនាញ ខាងសមត្ថកិច្ចធ្វើការងារចប់សព្វគ្រប់សិន គេកំពុងតែពិនិត្យលើការងារហ្នឹងហើយនៅស្នងការដ្ឋាននគរបាលខេត្ត»។

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា ដែលអះអាងថា បានចាត់ក្រុមការងាររបស់លោកចុះស្រាវជ្រាវជុំវិញករណីនេះ ដោយរកឃើញថា អ្នកព័ត៌មានទាំងនោះមានឈ្មោះ អ្នកនាង សុំ គឺមសៀ លោក ឯម សូវិសាល នៅអង្គភាពសារព័ត៌មាន (TNC) លោក រុំ រដ្ឋា នៅអង្គភាពសារព័ត៌មាន (PCN) លោក ថុង គឹមងួន នៅអង្គភាពសារព័ត៌មាន(PCN) និងលោក ឯម សុវិសិដ្ឋ នៅអង្គភាពសារព័ត៌មាន (CPN)។ លោកថា អ្នកទាំងនេះ រងការចោទថា សម្លុតគំរាមប្រជាពលរដ្ឋ ដែលមានគំនរឈើទុកក្រោមផ្ទះទារលុយ២០ម៉ឺនរៀល នៅភូមិបំណក់ ស្រុកក្រគរ និងបន្លំខ្លួនថាជាមេព្រៃមកពីក្រសួង និងតាំងខ្លួនជាមន្ត្រីមកពីអង្គភាពក្រសួងរ៉ែ និងបរិស្ថានជាដើម។

ករណីនេះ លោក បូណា អះអាងថា ក្រុមការងាររបស់លោកនឹងស្រាវជ្រាវរកការពិត ដើម្បីជួយរកយុត្តិធម៌ដល់អ្នកទាំងនោះ។

លោក បូណា៖ «កាលណាគាត់ជាអ្នកសារព័ត៌មាន ហើយគាត់ជួបបញ្ហាក្នុងវិជ្ជាជីវៈយើងជួយអន្តរាគមន៍ គឺសុំឲ្យមានយុត្តិធម៌ កុំឲ្យមានការរំលោភបំពានទៅលើភាគីណា​ ហើយបើសិនជាអ្នកសារព័ត៌មានយើងធ្វើខុសមែន មានតែសម្របសម្រួលឲ្យគេអភ័យទោស ឬធ្វើកិច្ចសន្យាជាមួយគេ ឈប់ធ្វើអញ្ចឹង​»

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានសាកសួរ​អ្នកព័ត៌មាន ២នាក់​ក្នុង​បទ​ចោទ​ញុះ​ញុង​ឱ្យ​ពលរដ្ឋ​ ចុះតវ៉ា រារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដែលឈូសឆាយលើដីទំនាស់របស់ប្រជាពលរដ្ឋជាង២០គ្រួសារនៅក្នុងខេត្តនោះ។ ​

អ្នកព័ត៌មានទាំងពីរ​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ គឺ​មាន​ លោក​ ហ៊ុន​ សុខា​ ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ និង​លោក​ កែវ​ រតនា​ ចាងហ្វាង​កាសែត​ទូរទស្សន៍​អន​ឡាញ​ឈ្មោះ​ TN​ TV​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ