អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ នៅតែបដិសេធការជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា ដដែល ក្រោយពីតុលាការសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងក្ដីមួយនេះ។
កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៩ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកំណត់យកថ្ងៃទី២២ ខែសីហានេះ ជាថ្ងៃប្រកាសសាលក្រមអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោកដែលជាអតីតស្នងការរងនគរបាលខេត្តតាកែវ លោក ឡាយ ណារិទ្ធ រួមទាំងមនុស្ស ២ នាក់ទៀត ក្នុងសំណុំរឿងឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា ប៉ុន្តែ ការប្រកាសនេះ ត្រូវបានពន្យាពេលវិញ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ ថ្លែងថា ការសម្រេចពន្យាពេលប្រកាសសាលក្រម ដោយសំអាងថា សំណុំរឿងនេះ មានភាពស្មុគស្មាញ ច្រើនចាំបាច់ត្រូវធ្វើការពិចារណាឱ្យបានច្បាសលាស់ មុននឹងធ្វើការសម្រេចសេចក្ដី។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ ប្រាប់ថា៖ «សំណុំរឿងនេះ មានភាពស្មុគស្មាញច្រើន ចាំបាច់ត្រូវធ្វើការពិចារណាឱ្យបានម៉ត់ចត់ មុននឹងធ្វើការសម្រេចសេចក្ដី។ ដូច្នេះ តុលាការសម្រេចពន្យាប្រកាសសាលក្រម»។
បន្ទាប់ពីបានស្ដាប់ចៅក្រមសម្រេចលើកពេលប្រកាសសាលក្រម លោក ឡាយ វណ្ណៈ ប្រាប់អ្នកសារព័ត៌មានថា ការសម្រេចលើកពេលនេះជារឿងត្រឹមត្រូវ។ លោកបន្តថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា ពិតមែន ប៉ុន្តែ លោកមិនបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ដូចការចោទប្រកាន់ឡើយ។
លោក ឡាយ វណ្ណៈ ប្រាប់ថា៖ «បងបានស្បថ បើបងបានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា ដូចការចោទប្រកាន់របស់ក្រុមប៉ូលិសក្រសួងមហាផ្ទៃមែន សូមឱ្យក្រុមគ្រួសារបង ប្រពន្ធបងដែលមានកូនទាំង ៣ បើបងបានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា មែន បងរក្សាពាក្យសម្បថដដែល សូមឱ្យក្រុមគ្រួសារបងស្លាប់វិនាសតៃហោង ធ្លាក់នរកប្រាំបួនជាន់ មិនបានចាប់ជាតិជារៀងរហូត។ បើបងបានសម្លាប់គេ បងមិនយកក្រុមគ្រួសារបងទៅដាក់ភ្នាល់ស្បថបែបនេះទេ…»។
អ្នកស្រី ចេវ សុវឌ្ឍនា អាយុ ៣៦ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់នៅផ្ទះជួលក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
ករណីឃាតកម្មនេះ ត្រូវបានសមត្ថកិច្ចខេត្តតាកែវ ធ្វើការសន្និដ្ឋានកាលពីដំបូងថា ស្ត្រីរូបនេះបានចងកសម្លាប់ខ្លួនដោយសារវិបត្តិស្នេហា។ ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវរបស់មន្ត្រីជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រកឃើញថា ករណីនេះ មិនមែនជារឿងអត្តឃាតឡើយ គឺជារឿងឃាតកម្ម ដោយមានអ្នកបញ្ជានិងរៀបចំទុកសម្លាប់ជនរងគ្រោះ។
លោក ឡាយ វណ្ណៈ និង លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសបង្កើត ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដោយបទឃាតកម្មនេះ អ្នកទាំងពីរអាចជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ។
ដោយឡែក អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ ឈ្មោះ ម៉េន សាម៉ៃ និងអ្នកបម្រើនៅផ្ទះស្រ្តីរងគ្រោះឈ្មោះ ជឹម វុធ ត្រូវបានតុលាការសម្រេចចោទប្រកាន់ ពីបទបាំងតម្រុយតាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ៕