អាជ្ញាធរ​ពន្ធដារ​​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​ខកខាន​បង់ពន្ធ​អចលនទ្រព្យ

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​អ្នក​ខក​ខាន​បង់ពន្ធ​អចលនទ្រព្យ​ឆ្នាំ​២០១៩ ខណៈ​ដែល​ការ​បង់​ពន្ធ​អចលន​ទ្រព្យ​នឹង​បិទ​បញ្ចប់​នៅ​ត្រឹម​ចុង​ខែ​ក្រោយ​នេះ។

ក្នុង​សេចក្តី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារថា​ រហូត​មក​ដល់​ពេល​នេះ​ ខ្លួន​សង្កេត​ឃើញ​ថា ​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួននៅ​មិន​ទាន់​បំពេញ​កាតព្វកិច្ច​ពន្ធ​នៅ​ឡើយ ដោយ​រំឮក​ឱ្យពលរដ្ឋ​ដែល​ពុំ​ទាន់​បង់​ទាំង​អស់​​​ឱ្យ​ចូល​រួម​បង់ពន្ធឱ្យ​បាន​គ្រប់​គ្នាមុន​ថ្ងៃ​៣០ កញ្ញា​ខាង​មុខ។

អគ្គនាយកដ្ឋាន​ពន្ធដារ លើក​ឡើងថា៖ «ចំពោះ​ការ​ខកខាន​មិន​បាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលាកំណត់​ខាង​លើ ម្ចាស់​អចលនទ្រព្យ​នឹង​ត្រូវ​រង​នូវ​ទោស​ទណ្ឌតាម​ច្បាប់​ជា​ធរមាន»

យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ជា​រៀង​រាល់​ឆ្នាំ​ថ្ងៃ​ទី​១ តុលា រដ្ឋបាល​សារពើ​ពន្ធ​មាន​សិទ្ធិ​ត្រួត​ពិនិត្យ​លើ​ការ​បង់​ពន្ធ​របស់​អ្នក​​ជាប់​ពន្ធ​និង​ពិន័យ​ទៅ​លើ​អ្នក​គេចវេស​ ឬ​មិនបាន​បង់តាម​ច្បាប់​សារពើពន្ធ ឬ​​​អាច​ឈាន​ដល់​ការ​ប្ដឹង​ទៅ​ដល់​តុលាការ​ផង​ដែរ។

​មាត្រា៩ នៃ​ប្រកាស​ស្ដីពី​ការ​ប្រមូល​ពន្ធ​លើអចលនទ្រព្យ ឱ្យ​ដឹង​ថា​ អ្នក​ជាប់​ពន្ធ​ដែល​មាន​អចលនទ្រព្យ​​ដែល​មាន​តម្លៃ​លើស​ពី​ ១០០​លាន​រៀល (ប្រហែល ២ម៉ឺន ​៥ពាន់ដុល្លារ) ត្រូវ​មាន​កាតព្វកិច្ច​ចុះ​បញ្ជី​នៅ​រដ្ឋបាល​សារពើ​ពន្ធ​ក្នុង​ភូមិសាស្ត្រ​ដែល​អចលនទ្រព្យ​នោះ​ស្ថិ​ត​នៅ​យ៉ាង​យឺ​ត​បំផុត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​នៃ​ឆ្នាំ​ជាប់​ពន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ