អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងយុត្តិធម៌ ត្រូវបានរដ្ឋាភិបាលដកហូតពីតំណែង ដោយសារតែជាប់ពាក់ព័ន្ធនឹងបញ្ហាដីធ្លីស្ថិតនៅភាគឦសានប្រទេសកម្ពុជា។
ក្នុងព្រះរាជក្រឹត្យកាលពីថ្ងៃសុក្រសប្ដាហ៍មុន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង សុវណ្ណារ៉ា ត្រូវបានព្រះមហាក្សត្រសម្ដេចព្រះ នរោត្ដម សីហមុនី បញ្ចប់មុខតំណែង ទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់ថា លោក សេង សុវណ្ណារ៉ា ពិតជាត្រូវបានដកហូតពីតំណែងនេះមែន ប៉ុន្តែ លោកបដិសេធជជែកលម្អិតអំពីមូលហេតុនៃការសម្រេចដកហូតតំណែងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ហើយលោករុញឲ្យសាកសួរព័ត៌មានបន្ថែមពីអ្នកនាំពាក្យរដ្ឋាភិបាល។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វីអូឌីនៅថ្ងៃនេះថា លោក សេង សុវណ្ណារ៉ា ត្រូវបានរដ្ឋាភិបាលសម្រេចដកហូតពីតំណែង បន្ទាប់ពីលោកជាប់ពាក់ព័ន្ធនឹងករណីដីធ្លីនៅខេត្តមណ្ឌលគិរី។
លោក ផៃ ស៊ីផាន ថា៖ «ខ្ញុំដឹងថា ម្នាក់ហ្នឹងពាក់ព័ន្ធនឹងរឿងដីធ្លី [អ្នកសារព័ត៌មាន៖ ពាក់ព័ន្ធរឿងដីធ្លីនៅខេត្តមណ្ឌលមែនទេឯកឧត្តម?] អាហ្នឹងពិតប្រាកដហើយ ប៉ុន្តែ ច្រើនជាងហ្នឹងទៀត ខ្ញុំអត់ដឹងទេ»។
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានសម្រេចបដិសេធសិទ្ធិកាន់កាប់ដីធ្លីពីលោក សេង សុវណ្ណារ៉ា វិញ បន្ទាប់ពីអភិបាលខេត្តរូបនេះបានទទួលសិទ្ធិកាន់កាប់ដីធ្លីរបស់លោក សុវណ្ណារ៉ា នៅលើដីទំហំជិត ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក។
អភិបាលខេត្តរូបនេះ បានសម្រេចបដិសេធបែបនេះ បន្ទាប់ពីរកឃើញថា ដីនោះស្ថិតនៅក្នុងដែនអភិរក្សគ្រប់គ្រងដោយក្រសួងបរិស្ថាន។
ក្រៅពីដីនៅស្រុកកោះញែកនោះ កាលពីថ្ងៃទី២២ ខែកក្កដាកន្លងមក ជនជាតិដើមភាគតិចពូនងនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក៏ធ្លាប់បានចោទលោក សេង សុវណ្ណារ៉ា ថា បានគំរាមកំហែងចាប់ពួកគេដាក់ពន្ធនាគារ បើមិនប្រគល់ដីចំនួន ៤៧២ហិកតាឱ្យលោកទេ។
ទាក់ទិននឹងវិធានការទៅលើមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ លោក ផៃ ស៊ីផាន បានរុញឱ្យទៅសាកសួរព័ត៌មានបន្ថែមពីអង្គភាពប្រឆាំងអំពើពុករលួយ។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង បានឲ្យដឹងថា អង្គភាពលោកនៅមិនទាន់បើកការស៊ើបអង្កេតទៅលើលោក សេង សុវណ្ណារ៉ា នៅឡើយទេ ដោយថា មិនទាន់មានភស្តុតាងបញ្ជាក់ពីភាពពាក់ព័ន្ធទៅនឹងអំពើពុករលួយ។
លោក ឃាង សេង ប្រាប់ថា៖ «ខ្ញុំចង់ឱ្យពិចារណាទៅលើថា តើមានព័ត៌មានប៉ុណ្ណឹង វាទាក់ទងអីជាមួយនឹងអំពើពុករលួយ វាអត់មាន។ ខ្ញុំមិនអាចបកស្រាយបានទេថា បើកការស៊ើបអង្កេត ឬមិនបើកទេ។ សំណួរនេះ ខ្ញុំចង់ឱ្យទំនាក់ទំនងទៅទេសរដ្ឋមន្ត្រី លោកមានយោបល់យ៉ាងមិចថែមទៀត»។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកឱម យ៉ិនទៀងសុំមិនធ្វើអត្ថាធិប្បាយទេដោយប្រាប់ថាលោកជាប់រវល់។
លោក សេង សុវណ្ណារ៉ា ក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដកចេញពីសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តមណ្ឌលគិរីរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ហើយតួនាទីនេះ ត្រូវជំនួសមកវិញដោយប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី លោក មាស ប្រុស៕