អ្នកភូមិជាង ១០០នាក់ ស្នើអភិបាល​ខេត្តកំពង់ឆ្នាំង​​​ដកមេភូមិ​របស់​ខ្លួន​

រូបសំណាកក្អមដីតំណាងអោយខេត្តកំពង់ឆ្នាំង រូបភាព៖ ជន ចាន់រ៉ែន

ពលរដ្ឋរស់នៅក្នុងភូមិទ្រាត្បូង នា​ខេត្តកំពង់ឆ្នាំង​ ជាង១០០នាក់ បាននាំគ្នាប្រមូលស្នាមមេដៃសុំដកប្រធាន​ភូមិ​របស់​ខ្លួន​ចេញពីតំណែងមេភូមិ ដោយថា​មេភូមិរូបនោះ​ប្រើពាក្យសម្តី​មិនសមរម្យពេលពួកគាត់ទៅរក​សេវា​។

តាមលិខិតដែលធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ពលរដ្ឋ​ភូមិទ្រាត្បូងឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួន១០២នាក់  បាន​នាំគ្នាផ្តិតមេដៃ​ ស្នើឲ្យ​អភិបាល​ដក​លោក​ តុប ឆាន ដែល​ជាមេភូមិរបស់​ខ្លូន​បច្ចុប្បន្នចេញ​ពីតំណែង។ ពលរដ្ឋទាំងបានលើកឡើងតាមរយៈលិខិតដដែលនោះ​ថា លោក តុប ឆាន មិនបានគោរពទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ទារ​តម្លៃសេវាសាធារណៈថ្លៃលើសពីការកំណត់ និងប្រើប្រាស់ពាក្យសម្តីអសីលធម៌ទៅលើពលរដ្ឋដែល​មកទទួលសេវាសាធារណៈនានានៅក្នុងភូមិ។

យោងតាមលិខិតនេះដដែល ប្រជាពលរដ្ឋនៅក្នុងភូមិទ្រាត្បូងបានស្នើសុំជំនួសមេភូមិថ្មី ដែលមានឆន្ទៈបម្រើរាស្ត្រពិតប្រាកដ មានសីលធម៌ និងមិនប្រព្រឹត្តិអំពើពុករលួយ។  

អ្នកភូមិម្នាក់​ដែល​ដើរប្រមូលស្នាមមេដៃ គឺ លោក ព្រឿង ភារុណ បានប្រាប់ VOD តាមទូរសព្ទ បន្ថែមលើលិខិតដែលបានដាក់ចេញទៅសាលាខេត្តកំពង់ឆ្នាំង ថា លោកមេភូមិ តុប ឆាន កន្លងមកធ្លាប់មានជំនាស់ដីធ្លីជាមួយរូបលោកផ្ទាល់ និងអ្នកភូមិដទៃទៀតរហូតមានការប្តឹងដល់សាលាឃុំ ប៉ុន្តែមិនមានដំណោះស្រាយអ្វីឡើយ។ លោកបន្ថែមថា មិនត្រឹម​តែប៉ុណ្ណោះលោកមេភូមិរូបនេះ​ ថែមទាំងបានទារថ្លៃលើសេវាសាធារណៈលើសពីការកំណត់របស់រដ្ឋ។

លោក ព្រឿង ភារុណ៖«គាត់យកតម្លៃថ្លៃលើសពីសេវារបស់រដ្ឋ ដូចជាបញ្ជាក់អេតាស៊ីវិល[សំបុត្រអាពាហ៍ពិពាហ៍]អីចឹងគាត់យកដល់ទៅ៨ម៉ឺនរៀល ឱ្យ១០រៀល[១០ដុល្លារ]អត់យកទេ គាត់យកថ្លៃៗ»។

លោក តុប ឆាន ដែលជាមេភូមិបានបដិសេធការចោទប្រកាន់ខាងលើ ដោយថាករណីនេះជាទំនាស់ផ្ទាល់ខ្លួនរវាងលោក ជាមួយនឹងលោក ព្រឿង ភារុណដែលឈានដល់ការប្តឹងផ្តល់គ្នាដល់សាលាឃុំប៉ុន្តែមិនទាក់ទងដល់ប្រជាពលរដ្ឋជាច្រើនទៀតដូចការចោទរបស់លោក ព្រឿង ភារុណឡើយ។

លោក តុប ឆាន បញ្ជាក់ថាតាមរយៈទូរស័ព្ទថា ស្នាមមេដៃដែលពលរដ្ឋបានផ្តិតជាង១០០ស្នាមមេដៃនៅលើក្រដាសសនោះ ធ្វើឡើងដោយមិនបានដឹងពីមូលហេតុច្បាស់លាស់នោះទេ ដោយ​ថា លោក ព្រឿង ភារុណបានកុហកប្រជាពលរដ្ឋថា ផ្តិតស្នាមមេដៃដើម្បីធ្វើផ្លូវ។

លោក តុប ឆាន « ឱ្យគេ[ពលរដ្ឋ] ផ្តិតមេដៃហ្នឹង គ្មានអក្សរអីនៅលើផ្ទៃក្រដាសទេ គឺក្រដាសទទេ ពេលទៅដល់ហ្នឹងប្រាប់គេថាផ្តិតមេដៃដើម្បីធ្វើផ្លូវ រួចហើយប្រជាពលរដ្ឋគាត់មិនយល់ដែរ ក៏យល់ព្រមចេះតែផ្តិតទៅ។ មួយចំនុចទៀត គឺផ្តិតមេដៃរកអ្នកណាមួយដែលជួយខឹង ជួយស្អប់ខ្ញុំនឹងក្រុមការងារចូលរួមផ្តិតមេដៃ»។

មេភូមិលោក តុប ឆាន បានប្រាប់ថាក្រុមមន្ត្រីខាងលោក នឹងស្រាវជ្រាវអំពីស្នាម មេដៃរបស់ប្រជាពលរដ្ឋទាំងនោះឡើងវិញ និងថា ពលរដ្ឋមួយចំនួនដែលបានផ្តិតមេដៃហើយនោះចង់ដាក់ពាក្យប្តឹងតបទៅនឹងលោក ព្រឿង ភារុណវិញ។

អ្នកភូមិម្នាក់ឈ្មោះ ស៊ុត សុគា អះអាងថាគ្មាននរណាមកបង្ខំពួកគាត់ផ្តិតស្នាមមេដៃនោះទេ ពោលគឺពួកគាត់ចូលរួមផ្តិតដោយសារចង់ផ្លាស់ប្តូរមេភូមិនេះចេញ។

លោក ស៊ុត សុគា ថ្លែងថា៖ «អត់មានអ្នកណាបង្ខំចិត្តទេ ដោយសារគេមិនពេញចិត្តនឹងការងារដូចខ្ញុំថាហ្នឹងណា ទីមួយគឺអត់រឿងអសីលធម៌ហ្នឹងហ្មង»

​លោក សំ ចាន់គា ជាមន្ត្រីសម្របសម្រួលអាដហុកប្រចាំខេត្តកំពង់ឆ្នាំង បានប្រាប់ VOD តាមទូរស័ព្ទថា ចំពោះករណីសុំផ្លាស់ប្តូរមេភូមិនេះ គឺជាសិទ្ធិរបស់ប្រជាពលក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន។ លោក បន្ត​អាជ្ញាធរថ្នាក់ស្រុក-ខេត្តក្រោយពីពិនិត្យលើសំណើរនេះបើសិនជាឃើញថាត្រឹមត្រូវ សមហេតុផល គួរតែធ្វើការផ្លាស់ប្តូរនិងរកមនុស្សណាដែលមានឆន្ទៈក្នុងការបម្រើប្រជាពលរដ្ឋពិតប្រាកដ​។

លោក សំ ចាន់គា មាន​ប្រសាសន៍ថា៖ « មេភូមិគឺជាមន្រី្តរបស់ក្រសួងមហាផ្ទៃ អីចឹងតំណាងរបស់ក្រសួងមហាផ្ទៃគឺមានអភិបាលស្រុក និងអភិបាលខេត្ត។ ចឹងអភិបាលស្រុកនិងអភិបាលខេត្តលោកមានសិទ្ធក្នុងការផ្លាស់ប្តូរនរណាម្នាក់ដែលលោកយល់ថាមិនបានបម្រើសេវាពលរដ្ឋឱ្យបានហ្មត់ចត់»។

អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចាន់ឌឿន មិនទាន់​អាច​បញ្ជាក់ថាសាលាខេត្តបានទទួលសំណើរនេះហើយឬនៅទេ។

បើតាម​លោក​ តុប ឆាន ភូមិទ្រាត្បូង មានពលរដ្ឋរស់នៅប្រមាណ​ ១១៧០នាក់ ហើយ​ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួនប្រហែល ៧០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ