មីយ៉ាន់ម៉ាប្រឹងប្រែងធ្វើកំណែទម្រង់ដើម្បីទទួលបានការវិនិយោគ

រដ្ឋាភិបាលមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជីក្នុងវេទិកាសេដ្ឋកិច្ច Myanmar insight 2019 នៅក្នុងទីក្រុងបាងកក

រដ្ឋាភិបាលមីយ៉ាន់ម៉ាប្រែពីរដ្ឋាភិបាលយោធាមកគ្រប់គ្រងតាមបែបប្រជាធិបតេយ្យបានប្រកាសថា ខ្លួនធ្វើកំណែទម្រង់លើវិស័យនានារួមមានទាំងនយោបាយ សេដ្ឋកិច្ច និង សង្គម ហើយកំពុងតែចាប់យកការវិនិយោគពីប្រទេសជិតខាង និង តំបន់។

សារមេដឹកនាំមីយ៉ាន់ម៉ា​លោកស្រី អ៊ុង សានស៊ូជីក្នុងវេទិកាសេដ្ឋកិច្ច Myanmar insight 2019 នៅក្នុងទីក្រុងបាងកកប្រទេសថៃបានបញ្ជាក់ថា មីយ៉ាន់ម៉ាកំពុងតែផ្លាស់ប្តូរគោលការទីផ្សារសេដ្ឋកិច្ច ទម្រង់ច្បាប់សង្គម ដែលជាមូលដ្ឋានក្នុងការធ្វើឱ្យសង្គមមានសន្តិសុខ ប្រជាពលរដ្ឋគ្រប់គ្នាទទួលបានសិទ្ធិ និងផលប្រយោជន៍។​

លោកស្រីបញ្ជាក់ថា នៅពេលឆាប់ៗខាងមុខនេះ មីយ៉ាន់ម៉ា និងថៃ និងផ្តល់សិទ្ធិឱ្យក្រុមហ៊ុនជាច្រើនដឹកទំនិញឆ្លងកាន់ព្រំដែនប្រទេសទាំងពីរ។​

នៅក្នុងពិធីនោះ រដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិរបស់មីយ៉ាន់ម៉ាលោក U Thaung Tun  ថ្លែងថា មីយ៉ាន់ម៉ាកំពុងតែស្ថិតនៅក្នុងស្ថិរភាពនៃការរីកចម្រើនគឺទំហំសេដ្ឋកិច្ចពី៨,៩ ប៊ីលានដុល្លារនៅឆ្នាំ២០០០ មក៧១ប៊ីលានដុល្លារនៅឆ្នាំ២០១៨។​ ចំណែកការរំពឹងទុកមីយ៉ាន់ម៉ាមានទទួលបានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយចាប់ពីឆ្នាំ២០១៩ដល់២០២៣។​

បច្ចុប្បន្នមីយ៉ាន់ម៉ាបានភ្ជាប់ផ្លូវរថភ្លើងពីទីក្រុងMuse ទៅកាន់ខេត្ត  Yunan របស់ចិន។​ មីយ៉ាន់ម៉ាបញ្ជាក់ថា តាមរយៈផ្លូវនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ចាប់សេដ្ឋកិច្ចតំបន់អាស៊ានជាមួយចិន។​

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ា និងថៃ កើនឡើងដល់១១ប៊ីលានដុល្លារ នៅឆ្នាំ២០១៧ និង ២០១៨។ ថៃគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ និង ជាប្រទេសដៃគូវិនិយោគធំលំដាប់ទី៤ជាមួយមីយ៉ាន់ម៉ា។​

របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបង្ហាញថា នៅមុនឆ្នាំ២០១១ មីយ៉ាន់ម៉ាគឺជាប្រទេសដែលមានសេដ្ឋកិច្ចគ្មានទំនាក់ទំនងទូលាយជាមួយប្រទេសខាងក្រៅគឺនៅក្រោមការដឹកនាំរបស់ពួកយោធា។ ប៉ុន្តែក្រោយមកពេលប្រទេសនេះធ្វើកំណែទម្រង់របបដឹកនាំពាក់កណ្តាលយោធា និង ប្រជាធិបតេយ្យចន្លោះពី២០១២ដល់២០១៥ សេដ្ឋកិច្ចមានភាពប្រសើរឡើងគឺអត្រាកំណើនសេដ្ឋកិច្ចមាន៧,៩ភាគរយ។​

របាយការណ៍មូនិធិរូបិយវត្ថុអន្តរជាតិ(IMF) បង្ហាញថា នៅឆ្នាំ២០១៩នេះក្នុងចំណោម១០ប្រទេសជាសមាជិកអាស៊ាន មីយ៉ាន់ម៉ាមានទំហំសេដ្ឋកិច្ចធំលំដាប់ទី៧គឺស្ថិតនៅលើប្រទេសកម្ពុជា ឡាវ និង ប្រុយណេ។​

ទន្ទឹមនឹងការធ្វើកំណែទម្រង់នានាដើម្បីទាក់ទាញការវិនិយោគនេះ មីយ៉ាន់ម៉ា ក៏កំពុងតែប្រឈមចំពោះការចោទប្រកាន់ថា មានការរំលោភសិទ្ធិមនុស្ស ការសម្លាប់រង្គាលលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ការរិតត្បិតសេរីភាពការជួបជុំរបស់ប្រជាពលរដ្ឋ និង សិទ្ធិសេរីភាពសារព័ត៌មានជាដើម។​

ទោះយ៉ាងណារាល់បញ្ហាប្រឈមទាំងអស់នេះ មេដឹកនាំមីយ៉ាន់ម៉ាតែងតែឆ្លើយតបដោយទន់ភ្លន់ ហើយសន្យាក្នុងការដោះស្រាយបញ្ហាទាំងនេះ។​

លោកស្រី អ៊ុង សានស៊ូជី បញ្ជាក់ថា មូលហេតុមួយទៀតដែលផ្តល់ឱកាសសម្រាប់វិនិយោគនោះគឺប្រទេសនេះ មានប្រជាជន៥៣លាននាក់ ក្នុងនោះពាក់កណ្តាលអាយុ៣០ឆ្នាំឬ ក្រោមនេះ ដែលជាកម្លាំងពលកម្មមានសក្តានុពលសម្រាប់បំពេញការងារ។

​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ