ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានចោទអាជ្ញាធរមូលដ្ឋានថា បានឃុបឃិតគ្នាលក់ដីព្រៃសហគមន៍ទៅឱ្យក្រុមឈ្មួញ ប៉ុន្តែ អាជ្ញាធរមូលដ្ឋានបានច្រានចោលការចោទប្រកាន់នេះទៅវិញ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចរស់នៅភូមិពូត្រែងឃុំដាក់ដាំ លោក ផ្យាន ច្រេម ប្រាប់វីអូឌីថ្ងៃនេះថា ដីព្រៃសហគមន៍នៅក្នុងឃុំដាក់ដាំ មានទំហំ ២០០០ហិកតា ប៉ុន្តែ នៅថ្ងៃទី២៥ ខែសីហា កន្លងមក មានគ្រឿងចក្រចំនួន ២គ្រឿង បានទៅឈូសឆាយអស់ ២០ហិកតា ដោយមិនមានអាជ្ញាធរណាចុះទៅទប់ស្កាត់ឡើយ។
លោកបន្តថា ដីព្រៃសហគមន៍ ២០ហិកតា អាចត្រូវបានមេភូមិពូត្រែង និងមេឃុំដាក់ដាំ ឃុបឃិតគ្នាលក់ទៅឈ្មួញ ទើបបានគ្រឿងចក្រហ៊ានចូលឈូសឆាយនោះ។
លោក ផ្យាន ច្រេម ប្រាប់ថា៖ «ឆ្នាំ២០១៨ មានគេមកឈូសឆាយ ធ្វើផ្លូវអ៊ីចឹង ពួកខ្ញុំបានទប់ស្កាត់ម្ដងរួចមកហើយ ជាមួយអ្នកជំនាញ អ៊ីចឹងគេផ្អាក។ ឥឡូវចាប់ផ្ដើមទៀត ឥឡូវអត់មានធ្វើផ្លូវទេ វាយព្រៃឡើងស្រឡះម៉ង។ ខ្ញុំគិតថា មានអ្នកចូលរួមទៅជាមួយអាជ្ញាធរ។ បើមិនមានអ្នកអនុញ្ញាតឱ្យធ្វើទេ ក៏គ្មានអ្នកណាហ៊ានមកធ្វធ្វើទេ ក៏គ្មានអ្នកណាហ៊ានមកចូលឈូសឆាយដែរ»។
ប្រជាសហគមន៍ម្នាក់ទៀត លោក ទឺយ ធិ លើកឡើងថា នៅពេលមានគ្រឿងចក្រចូលឈូសឆាយ ពួកគាត់បានរាយការណ៍ប្រាប់ទៅអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្តែ អាជ្ញាធរមិនបានចុះទៅទប់ស្កាត់នោះទេ។
លោកថា៖ «ខាងសហគមន៍រាយការណ៍ទៅអាជ្ញាធរដែរ ខាងឃុំអីហ្នឹងថា ជាប់រវល់ អាចដឹងថា[មានគេឈូសឆាយ]។ មិនមែនព្រៃចម្ការ មិនមែនព្រៃក្រៅពីតំបន់ការពារណា។ អ៊ីចឹង ស្ថិតនៅក្នុងច្បាប់ ទោះបីជាព្រៃទាំងឡាយណាក៏ដោយ ឱ្យតែព្រៃឈើត្រូវតែការពារទាំងអស់។ អ៊ីចឹង ហេតុអ្វីពួកគាត់មិនជួយទប់ស្កាត់? អ៊ីចឹង អាចអាជ្ញាធរឃុបឃិតគ្នាជាមួយអ្នកខិលខូច»។
មេភូមិពូត្រែង លោក ចាស់ ណា ច្រានចោលការចោទប្រកាន់នេះ ដោយថា ដីព្រៃ ២០ហិកតា ដែលគ្រឿងចក្រចូលឈូសឆាយនោះ ប្រជាពលរដ្ឋជាអ្នកលក់ដោយខ្លួនឯង។
លោក ចាស់ ណា ប្រាប់ថា៖ «បើ ២០ហិកតាហ្នឹង សហគមន៍អ្នកលក់។ អាអ្នកពូកែបង្ករឿង អ្នកពូកែឃាត់គ្រឿងចក្រ កន្លែងគេឈូសឆាយហ្នឹង សាម៉ីខ្លួនគាត់អ្នកលក់ហ្នឹង។ ចុះបើគាត់អ្នកលក់ ហេតុអ្វីបានគាត់មិនឱ្យគេឈូសឆាយ? អត់ដឹងដែរ»។
មេឃុំដាក់ដាំ លោក ប្លង់ សេង ច្រានចោលការចោទប្រកាន់នេះផងដែរ ហើយថា លោកក៏មិនបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានគ្រឿងចក្រចូលឈូសឆាយដីព្រៃសហគមន៍នោះទេ។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកការលើកឡើងរបស់អាជ្ញាធរគ្រាន់តែជាការគេចវេសការទទួលខុសតែប៉ុណ្ណោះ។
លោកថា៖ «[កន្លងមក]អាជ្ញាធរមិនដែលទទួលថា ខ្លួនមិនបានទប់ស្កាត់ដែរ ហើយតែងតែបន្ទោសលើប្រជាពលរដ្ឋថា ផ្ដិតមេដៃលក់ដីលក់អីអ៊ីចឹងទៅ។ នេះជាការគេចវេសមួយ ទោះបីជាប្រជាពលរដ្ឋអ្នកលក់ក៏ដោយ ប៉ុន្តែ ក្នុងនាមគាត់ជាមេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ឬមន្ត្រីនគរបាលយុត្តិធម៌ ចុះទៅទប់ស្កាត់។ ការកាប់រានដីព្រៃជា គឺជាបទល្មើសឧក្រិដ្ឋ ហើយបើអាជ្ញាធរមិនទៅបង្ក្រាបទាន់ពេលទេ មន្ត្រីទាំងអស់នោះ ក៏ត្រូវទទួលទោសតាមច្បាប់ ហើយយ៉ាងហោចណាក៏ត្រូវជាប់ពន្ធនាគារពី ១ ទៅ ៣ឆ្នាំដែរ»។
ដីព្រៃសហគមន៍នេះ ស្ថិតនៅជាប់នឹងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច និងភ្នំណាំលៀ ហើយត្រូវបានចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០០៨ ហើយមានប្រជាពលរដ្ឋជាង ៣០០គ្រួសារ រស់នៅពឹងអាស្រ័យលើដីព្រៃសហគមន៍នេះ៕