អតីត​បុគ្គលិក ​RFA ថាការពន្យាពេល​ប្រកាសសាលក្រមជារនាំងក្នុងការធ្វើជាអ្នកកាសែតវិញ​

អតីតបុគ្គលិកអាស៊ីសេរី លោក អ៊ួន ឈិន (ខាងឆ្វេង) និង លោក យាង សុធារិន្ទ (ខាងស្តាំ)

អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប ថាការលើកពេលប្រកាសសាលក្រមជារនាំងដល់ការប្រកបវិជ្ជាជីវៈជាអ្នក​សារព័ត៌មានរបស់ខ្លួនឡើងវិញ។

សាលាដំបូងរាជធានីភ្នំពេញកាលថ្ងៃទី ០៩ សីហា ឆ្នាំ២០១៩  បានកំណត់យកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ជាថ្ងៃប្រកាសសាលក្រមអតីត​បុគ្គលិក​អាស៊ីសេរីពីររូបក្នុងសំណុំ«​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​​​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​»។

ទោះយ៉ាងណាក៏ដោយ ការ​ប្រកាសសាលក្រម​ដែ​លត្រូវធ្វើ​ឡើង​នៅព្រឹក​ថ្ងៃ​សុក្រនេះ  ត្រូវបានពន្យាពេលវិញដោយ​ពុំ​ទាន់​កំណត់ពេលវេលាជាក់លាក់នោះឡើយ។ ក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញលោក វុន​ សុជាតិ  បានប្រកាសនៅក្នុងបន្ទប់សវនាការថាការសម្រេចពន្យាពេលប្រកាសសាលក្រម ដោយសារតែចៅក្រមទទួលបន្ទុក​រឿងក្តី​នេះ​ជាប់រវល់ចូលរួមសិក្ខាសាលានៅក្រសួងយុត្តិធម៌។

អតីត​បុគ្គលិក​អាស៊ីសេរីលោក យាង សុធារិន្ទ បង្ហាញការខកចិត្តចំពោះការសម្រេចរបស់តុលាការដែលបានពន្យាពេលប្រកាសសាលក្រម។ លោកចាត់ទុកការពន្យាពេលនេះ ថាជាឧបសគ្គមួយសម្រាប់លោកក្នុងការបន្តការងារលើវិស័យសារព័ត៌មានដែល​ជាមុខរបរ​លោកស្រលាញ់ពេញ​ចិត្ត​ឡើង​វិញ។

 លោក មានប្រសាសន៍ថា៖«កន្លងទៅ សូម្បីតែយើងឈប់ធ្វើទៅហើយ គេនៅតែចោទប្រកាន់យើង ថា បានបញ្ជូនព័ត៌មានរហូតធ្វើឱ្យអន្តរាយដល់ការពារជាតិ។ ចុះល្មមដល់រឿងយើងស្ថិតនៅក្រោមការចោទប្រកាន់ ហើយស្ថិតនៅក្នុងដៃរបស់តុលាការ ហើយស្ថិតនៅក្នុងបញ្ជីខ្មៅរបស់តុលាការបន្ថែមទៀតហ្នឹង។[បើយើងធ្វើ]វាអាចឈានដល់ការ​ចាប់កំហុសយើង ថាយើងនៅតែបន្តធ្វើការផ្នែកហ្នឹង នៅតែបញ្ជូន ហើយនៅតែមានការសង្ស័យ។  

អ៊ីចឹងវាពិបាកបើសិនជារឿងរ៉ាវហ្នឹង វាអត់មានភាពជ្រះស្រឡះ ទម្លាក់បទចោទយើង១០០ភាគរយ។ អ៊ីចឹងវាពិបាកធ្វើឱ្យយើងបំពេញការងារ ហើយរឿងមួយទៀត ស្ថាប័នព័ត៌មានផ្សេងៗមិនថាគាត់ហ៊ានឱ្យយើងធ្វើបែបណាដែរ»។

លោកបន្តថា មូលហេតុដែលនាំឱ្យលោកចង់បន្តការងារសារព័ត៌មានវិញ ដោយសារការងារនេះ អាចជួយច្រើនដល់សង្គមជាតិ។

ចំណែកអតីត​បុគ្គលិក​អាស៊ីសេរីម្នាក់ទៀតគឺលោក អ៊ួន ឈិន លើកឡើងថា  ការព​ន្យាពេលនេះ បង្ហាញថាសេរីភាពរបស់គាត់នៅតែបន្តរឹត​ត្បិត និងជារនាំងដែល​​ធ្វើឲ្យលោក​មិនអាចចូលធ្វើជាអ្នកសារព័ត៌មានឡើងវិញ​បាន។

លោក មានប្រសាសន៍ថា៖«វាធ្វើឱ្យមានភាពមន្ទិលសៅហ្មង​របស់យើង។ វានៅជាប់នឹងទៅ យើងមិនដឹងថាទៅមុខទៀតយ៉ាងណា? ហើយយើងពិបាកខ្វះសេរីភាព ក្នុងការធ្វើនេះ ធ្វើនោះ ដើរទៅនេះ ទៅនោះ ស្វែងរកការងារ​ ជាពិសេសការចង់វិលចូលអាជីពជាអ្នកសារព័ត៌មានវិញហ្នឹង ដល់ពេលយើងមិនទាន់ដឹង [លទ្ធផល]យ៉ាងណាៗអ៊ីចឹង យើងពិបាកក្នុងការដើរទៅមុខណាស់»

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក សួស វិទ្យារ៉ាឌី​ សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយលោកសុំពេលសួរថ្នាក់លើសិន។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សម្ដែងការគាំទ្រ ចំពោះការលើកឡើងរបស់អតីត​បុគ្គលិក​អាស៊ីសេរី ដោយថាការពន្យានេះ នឹងធ្វើឱ្យពួកគាត់ទាំងពីរពិបាកក្នុងការប្រកបរបរអ្នកសារព័ត៌មានវិញ។

លោក និយាយថា៖«តើលទ្ធផលហ្នឹង វាជាលទ្ធផលយ៉ាងម៉េច ដែលអាចផ្ដល់ឱកាសដល់ពួកគាត់ បានទៅធ្វើកិច្ចការងាររបស់ពួកគាត់បានទៀតឬអត់ ឬលទ្ធផលហ្នឹង បានផ្ដល់ភាពអយុត្តិធម៌ឬក៏យ៉ាងម៉េច?  អ៊ីចឹងទាំងអស់ហ្នឹង គឺជាការទទ្ទឹងរង់ចាំទាំងខាងអ្នកដែលតាមដាន នៅក្នុងរឿងហ្នឹង ក៏ចង់ដឹងអំពីបញ្ហាហ្នឹង រួមទាំងសង្គមស៊ីវិល អ្នកសារព័ត៌មាន ឬក៏ស្ថានទូតនានា ដែលគេបានទៅឃ្លាំមើល ដំណើរការសវនាការកន្លងមក។  »។

អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ​ឆ្នាំ២០១៧។ ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មាន​ទាំងពីររូបនេះ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំវិញ​​កាល​ពី​​ថ្ងៃ​ទី​២១ ខែ​សីហា​ ឆ្នាំ២០១៨​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ