ការប្រឹងប្រែងរបស់មេដឹកនាំមីយ៉ាន់ម៉ារក្សាEBAមានសញ្ញាល្អច្រើន

កម្មការិនីជនជាតិមីយ៉ាន់ម៉ា កំពុងកាត់ដេរសម្លៀកបំពាក់ (រូបពីEPA)

សហភាពអឺរ៉ុបបានប្រកាសកាលពីខែតុលាឆ្នាំ២០១៨ថា នឹងសើរើឡើងវិញ លើប្រព័ន្ធអនុគ្រោះពន្ធEBA ដែលផ្តល់ឱ្យមីយ៉ាន់ម៉ាដោយសារតែការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន។​

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ៧០០ ០០០នាក់ បានរត់ឆ្លងដែនចេញពីមីយ៉ាន់ម៉ាទៅបង់ក្លាដេសកាលពីចុងឆ្នាំ២០១៧ ដោយសារមានការបង្ក្រាប បាញ់សម្លាប់ ធ្វើទារុណកម្ម រំលោភផ្លូវភេទ និងដុតបំផ្លាញផ្ទះសម្បែងពីសំណាក់យោធាមីយ៉ាន់ម៉ា។​ មូលហេតុទាំងនេះ ដែលឈានដល់ សហភាពអឺរ៉ុបព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ។​

ក្រោយមកសហភាពអឺរ៉ុបបានចាត់គណៈកម្មការពិសេសស្វែងរកការពិតទៅលើករណីទាំងនេះ  ហើយបានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបំពេញដើម្បីមានភាពប្រសើរឡើងផ្នែកការគោរពសិទ្ធិមនុស្ស ហើយបន្តទទួលបានប្រព័ន្ធអនុគ្រោះពន្ធ។​

លោកស្រី អ៊ុង សានស៊ូជី ទទួលយកអនុសាសន៍ចំនួន​៨៨ចំណុចពីគណៈកម្មការពិសេស ហើយប្តេជ្ញាក្នុងការបំពេញឱ្យបានល្អ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏សហការល្អជាមួយក្រុមការងារសហភាពអឺរ៉ុប អង្គការសហប្រជាជាតិ ក៏ដូចជាអង្គការអន្តរជាតិផ្សេងៗដែលមានបំណងស្រាវជ្រាវលើករណីទាំងនេះ។​

បើទោះជាមានការចោទប្រកាន់ពីសហគមន៍អន្តរជាតិថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើឃោរឃៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ានៅតែបកស្រាយថា ពួកគេគ្មានបំណងសម្លាប់ផ្តាច់ពូជលើជនជាតិរ៉ូហ៊ីងយ៉ាទេ ហើយថា សកម្មភាពផ្ទុះអាវុធកើតឡើងនោះដោយសារតែ ជនជាតិភាគតិចទាំងនេះបះបោរចង់ផ្តាច់ខ្លួន ហើយវាយប្រហារលើកម្លាំងរបស់រដ្ឋាភិបាលមុន។​

ឥរិយាបថទន់ភ្លន់ និង ម៉ឺងម៉ាត់របស់លោកស្រី អ៊ុង សានស៊ូជី នៅតែព្យាយាមពន្យល់ទៅសហគមន៍អន្តរជាតិម្តងហើយម្តងទៀត ទោះជាមានការចោទប្រកាន់ផ្ទួនៗគ្នាក៏ដោយ។ លោកស្រី ក៏បានស្នើឱ្យសហគមន៍អន្តរជាតិទុកពេលសមស្របសម្រាប់លោកស្រី ដោះស្រាយបញ្ហាផ្ទៃក្នុងនេះ។

ការខិតខំប្រឹងប្រែងរបស់មេដឹកនាំមីយ៉ាន់ម៉ាបានផលល្អជាបណ្តើរៗ​គឺសហភាពអឺរ៉ុបមិនទាន់មានចំណាត់ការអ្វីបន្ថែ​មទេ ហើយហាក់យល់ពីផលវិបាកនៃវិបត្តិផ្ទៃក្នុងប្រទេសនេះ។​

កាលពីចុងខែមិថុនាកន្លងទៅនេះ ពេលចុះកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មមិនជាប់ពន្ធជាមួយវៀតណាម​លោកស្រី Cecilia Malmstrom ថ្លែងប្រាប់អ្នកសារព័ត៌មានថា អឺរ៉ុបមិនទាន់មានវិធានការដកប្រព័ន្ធអនុគ្រោះពន្ធពីមីយ៉ានម៉ាទេគឺគ្រាន់តែមានសារព្រមាន។​ លោកស្រីថា ក្រុមការងាររបស់លោកស្រីកំពុងតែធ្វើការងារជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាដោះស្រាយបញ្ហាប្រឈមទាំងនេះ។​

​លោកស្រី Cecilia Malmstrom បញ្ជាក់ថា រូបគាត់មិនទាន់បានជួបផ្ទាល់ជាមួយលោកស្រី​អ៊ុង សានស៊ូជីជជែកពីបញ្ហានេះទេ។ ប៉ុន្តែលោកស្រីថា គាត់ដឹងពីបញ្ហាប្រឈមរបស់លោកស្រីអ៊ុងសានស៊ីជី ក្នុងការដោះស្រាយបញ្ហាក្នុងប្រទេស និង ការប្រឈមជាមួយអំណាចពួកយោធា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ