មេដឹកនាំហុងកុងដែលជ្រើសតាំងឡើងដោយរដ្ឋអំណាចចិនប៉េកាំងកាលពីឆ្នាំ២០១៧នោះ បានជ្រើសរើសយកការស្តាប់ពីទុក្ខកង្វល់ និងធ្វើតាមការទាមទាររបស់ប្រជាពលរដ្ឋ ជាជាងបំពេញតាមផែនការរបស់ចិនដីគោក។
នៅដែនដីហុងកុងផ្ទុះការតវ៉ាពាសពេញប្រទេសកើតមានភាពចលាចលចាប់តាំងពីដើមខែមិថុនាមក ជុំវិញការការបង្កើតច្បាប់ធ្វើបត្យាប័ន។ ភាពចម្រូងចម្រាស់នេះ ឈានដល់បាតុកររាប់លាននាក់ដើរក្នុងទីក្រុង បិទព្រលានយន្តហោះ បិទស្ថានីយ៍រថភ្លើង ឡោមព័ទ្ធអគ្គស្នងការនគរបាលជាតិ និងវិមានរដ្ឋសភាជាដើម។
បាតុករក្រៅពីក្រុមយុវជនដែលភាគច្រើនជានិស្សិតក៏មានក្រុមមេធាវី មន្ត្រីរាជការ ក្រុមហ៊ុនឯកជន និង ឪពុកម្តាយរបស់យុវជនផងដែរ។
ស្របពេលដែលសន្ទុះនៃការតវ៉ាមិនថបថយទោះជាមានការបង្ក្រាប ចាប់ខ្លួន និងចោទប្រកាន់ក៏ដោយនោះ រដ្ឋអំណាចចិនកណ្តាលបានចេញសារព្រមានបង្ក្រាបដោយបង្ហូរឈាម រួមទាំងការបង្ហាញកាំភ្លើងធំ សមយុទ្ធនៃការបង្ក្រាបជាដើម។ ប៉ុន្តែសាររបស់ព្រមាន និងការបង្ហាញអាវុធនេះ មិនបានធ្វើឱ្យកម្លាំងបាតុករហុងកុងថយចុះនោះទេ។

ទិដ្ឋភាពហាក់ដូចជាមនុស្សពីរក្រុមកំពុងតែទាញដៃមេដឹកនាំហុងកុងលោកស្រី ការី ឡាំ ទៅទិសដៅពីរផ្សេងគ្នា ដោយខាងក្រុមចិនប៉េកាំងឱ្យបើកយុទ្ធនាការបង្ក្រាបហើយបន្តដំណើរការច្បាប់ធ្វើបត្យាប័ន ចំណែកក្រុមបាតុករទាមទារឱ្យទម្លាក់ច្បាប់នោះចោលដោយបារម្ភប៉ះពាល់ខ្លាំងដល់ប្រព័ន្ធយុត្តិធម៌។
លោកស្រី ការី ឡាំ ធ្វើការសម្រេចចិត្តមួយដែលធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកគឺកាលពីរសៀលថ្ងៃពុធម្សិលមិញលោកស្រីប្រកាសលុបចោលទាំងស្រុកដំណើរការបង្កើតច្បាប់នោះ។
ស្ត្រីមេដឹកនាំហុងកុងរូបនេះ ក៏បានបញ្ជាក់ទៀតថា លោកស្រី នឹងចាប់ផ្តើមចុះជួបជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍នានា ដើម្បីបានដឹងពីទុក្ខកង្វល់ និងតម្រូវការផ្សេងៗ ដើម្បីរដ្ឋាភិបាលប្រឹងប្រែងបំពេញ។ លើសពីនេះ លោកស្រី ក៏បានប្រកាសឱ្យមានការស៊ើបអង្កេតដោយយុត្តិធម៌ចំពោះ កម្លាំងសមត្ថកិច្ច និងក្រុមមនុស្សដែលមិនស្គាល់អត្តសញ្ញាណបើកការវាយប្រហារលើបាតុករនៅពេលកន្លងទៅ។
អំឡុងពេលប្រមាណ៤ខែមកនេះ ពេលដែលចិនចេញសារព្រមានបង្ក្រាបដោយបង្ហូរឈាមនោះ លោកស្រីការី ឡាំ តែងបញ្ចេញសារសម្របសម្រួល និងបង្ហាញក្តីបារម្ភពីហិង្សាកើតឡើងទ្រង់ទ្រាយកាន់តែធំប៉ះពាល់ដល់ប្រជាពលរដ្ឋ និងដែនដីនេះទាំងមូល។

ហុងកុងគឺជាដែនដីដែលអង់គ្លេសប្រគល់ឱ្យចិនវិញកាលពីឆ្នាំ១៩៩៧ ភ្ជាប់លក្ខខណ្ឌប្រទេសមួយប្រព័ន្ធដឹកនាំពីរគឺចិនជាប្រទេសកុម្មុយនីស្ត ប៉ុន្តែហុងកុងស្ថិតនៅក្រោមការដឹកនាំតាមបែបប្រជាធិបតេយ្យ។
ទោះយ៉ាងក្រុមយុវជនហុងកុងចោទថា ចិនដីគោកមិនគោរពតាមកិច្ចព្រមព្រៀងចិន និងអង់គ្លេសទេគឺតែងតែមានបំណងគ្រប់គ្រងដែនដីហុងកុងតាមបែបកុម្មុយនីស្តទាំងស្រុងដើម្បីពង្រឹងអំណាចចិនទាំងមូល។