ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ដន៍ និងសីលធម៌កម្ពុជា កត់សម្គាល់ឃើញថា ការសម្តែង និងខ្លឹមសារបទចម្រៀងមួយចំនួននៅពេលបច្ចុប្បន្ននេះ មិនមែនជាការកំដរអារម្មណ៍ទេគឺធ្វើឱ្យយុវជនកើតគំនិតហិង្សា និងមានជំងឺបាក់ទឹកចិត្តទៅវិញ។
លោក ប៉ា ចន្ទរឿនសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ខ្លឹមសារចម្រៀងទាំងនេះ ក៏ជាមូលហេតុមួយដែលធ្វើឱ្យយុវជនបាក់ទឹកចិត្ត ហើយអាចឈានដល់ការសម្លាប់ខ្លួន។
លោក ប៉ា ចន្ទរឿន៖«ចម្រៀងបែបកំសត់មួយចំនួនសម្រាប់យុវជននៅសម័យនេះរៀបរាប់ដូចបោកក្បាលនឹងជញ្ជាំង។ វាហាក់ដូចជាបណ្តុះចរឹតហឹង្សានិងភាពអស់សង្ឃឹម ជាជាងសិល្បៈបែបតន្ត្រីដើម្បីកំដរអារម្មណ៍។ ចម្រៀងប្រភេទនេះមានតែធ្វើឱ្យអ្នកមានបញ្ហា/បាក់ផ្លូវចិត្តកាន់តែមានបញ្ហាថែម។ នេះប្រហែលជាមូលហេតុមួយដែលជំរុញឱ្យយុវជនមួយចំនួនសម្លាប់ខ្លួន។ »
លោក ប៉ា ចន្ទរឿង ក៏បានអំពាវនាវឱ្យអ្នកនិពន្ធ និងអ្នកសិល្បៈ ពិនិត្យករណីឥទ្ធិពលទាំងនេះ ចំពោះសុខុមាលភាពសង្គម។
របាយការណ៍អង្គការសុខភាពពិភពលោកចេញផ្សាយកាលពីឆ្នាំ២០១៤ បង្ហាញថា ពលរដ្ឋកម្ពុជាយ៉ាងហោចណាស់៤នាក់ក្នុងចំណោម១០០នាក់មានជំងឺធ្លាក់ទឹកចិត្តឬ ហៅថា Depression។