វៀតណាម​ចំណេញជាង១ប៊ីលានដុល្លារពីកិច្ចព្រមព្រៀង CPTPP

នាយករដ្ឋមន្ត្រីវៀតណាមង្រ្វៀន សួនហ្វុក(ស្តាំ) និងនាយករដ្ឋមន្ត្រីកាណាដា ចាស់ស្ទីន ត្រូដូ(ឆ្វេង) សន្និសីទរួមគ្នានៅក្នុងទីក្រុងហាណូយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ (រូបពី News.zing.vn)

វៀតណាមទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាង១ប៊ីលានដុល្លារ ក្នុងរយៈពេល៧ខែ ពីកិច្ចព្រមព្រៀងបើកទូលាយ និងធ្វើឱ្យមានភាពប្រសើរឡើងនៃដៃគូពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (CPTPP)

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធគយរបស់វៀតណាម​ ស្តីពីផលចំណេញរយៈពេល៧ខែគឺចាប់ពីកិច្ចព្រមព្រៀងនោះចូលជាធរមានហើយអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩។​

កិច្ចព្រមព្រៀងការធ្វើពាណិជ្ជកម្មនេះ ជាទម្រង់នៃការធ្វើពាណិជ្ជកម្មទ្រង់ទ្រាយធំមួយ ដែលក្តោបចំណូលរបស់ពិភពលោក​១៣,៥ភាគរយ  ជាតំបន់ដែលអាចលក់ដូរទំនិញទៅដល់មនុស្សប្រមាណ៥០០លាននាក់។​ សមាជិកកិច្ចព្រមព្រៀងនេះ មានប្រទេសចំនួន១១រួមមាន អូស្ត្រាលី ប្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ិក ញូហ្សឺលែន  ប៉េរូ សិង្ហបុរី និង វៀតណាម។​

អាជ្ញាធរវៀតណាម​បញ្ជាក់ថា រយៈពេល៧ខែនេះ ការនាំចេញទៅកាន់ប្រទេសសមាជិកCPTPPកើនឡើងខ្លាំងគឺពិសេសនាំទៅជប៉ុនកើនឡើងដល់១,០១ប៊ីលានដុល្លារ ទៅកាណាដា ៥៤៦ លានដុល្លារ និងម៉ិចស៊ិក ២៩០លានដុល្លារ។​

ទន្ទឹមនឹងការនាំចេញកើនឡើងនេះ វៀតណាម​ក៏បាននាំចូលវិញថយផងដែរគឺ នាំចូលពីម៉ិចស៊ិកថយមកត្រឹម៦៥៩លានដុល្លារ ពីសិង្ហបុរីថយមកត្រឹម៤៩០លានដុល្លារ និងពីម៉ាឡេថយមកត្រឹម២១៩លានដុល្លារ។​

ចាប់តាំងពីដំណើរការកិច្ចព្រមព្រៀងCPTPP ការនាំចេញរបស់វៀតណាមកើនឡើងជាង១៥ភាគរយគឺមានទីផ្សារ៦បន្ថែមទៀតលើទីផ្សារសំខាន់ៗចំនួន​២៧ដែលនាំចេញទៅពេលកន្លងទៅ។​

កុងស៊ុលកាណាដានៅក្នុងទីក្រុងហូជីមិញបានបញ្ជាក់ថា កាណាដាមានគម្រោងកាត់បន្ថយពន្ធនាំចូលពីវៀតណាមរយៈពេល៣ឆ្នាំ​លើទំនិញមួយចំនួនពីកម្រិត១៧ឬ១៨ភាគរយទៅ សូន្យភាគរយ លើប្រភេទមុខទំនិញដូចជា ផលិតផលវាយនភណ្ឌ កាបូបយូរដៃ ប្លាស្ទិក និងផលិតផលឈើកែច្នៃ។​

ភាគីវៀតណាម និង កាណាដា រំពឹងថា កិច្ចព្រមព្រៀងបន្ថយពន្ធនេះ នឹងធ្វើឱ្យវៀតណាម​អាចនាំទំនិញទៅកាណាដាកាន់តែកើនឡើងថែមទៀត។​

រដ្ឋាភិបាលវៀតណាម​ក៏បានដាក់គោលដៅផងដែរថា កិច្ចព្រមព្រៀងCPTPP រុញវៀតណាមនិងអូស្ត្រាលីកាន់តែជិតគ្នា ហើយវៀតណាម​ប្រើប្រាស់ឱកាសល្អនេះ ដើម្បីបង្កើនការទំនិញទៅលក់នៅទីផ្សារអូស្ត្រាលីដែលកំពុងមានសក្កានុពលនេះដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ