អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ បានឱ្យដឹងថា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នឹងយាងទៅចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុនថ្មី ព្រះអង្គម្ចាស់ Naruhito នាខែតុលាខាងមុខនេះ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ឱ្យដឹងបែបនេះប្រាប់ទៅក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ នៅទីស្ដីការក្រសួងនៅព្រឹកថ្ងៃនេះ។
ព្រះអង្គម្ចាស់ Naruhito ព្រះជន្ម ៥៩វស្សា បានឡើងសោយរាជ្យសម្បត្តិកាលពីថ្ងៃទី០១ ខែឧសភាកន្លងមកនេះ បន្តពីព្រះបិតារបស់ទ្រង់ ព្រះអធិរាជ Akihito ព្រះជន្ម ៨៥វស្សា ដែលបានដាក់រាជ្យសម្បត្តិ។
ព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវការរបស់ព្រះចៅអធិរាជថ្មីអង្គនេះ ត្រូវបានគ្រោងរៀបចំធ្វើឡើងតាមប្រពៃណីជប៉ុននៅថ្ងៃទី២២ ខែតុលាក្នុងឆ្នាំនេះ៕









