លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនរួចមកហើយរវាងប្រទេសកម្ពុជា និងវៀតណាម អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជិតខាងមួយនេះ ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃម្សិលមិញនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រតិភូជាន់ខ្ពស់កម្ពុជា គ្រោងចាកចេញទៅបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែតុលានេះ។
ក្រសួងការបរទេស បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា លោក ហ៊ុន សែន និងសមភាគីរបស់លោកគឺនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក នឹងចុះហត្ថលេខាលើឯកសារផ្លូវច្បាប់ចំនួន២ ដើម្បីទទួលស្គាល់លទ្ធផលការងារបោះបង្គោលព្រំដែនចំនួន ៨៤ភាគរយ ដែលភាគីកម្ពុជា និងវៀតណាមបានព្រមព្រៀងគ្នាបោះកន្លងមក។
ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលេខាធិការបក្សកុម្មុយនីសវៀតណាម បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែសីហា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕