អ្នកការទូតជាន់ខ្ពស់របស់វៀតណាមបានបញ្ជាក់ជំហរថា នៅក្នុងឱកាសដែលវៀតណាមក្លាយជាប្រធានអាស៊ានប្តូរវេណនៅឆ្នាំ២០២០ខាងមុខនេះ នឹងបំពេញតួនាទីជំរុញការអភិវឌ្ឍន៍ សុខសន្តិភាពក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងថែមទៀត។
តំណាងបណ្ឌិតសភាការទូតវៀតណាម លោក ត្រាន់ វៀតថៃ(Tran Viet Thai) ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២ខែតុលាថា អាស៊ានពិតជាមានសារសំខាន់ណាស់សម្រាប់តំបន់ ពិភពលោក និងសំខាន់សម្រាប់វៀតណាម។
លោកបញ្ជាក់ថា សម្រាប់តំបន់ គឺអាស៊ានជួយលុបបំបាត់មនោគមន៍វិជ្ជានយោបាយពីអតីតកាល ដែលធ្វើឱ្យមានការបែកបាក់ឬ សង្គ្រាម។ ចំណែកបច្ចុប្បន្នគឺអាស៊ានជួយជំរុញឱ្យមានការអភិវឌ្ឍន៍ ប្រកបដោយសុខសន្តិភាព។
លោក ត្រាន់ បញ្ជាក់ថា សម្រាប់វៀតណាមអាស៊ានបានផលប្រយោជន៍ច្រើន ទាំងបទពិសោធន៍ភ្ជាប់ខ្លួនទៅកាន់ពិភពលោក និងផលខាងសេដ្ឋកិច្ច។
វៀតណាមបានក្លាយជាសមាជិកអាស៊ានកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ១៩៩៥គិតត្រឹមចុងឆ្នាំ២០១៩នេះ វៀតណាមក្លាយជាសមាជិកអាស៊ានរយៈពេល២៤ឆ្នាំ។ តាមគោលការណ៍ដែលអាស៊ានផ្តាស់ប្តូរគ្នាធ្វើជាប្រធាននោះ នៅឆ្នាំក្រោយគឺវៀតណាមជាក្លាយជាប្រធានអាស៊ាន។
បណ្ឌិតសភាការទូតវៀតណាមបញ្ជាក់ថា បច្ចុប្បន្នវៀតណាមមានឥទ្ធិពលក្នុងការចូលរួមថែរក្សាសុខសន្តិភាពក្នុងតំបន់ ជួយអាស៊ានឱ្យរួបរួមគ្នា ជួយរក្សាជំហរអាស៊ានឱ្យនៅកណ្តាលប្រឈមជាមួយការប្រើប្រាស់ឥទ្ធិពលទាក់ទាញពីប្រទេសមហាអំណាច។
ចំពោះវៀតណាមផ្ទាល់វៀតណាមទទួលបានបទពិសោធន៍ច្រើនពីអាស៊ានសម្រាប់យកទៅពង្រីកខ្លួននៅលើឆាកអន្តរជាតិដូចជា នៅ APEC អង្គការសហប្រជាជាតិ និង សហគមន៍អន្តរជាតិផ្សេងៗទៀតនៅលើពិភពលោក។
វៀតណាតបញ្ជាក់ថា នឹងបង្កបរិយាកាសងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសមាជិកអាស៊ានផ្សេងៗឱ្យកាន់តែប្រសើរឡើងថែមទៀត។
សេដ្ឋកិច្ចវៀតណាមកំពុងតែទទួលបានការរីកចម្រើនជាបន្តបន្ទាប់ ដោយទទួលបានផលចំណេញពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក វៀតណាមជាសមាជិកកិច្ចព្រម បើកទូលាយនិងធ្វើឱ្យមានភាពប្រសើរឡើងនៃដៃគូពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក(CPTPP)ដំណើរការកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០១៩ និង បានចុះហត្ថលេខាជាមួយអឺរ៉ុបស្តីពីតំបន់ពាណិជ្ជកម្មមិនជាប់ពន្ធនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩។
កាលពីដើមខែមិថុនាឆ្នាំ២០១៩ ប្រទេសចំនួន១៩២ក្នុងចំណោម១៩៣ បានបោះឆ្នោតគាំទ្រវៀតណាមឱ្យក្លាយសមាជិកក្រុមប្រឹក្សាសន្តិសុខមិនអចិន្ត្រៃយ៍ជាលើកទី២សម្រាប់ឆ្នាំ២០២០ដល់២០២១។ លើកទី១ វៀតណាមទទួលបានតួនាទីនេះ ពីឆ្នាំ២០០៨ ដល់២០០៩។
ស្របពេលដែលសេដ្ឋកិច្ចចេះតែរីកចម្រើន នយោបាយការបរទេសរបស់វៀតណាមក៏កាន់តែមានឥទ្ធិពលលើឆាកអន្តរជាតិបន្តបន្ទាប់ដែរ។