ប្រធាន​​​នាយកដ្ឋាន​ភាព​យន្ត អំពាវនាវឲ្យ​ផលិតរឿង​និយាយ​ពី​គុណតម្លៃ​ជីវិតឲ្យ​បាន​ច្រើន​

ប្រធាន​នាយកដ្ឋានភាពយន្ត លោក ប៉ុក បូរក្ស ងពិធីសម្ពោធភាពយន្តខ្នាតធំរឿង«លោកឳពុក»

ប្រធាន​នាយកដ្ឋានភាពយន្ត ចង់ឃើញផលិតករងាកមកផលិតរឿងទាក់​ទងនឹង​គុណតម្លៃជីវិតឲ្យបាន​ច្រើន​ ដោយថា​ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ​សម្បូរតែភាពយន្តបែបកំប្លែង និង​រន្ធត់​តែប៉ុណ្ណោះ។

ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំរឿង«លោកឳពុក»របស់ផលិតកម្មមហាហង្ស កាលពីល្ងាចថ្ងៃទី៧ តុលា ឆ្នាំ២០១៩ ប្រធាននាយកដ្ឋានភាពយន្ត លោក ប៉ុក បូរក្ស បានទទូចឲ្យផលិតករងាកពីការផលិតភាពយន្តដើម្បីតែចំណូលមកផលិតជាភាពយន្តបង្ហាញពីជីវិតពិតវិញ ដើម្បីជាសារអប់រំ​ដល់យុវវ័យដែល​ជាអ្នកទស្សនា។

លោក ប៉ុក បូរក្ស បានលើកឡើងទៀតថា នារយៈពេល​១០ឆ្នាំចុងក្រោយនេះ ភាពយន្តខ្នាតធំផលិតក្នុងស្រុកស្ទើរតែគ្មានផលិតករច្រើននាក់នោះទេផលិតរឿងនិយាយពីជីវិតពិត បង្ហាញពីគុណឳពុកគុណម្ដាយ និងការតស៊ូរបស់បងប្រុសបងស្រី ។ លោក បានបន្ថែមថាភាពយន្តភាគច្រើនផ្តោតតែទៅលើ​រឿង​សំណើច និងរឿងបែបភ័យរន្ធត់។

ប្រធាន​នាយកដ្ឋាន​ភាពយន្តរូបនេះ យល់ថាភាពយន្តដែលឆ្លុះបញ្ចាំងពីខ្លឹមសារជីវិតរមែងដក់ជាប់អារម្មណ៍អ្នកទស្សនា ជាក់ស្ដែងដូចជារឿង«ទឹកចិត្តម្ដាយសម័យថ្មី»ដែលផលិតដោយលោកស្រីពាន់ ភួងបុប្ផា ជាដើម។ លោកសម្ដែងការអបអរ ដែលផលិតកម្មមហាហង្សប្រកាសបញ្ចាំងរឿង«លោកឳពុក»ដែលស្ដែងឡើងពីគុណតម្លៃរបស់ឳពុកចំពោះគ្រួសារ។

លោក លើកឡើងបន្តថា៖ « ខ្ញុំលើកទឹកចិត្តអោយផលិតករឆ្លុះបញ្ចាំងសាច់រឿងពីការតស៊ូរបស់ឳពុករបស់ម្ដាយ ឬ ក៏រៀមច្បងគ្រួសារនៅក្នុងសង្គមបែបនេះឲ្យបាន​ច្រើនថែមទៀត ដើម្បីជាប្រយោជន៍ក្នុងការអប់រំ»

ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានអះអាងថា ផលិតករគឺ​តែងតែចង់ផលិតភាពយន្តជីវិតយកមកឆ្លុះបញ្ចាំងពីការអប់រំដើម្បីជាប្រយោជន៍យុវវ័យហើយ​ ប៉ុន្តែផលវិបាកសួរថាមានអ្នកទស្សនាភាពយន្តបែបនេះ​ប៉ុន្មានភាគរយ។

លោកថ្លែងថា៖«សម្រាប់ខ្ញុំ គឺមានគំនិតច្រើនណាស់ចង់ផលិតរឿងនិយាយពីគុណតម្លៃ និងការលះបង់បង់បុគ្គលនេះបុគ្គលនោះ ដូចជារឿងលោកឳពុកនាពេលនេះ ប៉ុន្តែប្រភេទរឿងបែបនេះ គឺជាការប្រថុយប្រថានបំផុតសម្រាប់ការប្រកួតប្រជែង។ ផលិតរឿងពីជីវិត បើគិតថាដើម្បីស្នាដៃចាំផលិត តែបើដើម្បីផលចំណេញ ខ្ញុំមើលឃើញថាជាការសង្ឃឹមតិចណាស់ ដោយសារអ្នកចូលចិត្តមើលកុន ពួកគាត់ចូលចិត្តរឿងបែបកំប្លែង និងរឿងរន្ធត់ៗច្រើនជាង»

អតីតជំនួយការផលិតប្រចាំផលិតកម្មរ៉ក់ លោក លី ម៉េង បានអះអាងថា ផលិតករនៅកម្ពុជាផលិតតែភាពយន្តតម្រូវទីផ្សារអ្នកមើលប៉ុណ្ណោះ។

លោក ពន្យល់ថា៖«រឿងប្រភេទណាក៏ផលិតករធ្វើបានដែរ តែបើចំណូលពីការដាក់បញ្ចាំងនៅកម្ពុជាមិនអាចលើសពីបួនប្រាំម៉ឺន ផលិតករក៏មិនហ៊ានផលិតអស់ដើមលើសហ្នឹងដែរ ហើយគឺគិតតែមិនហ៊ានធ្វើរឿងដែលខុសពីតម្រូវអ្នកមើលទៅទៀត»

ទោះយ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានភាពយន្ត លោក ប៉ុក បូរក្ស បែរជា​យល់​ថា​ភាពយន្តជីវិតដែលរំលេចពីគុណឳពុក ឬ ការលះបង់របស់ម្ដាយ អាចងាយនឹងឆក់យកអារម្មណ៍អ្នកគាំទ្រជាងរឿងកំប្លែង រឿងខ្មោច ឬ រឿងវាយតប់ទៅវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ