បុរាណវិទូប្រទះឃើញព្រះកេសព្រះពោធិសត្វលោកេស្វរៈនៅប្រាសាទតានៃ

ក្រុមជំនាញបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ កំពុងដាប់កកាយយករូបព្រះកេសបដិមាព្រះលោកេស្វរៈ នៅប្រសាទតានៃ (ប្រភពៈ ហ្វេសប៊ុកក្រសួងវប្បធម៌)

បុរាណវិទូមកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ បានប្រទះឃើញបដិមាព្រះកេសព្រះពោធិសត្វលោកេស្វរៈ ឬលោកេសូរ១អង្គ កប់ក្រោមស្រទាប់ដីត្រង់បរិវេណខ្លោងទ្វារចូលភាគខាងកើតប្រាសាទតានៃ។

យោងតាមប្រភពពីទំព័រ Facebook របស់ក្រសួងវប្បធម៌ ផ្សព្វផ្សាយនៅថ្ងៃពុធនេះគឺ ការប្រទះឃើញនោះ គឺនៅពេលក្រុមអ្នកជំនាញបុរាណវិទ្យាធ្វើកំណាយជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃភាគនិរតី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្ម និងដីដំបូកយកមកជួសជុលប្រាសាទកាលពីព្រឹកម្សិលមិញ។

ប្រភពដដែលឱ្យដឹងថា ចម្លាក់ព្រះកេសលោកកេស្វរៈនោះស្ថិតក្នុងរចនាបថបាយ័ន ពីចុងស.វ.ទី១២ និងដើមស.វ.ទី១៣ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានរូបព្រះពុទ្ធលើផ្នួងសក់ មានត្រចៀកខាងស្តាំ តែគ្មានខាងឆ្វេង ច្រមុះឆែប និងរបកសាច់ថ្មលើផ្ទៃព្រះភ័ក្រ្តម្ខាង ដោយឡែក ចំពោះដងខ្លួនវិញមិនត្រូវបានប្រទះឃើញនោះទេ។

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ លោក ស៊ា សុភារុន ឱ្យដឹងក្នុងសំណេរពីប្រភពដដែលថា សភាពខូចខាតរបស់រូបចម្លាក់ប្រកេសព្រះលោកេសូរ អាចបណ្តាលមកពីការប៉ះទង្គិចអ្វីមួយ ឬគុណភាពថ្មនៅលើផ្ពាល់ម្ខាងមិនសូវល្អ។

លោក សុភារុន បន្ថែមថា ចម្លាក់បុរាណមួយនេះប្រហែលជាមិនស្ថិតនៅទីតាំងនេះពីដើមរៀងមកនោះទេ ព្រោះគ្មានភស្តុតាងណាមួយបញ្ជាក់ថាមានដងខ្លួននៅកន្លែងដែលបានប្រទះឃើញនោះទេ។

ប្រភពដដែលឱ្យដឹងទៀតថា ក្រុមការងារអាជ្ញាធរអប្សរាបានចុះពិនិត្យ វាស់វែង និងយករូបចម្លាក់ព្រះកេសបុរាណនោះទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរាបណ្តោះអាសន្ន ដើម្បីធ្វើការចុះបញ្ជីនិងថតរូបទុកជាឯកសារ ព្រមទាំងរៀបចំបែបបទស្នើយកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ