ចិន-អាមេរិកជួបចរចាស្វែងរកច្រកចេញពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងប្រឈមដំណាក់កាលថ្មី

ប្រធានាធិបតី Xi Jinping (ស្តាំ) និងប្រធានាធិបតី Donald Trump នៅឯវិមានប្រជាជនក្នុងទីក្រុងប៉េកាំង ថ្ងៃទី៩ វិច្ឆិកា ២០១៧ (រូបថត: CNBC)

ចិន និងអាមេរិកនឹងជួបចរចាគ្នាក្នុងកម្រិតអនុរដ្ឋមន្រ្តី ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយ បើកផ្លូវទៅរកច្រកចេញពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលកំពុងឈានដល់ដំណាក់កាលប្រឈមមួយផ្សេងទៀត។

យោងតាមសារព័ត៌មាន Straits Times មន្រ្តីជាន់ខ្ពស់​នៃប្រទេសទាំងពីរនឹងជួបពិភាក្សាគ្នានៅរដ្ឋធានីវ៉ាស៊ីន​តោន រយៈពេល២ថ្ងៃ(ថ្ងៃទី១០-១១ ខែតុលា ម៉ោងក្នុងតំបន់) ស្របពេលវិធានការដំឡើង​ពន្ធជុំថ្មីរបស់អាមេរិកដាក់លើចិនមកដល់សប្តាហ៍ក្រោយ ហើយប្រទេសទាំង២ គ្រោងបង្កើនសម្ពាធពន្ធលើគ្នាទៅវិញទៅមកនៅខែធ្នូ។

ប្រភពពីសារព័ត៌មាន South China Morning Post ឱ្យដឹងថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយកើតចេញពីជំនួបនេះទេ អាមេរិកនឹងបង្កើនពន្ធលើទំនិញចិនតម្លៃ២៥០ពាន់លានដុល្លារ ពី ២៥ភាគរយដល់៣០ភាគរយ ចាប់ពីថ្ងៃទី១៥តុលា តាមការគ្រោងទុក និងបន្ថែមពន្ធថ្មី១៥ភាគរយ លើទំនិញចិនតម្លៃ១៦០ពាន់លានដុល្លារ នៅថ្ងៃទី១៥ ខែធ្នូ។ ចំណែកចិន នឹងចាត់វិ​ធា​ន​ការតបតវិញ។

យោងតាមសារព័ត៌មាន CNBC ក្រុមអ្នកជំនាញមើលឃើញថា ជំនួបរវាងអាមេរិកនិងចិននឹងមិនទទួលបានលទ្ធផលអ្វីជាដុំកំភួននោះទេ ដោយសារភាពមិនទុកចិត្តគ្នាកំពុងកើនឡើង ហើយថា ច្រើនបំផុតភាគីទាំងពីរពន្យាពេលក្នុងការចាប់ផ្តើមវិធានការពន្ធជុំបន្ទាប់នៅសប្តាហ៍ក្រោយ។

ក្រុមអ្នកយុទ្ធសាស្រ្តលើកឡើងថា ការស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែពិបាកនឹងទៅរួច ដោយ​សារភាគីទាំងពីរបាត់ទំនុកចិត្តរវាងគ្នានិងគ្នា ជាពិសេស ក្រោយជំនួបកំពូល G-20 កាលពីចុងខែមិថុនា។ ក្នុងជំនួបនោះ លោក​ប្រធាធិបតីចិន Xi Jinping ថា លោកប្រធានាធិបតី Donald Trump ជាមនុស្សខុសប្រក្រតីដែលលោកមិនអាចទុកចិត្តបានឡើយ។ ការថ្លែងបែបនេះ គឺបន្ទាប់ពីលោក Trump និយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម មិនមានសេចក្តីថា គ្មានវិធានការពន្ធនោះទេ។  

កាលពីសប្តាហ៍មុន អាមេរិកបានដាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិន២៨ ក្នុងបញ្ជីខ្មៅ ដោយចោទក្រុមហ៊ុនទាំងនោះរំលោភសិទ្ធិជនជាតិ​ភាគតិចកាន់សាសនាអ៊ីស្លាមក្នុងខេត្ត Xinjiang  និងបិទការផ្តល់ទិដ្ឋការដល់មន្រ្តីជាន់ខ្ពស់របស់ចិនមួយចំនួន​ដែលពាក់ព័ន្ធក្នុងរឿងនេះ​។

នៅក្នុងជម្លោះពាណិជ្ជកម្មដែលបានអូសបន្លាយ១៨ខែមកនេះ ការនាំចេញរបស់ចិនទៅអាមេរិកបានធ្លាក់ចុះ ៩ភាគរយ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩ និងការនាំចូលពីប្រទេសនេះវិញបានធ្លាក់ចុះ២៨ភាគរយ តែសម្រាប់ការនាំចូលសរុបវិញ គឺឋិតនៅថេរ ខណៈការនាំចេញធ្លាក់ចុះ៥ភាគរយ គិតលើថេរវេលាដូចគ្នា។    

ដោយឡែក ការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិនបានធ្លាក់ចុះ១២,៥ភាគរយ ស្មើនឹងជាង៤៣ពាន់លានដុល្លារ គិតត្រឹមបំណាច់ខែសីហាឆ្នាំនេះ ធៀបនឹងឆ្នាំមុន ប៉ុន្តែការផ្គត់ផ្គង់ទំនិញទៅកាន់ប្រទេសម៉ិចស៊ីកូវិញ មានការកើនឡើងខ្ពស់បំផុត​ ហើយអាត្រាពលរដ្ឋអាមេរិកគ្មានការងារធ្វើក៏ថយចុះទាបបំផុតគិតត្រឹម៥ទសវត្សន៍ចុងក្រោយ។

យោងតាមអ្នកវិភាគរបស់បណ្តាញសារព័ត៌មាន Bloombergs ទឹកប្រាក់ចំនួន ២,៧៦ពាន់ពាន់លានដុល្លារ ដែល​កំពុងធ្វើចរាចរនៅជុំវិញសកលលោក កំពុងឋិតក្នុងហានិភ័យដោយសារសកម្មភាពនិន្នាការពារនិយមកើនឡើង ហើយធ្វើឱ្យអាជីវកម្មផ្សេងៗកាន់តែប្រឈមគ្រោះថ្នាក់ និងទាមទារការប្រយ័ត្នប្រយែងកាន់តែខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ