សង្គម​ស៊ីវិល​ ថាការចុះ​បញ្ជីដីសមូហភាពរបស់​ជនជាតិដើមភាគតិច​នៅ​តែមាន​ភាព​យឺតយ៉ាវ​

តំណាងសហគមន៍ជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិរក្ស និងអភិវឌ្ឍជនជាតិដើមភាគតិច នៅឯភោជនីយដ្ឋានទន្លេបាសាក់ នាព្រឹកថ្ងៃទី១០ តុលា ឆ្នាំ២០១៩ (រូបភាព៖ ឃុន វ៉ាន់ដា)

មន្រ្តីជាន់​ខ្ពស់នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum)  លើកឡើងថាការ​ចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជានៅតែមានភាពយឺតយ៉ាវ។

ប្រធានកម្មវិធីដីធ្លី និងព្រៃឈើ នៃ NGO Forumលោក ភាព សុភា បានថ្លែងអះអាងបែបនេះនៅក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិរក្ស និងអភិវឌ្ឍជនជាតិដើមភាគតិច នៅឯភោជនីយដ្ឋានទន្លេបាសាក់កាលពីព្រឹកមិញ។ លោក បន្តថាជនជាតិដើមភាគតិចរស់នៅក្នុងប្រទេសកម្ពុជាមានចំនួនសរុបប្រមាណ៤០០សហគមន៍ តែរហូតឆ្នាំ២០១៨ទៅហើយពួកគាត់ទទួលបានប័ណ្ណកម្មសិទ្ធដីសមូហភាពតែចំនួន២៤សហគមន៍ប៉ុណ្ណោះ។

បើតាម​មន្រ្តី​អង្គការសង្គម​ស៊ីវិល​ដដែលនេះ មាន​​ឧបសគ្គចំនួន​ពីរ បាន​រារាំងដល់ដំណើរការនៃការចុះបញ្ជីដីសមូហភាពដីសហគមន៍របស់​ជនជាតិដើមភាគតិច។

 ​លោក ភាព សុភា ឲ្យដឹងថា៖ «ជនជាតិដើមភាគតិចគាត់រស់នៅអាស្រ័យលើធនធានធម្មជាតិ ហើយនៅពេលដែលមានការកំណត់តំបន់គ្រប់គ្រងធនធានធម្មជាតិដូចនេះ ក៏ជាផ្នែកមួយធ្វើឱ្យការចុះបញ្ជីដីមិនអាចធ្វើទៅបាន។ រឿងទីពីរដោយសារកន្លងមកមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលតំបន់ខ្លះ គឺមានការត្រួតស៊ីគ្នានឹងតំបន់ដែលជនជាតិដើមភាគតិចកំពុងរស់នៅស្រាប់។ ទាំងនេះជាបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក។»

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក នួន ដាញ៉ិល បានទទួលស្គាល់ថាការងារចុះបញ្ជីដីធ្លី​របស់​សហគមន៍ជនជាតិដើមភាគតិចពិតជាមានភាពយឺតយ៉ាវប្រាកដមែន ពីព្រោះតែខ្វះខាតថវិការ​។

លោក នួន ដាញ៉ិលបានអះអាងថា៖ «យើងត្រូវគិតជាចម្បងថា នៅពេលដែលយើងមានផែនការមេច្បាស់លាស់ យុទ្ធសាស្ត្រច្បាស់លាស់ បន្ទាប់ពីហ្នឹងក៏យើងត្រូវតែគិតឱ្យស៊ីជម្រៅរឿងបញ្ហាថវិការហ្នឹងដែរ។»

អ្នកស្រី ទេព ទឹម ជាជនជាតិដើមភាគតិចកួយ រស់នៅភូមិព្រះមេ ឃុំព្រះមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងជាអ្នកតំណាងជនជាតិដើមភាគតិចមួយរូបដែរនោះ បានអះអាងថា ការរស់នៅរបស់ជនជាតិដើមភាគតិចបច្ចុប្បន្នមានជីវភាពលំបាកខ្លាំង ព្រោះដីព្រៃមិនធំដូចមុន ឯការប្រកបរបរពីការទាញអនុផលព្រៃឈើ និងចំការវិលជុំក៏ប្រឈមនឹងឧបសគ្គច្រើនដែរ។ អ្នកស្រី ក៏បានបង្ហាញ​ក្តីបារម្ភផងដែថា​បើដីសហគមន៍របស់​គាត់​មិន​បាន​ចុះបញ្ជីឲ្យបាន​ឆាប់នោះទេ​ ក្រុម​អ្នកមាន​ប្រាក់ និងមាន​អំណាច អាចនឹងរំលោភ​យក​។ ដោយសារតែបញ្ហានេះ អ្នកស្រី បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​ជួយពន្លឿន​ការចុះបញ្ជីដីធ្លីសហគមន៍របស់ពួកគាត់ដែល​ជាជន​ជាតិដើមភាគតិច។ ​

អ្នកស្រី ទេព ទឹម មានប្រសាសន៍ថា៖«ខ្ញុំព្រួយចិត្តអារឿងក្រសួងថាអត់ថវិការ ប៉ុន្តែខ្ញុំសង្ឃឹមថា ក្រសួងនឹងយកចិត្តទុកដាក់អំពីដំណើរការណ៍នៃការចុះបញ្ជីដីឱ្យសហគមជនជាតិដើមភាគតិច។ កាលណាបានចុះបញ្ជី ដីសហគមន៍ជនជាតិដើមភាគតិចនឹងមានសុវត្ថិភាព ការពារអ្នកពីខាងក្រៅ អ្នកមានលុយ អ្នកមានអំណាចដែលគេទៅយកដីនៅតំបន់ជនជាតិដើមភាគតិច។ កាលណាយើងចុះបញ្ជីវាស្របច្បាប់ហើយ អត់មានអ្នកណាហ៊ានទៅលូកលាន់ទេ។»

របាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ បង្ហាញថាប្រទេសកម្ពុជាមានជនជាតិដើមភាគតិចចំនួន២៤ប្រភេទ រស់នៅពង្រាយគ្នាក្នុងខេត្តចំនួន១៥ មានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តមានជ័យ ត្បួងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ និងខេត្តសៀមរាប ហើយមានចំនួនសរុបប្រមាណ១.៣៤%នៃចំនួនប្រជាជនសរុប។

របាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទបានបង្ហាញថា បច្ចុប្បន្នប្រទេសកម្ពុជាមានសហគមន៍ជនជាតិដើមភាគតិចចំនួន១៥០ ត្រូវបានទទួលស្គាល់អត្តសញ្ញាណជាជនជាតិដើមភាគតិច។ សហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីទទួលស្គាល់ជានីតិបុគ្គលមានចំនួន១៤១ និងសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីដីសមូហភាពមានចំនួន២៥។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ