លោក ស ខេង ប្រកាសដំឡើងថវិកាឃុំសង្កាត់ឱ្យដល់ចំនួនជាង១៣ម៉ឺនដុល្លារនាឆ្នាំ២០២០

លោក ស ខេង ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង ត្រូវនឹងថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៩ (ប្រភពរូបពីហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសដំឡើងថវិកាឃុំសង្កាត់ឱ្យដល់ចំនួនជាង១៣ម៉ឺនដុល្លារនាឆ្នាំ២០២០ ។

ចំនួនថវិកាជាង១៣ម៉ឺនដុល្លារ ស្មើនឹងជាង២ដងនៃមូលនិធិឃុំសង្កាត់ ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ឱ្យឃុំសង្កាត់នៅឆ្នាំ២០១៩នេះ។

លោក ស ខេង មានប្រសាសន៍ក្នុងពិធីបិទមហាសន្និបាតអាណត្តិទី២ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ថាការដំឡើងថវិកាឱ្យដល់ថ្នាក់ឃុំសង្កាត់ជារឿងបន្ទាន់ ដែលត្រូវតែអនុវត្តន៍ឱ្យខាងតែបាន ត្រឹមឆ្នាំ២០២០ខាងមុខនេះ។ លោកបន្តថា បើរាជរដ្ឋាភិបាលមិនដំឡើងថវិកាជូនដល់ថ្នាក់ឃុំសង្កាត់ទេនោះ ការងាររដ្ឋបាលមូលដ្ឋាននឹងនៅតែទន់ខ្សោយ ហើយការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិក៏មិនសម្រេចបានជោគជ័យដែរ។

លោក ស ខេង មានប្រសាសន៍ថា៖«ថវិកាដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលឃុំសង្កាត់ ពីឆ្នាំ២០២០ដល់២០២៣អាចនឹងដល់១៣២ពាន់ដុល្លារ(១៣ម៉ឺន២ពាន់)ក្នុង១ឃុំសង្កាត់។ជាមធ្យមភាគទេថាយើងធ្វើបានប៉ុណ្ណឹង វាអាចថាឃុំខ្លះបានច្រើនជាងហ្នឹងឃុំខ្លះបានតិចជាងហ្នឹង គឺទៅតាមចំនួនប្រជាជនទេ។ ខ្ញុំសង្ឃឹមថាក្រុមប្រឹក្សារបស់យើងប្រើប្រាស់ថវិកាទាំងហ្នឹងប្រកបដោយតម្លាភាពដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានរបស់យើងឱ្យកាន់តែរីកចម្រើន»។

លោក ស ខេងបន្ថែមថា ក្រសួងជំនាញ ឬអង្គភាពពាក់ព័ន្ធត្រូវមានយន្តការបណ្ដុះបណ្ដាលឱ្យ

ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិឱ្យចេះប្រើប្រាស់ថវិកាទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

សមាជិកក្រុមប្រឹក្សាឃុំដំណាក់សុក្រំ ស្រុកដងទង់ខេត្តកំពតជាបេក្ខភាព មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក នួន សុផល មានប្រសាសន៍ថា លោកស្វាគមន៍ការបង្កើនចំនួនថវិកាអភិវឌ្ឍន៍ឃុំសង្កាត់នេះ ប៉ុន្តែលោកអះអាងថាថវិកានេះមិនទាន់អាចឆ្លើយតបនឹងតម្រូវការជាក់ស្ដែងនៅឡើយ។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់មានទាន់មានសមត្ថភាព លើការគ្រប់គ្រងនិងចាត់ចែងថវិកានេះឱ្យមានប្រសិទ្ធភាពឡើយ ហើយភាគច្រើនធ្វើឡើងតាមគម្រោងចង្អុលរបស់ថ្នាក់ស្រុកប៉ុណ្ណោះ។

លោក នួន សុផល លើកឡើងថា៖ «ត្រូវបង្រៀនឱ្យច្បាស់ជាងមុនគឺបង្រៀនឱ្យក្រុមប្រឹក្សាឃុំក្នុងការគ្រប់គ្រងនិងចាយវាយថវិកាហ្នឹង។បន្ទាប់មកប្រមូលតម្រូវការនិងថវិការបស់អ្នកភូមិហើយអ្នកបច្ចេកទេស(ទីប្រឹក្សាឃុំ)ហ្នឹងត្រូវបង្រៀនសមាជិកក្រុមប្រឹក្សាឃុំ,ឱ្យចេះធ្វើការងារហ្នឹងខ្លួនឯងកុំឱ្យការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំនៅមានកម្រិតអីអ៊ីចឹង»។

ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង មានប្រសាសន៍ ការបង្កើនចំនួនថវិកានៅថ្នាក់ក្រោមជាតិនេះជារឿងគួរឱ្យអបអរ ប៉ុន្តែពលរដ្ឋចូលរួមឱ្យបានសកម្មជាមុនពិសេសគឺការអង្កេតលើបញ្ហាពុករលួយ ខណៈនៅតាមឃុំសព្វថ្ងៃនេះគ្រប់គ្រងស្ទើរផ្តាច់មុខដោយគណបក្សកាន់អំណាច ។

លោក យង់ គីមអេងនិយាយថា៖ «កាលមុនមានច្រើនបក្សគេអាចត្រួតពិនិត្យគ្នាទៅវិញទៅមកបាន(Cheek and Balance )។កាលណាឃុំ(សមាជិកក្រុមប្រឹក្សា)មានបក្សតែមួយគឺ(Cheek and Balance )ប្រហែលជាមិនមានទេ អ៊ីចឹងទេត្រូវតែឱ្យមានការពង្រឹងសមត្ថភាពពលរដ្ឋឬសហគមន៍ដើម្បីតាមដានការប្រើប្រាស់ថវិការទាំងអស់ហ្នឹង»។

គោលនយោបាយផ្ដល់ថវិកាដល់ថ្នាក់ឃុំសង្កាត់នេះក៏ជាប្រធានបទមួយស្រួចស្រាវដែរក្នុងយុទ្ធនាការណ៍ឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧ កាលនោះ លោក កឹម សុខា ប្រកាសផ្តល់ថវិកាដល់ថ្នាក់ឃុំសង្កាត់៥០ម៉ឺនដុល្លារក្នុង១ឆ្នាំ បក្សប្រជាធិបតេយ្យមូលដ្ឋានសន្យាឱ្យ១លានដុល្លារ ខណៈដែលគណបក្សប្រជាជនកម្ពុជាមិនសន្យាថាឱ្យប៉ុន្មានឡើយ។

លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៦,៥០៣ គណបក្សសង្គ្រោះជាតិទទួលបានអាសនៈ ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥,០០៧ កៅអីមួយចំនួនទៀតបានទៅលើបក្សខ្មែររួបរួមជាតិ បក្សហ៊ុនស៊ិនប៉ិច បក្សប្រជាធិបតេយ្យមូលដ្ឋាន និងបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ លុះដល់គណបក្សសង្គ្រោះជាតិត្រូវបាន​រំលាយ អសនៈក្រុមប្រឹក្សាឃុំសង្កាត់ច្រើនលើសលប់ត្រូវបានធ្លាក់ដល់ដៃ​គណបក្សប្រជាជន​កម្ពុជា។សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ថវិកាជាតិប្រមាណពី៤ម៉ឺនទៅ៦ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍន៍ឃុំសង្កាត់ក្នុង១ឆ្នាំៗ។ក្រៅពីថវិកាដែលផ្ដល់ដោយរដ្ឋ ឃុំសង្កាត់ក៏មានសិទ្ធិ​ប្រមូល​មូនិធិសប្បុរស​ជនផ្សេងទៀតដើម្បីបម្រើប្រយោជន៍សាធារណៈក្នុងមូលដ្ឋាន​របស់​ខ្លួនដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ