ស្នងការរាជធានីភ្នំពេញទុកពេល១០ថ្ងៃ ឱ្យយានយន្តដែលកំពុងចរាចរណ៍ដោយគ្មានស្លាកលេខទាំងអស់ទៅធ្វើស្លាកលេខ ដោយថានៅពេលផុតឱសានុវាទប៉ូលិសក្រុងនឹងចាប់ផ្ដើមមានវិធានការលើបញ្ហានេះហើយ។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១១ តុលា ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញឱ្យដឹងថាដើម្បីបង្កើនប្រសិទ្ធិភាពនៃការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី២១ តុលាខាងមុខ ប៉ូលិសក្រុងនឹងធ្វើការចាប់ឃាត់ទុកបណ្តោះអាសន្ន និងផាកពិន័យ ទៅលើយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វើចរាចរណ៍ដោយគ្មានស្លាកលេខទាំងអស់ ទៅការិយាល័យចរាចរណ៍ផ្លូវគោករហូតទាល់តែធ្វើស្លាកលេខរួចរាល់។
ស្នងការប៉ូលិសក្រុងសរសេរថាការធ្វើបែបនេះ៖ « ដើម្បីចូលរួមសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់សង្គមនៅរាជធានីភ្នំពេញសំដៅទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពល្មើសច្បាប់ផ្សេងៗ និងផ្ដល់ភាពងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវតាមរកជនល្មើសមួយចំនួន និងដើម្បីបង្កើនប្រសិទ្ធិភាពនៃការគោរពច្បាប់ » ។
យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ចែងថាជនណាដែលប្រើប្រាស់យានយន្តដែលគ្មានប័ណ្ណសម្គាល់ ឬគ្មានផ្លាកលេខសម្គាល់រថយន្តត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ទៅ១ខែ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ៨សែនរៀល ខណៈអ្នកដែលក្លែងប័ណ្ឌបើកបរ ប័ណ្ឌសម្គាល់យានជំនិះ ផ្លាកលេខ ឬលិខិតអនុញ្ញាតផ្សេងៗត្រូវបានប្រឈមទោសព្រហ្មទណ្ឌពី៥ ដល់១០ឆ្នាំផងដែរ៕









