សមាជិក​សភា​អាមេរិក​នឹង​ពិភាក្សា​លើ​ប្រជាធិបតេយ្យ​ និង​ពាណិជ្ជកម្ម​របស់​កម្ពុជា

លោក Alan Lowenthal សមាជិកសភាអាមេរិក ថ្លែងក្នុងសភាអាមេរិក​កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៩(រូបពី គេហទំព័របស់លោក Alan Lowenthal)

សមាជិកសភា​របស់​សហរដ្ឋអាមេរិក​នឹង​បើក​ការពិភាក្សា​មួយ​នៅ​ថ្ងៃទី២១ខែតុលា​ខាងមុខនេះ​ ពាក់ព័ន្ធ​ជាមួយ​វិធានការ​មួយចំនួន​លើ​ដំណើរការ​ប្រជាធិបតេយ្យ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​។

តាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​គឺ​កិច្ចពិភាក្សា​នៅ​ថ្ងៃទី២១នោះ​ ផ្តោត​លើ​ការអនុវត្ត​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស២៣​ តុលា​ ឆ្នាំ១៩៩១​។ ការពិភាក្សា​ក៏​មានការ​លើកឡើង​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​ ហើយ​ពាក់ព័ន្ធ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ផង​។

សេចក្តី​ប្រកាស​ព័ត៌មាន៖ « ការពិភាក្សា​នេះ​ក៏​នឹង​ពិនិត្យ​លើ​វិធានការ​ធ្វើ​ពាណិជ្ជកម្ម​ និង​លទ្ធិ​ប្រជា​ធិ​បតេយ្យ​នៅ​កម្ពុជា​។ ចំណុច​ទាំងពីរ​នេះ​ សភា​អាច​មាន​ឥទ្ធិពល​ក្នុង​ការ​រុញ​ឱ្យ​របប​លោក​ ហ៊ុន​ សែន​ ដែល​បាន​ប្រព្រឹត្តិ​ខុស​កន្លងមក​កែតម្រូវ​វិញ​»

ក្នុង​សេចក្ដី​ប្រកាស​ សមាជិកសភា​អាម៉េរិក​រូប​នេះ​ ក៏បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មិន​គោរព​លើ​ខ្លឹមសារ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ ដែល​តម្រូវ​ឱ្យ​កម្ពុជា​ដំណើរការ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​សេរី​ ពហុបក្ស​នោះ​ទេ​។

សមាជិកសភា​សហរដ្ឋអាមេរិក​រូប​នេះ​ តែង​តែង​រិះគន់​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស​ និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ជាដើម​។

ទោះ​យ៉ាង​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏ដូចជា​ មន្ត្រី​រដ្ឋាភិបាល​ផ្សេងទៀត​ធ្លាប់​អះអាង​ជា​ញឹកញាប់​ថា​ កម្ពុជា​មានការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ​ និង​បើក​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ធ្វើសកម្មភាព​ដោយ​សេរី។ ចំពោះ​វិធានការ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​គឺថា​ ជា​ការអនុវត្ត​ច្បាប់​ព្រោះ​ គណបក្ស​ប្រឆាំង​នេះ​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ