អតីតមន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ នៅតែ​បារម្ភ​ពី​សុវត្ថិភាព​

លោក ស៊ិន បូណា កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យឯកមួយម្តុំស្ពានជ្រោយចង្វារ ក្រោយត្រូវជនមិនស្គាល់មុខវាយបាក់ដៃ កាលពីពេលកន្លងទៅ (រូបភាពពី សកម្មជនសង្រ្គោះជាតិ)

អតីត​ចៅសង្កាត់​កោះដាច់​ និង​អតីតប្រធាន​កង​អង្គរក្ស​លោក​ សម​ រង្ស៊ី​ ស្នើ​ឱ្យ​សមត្ថកិច្ច​ទាំងអស់​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​រក​ជនល្មើស​ដែល​បាន​ប្រើប្រាស់​ហិង្សា​មក​លើ​ពួកគេ​ឲ្យបាន​ឆាប់រហ័ស​ ព្រោះថា​ពួកគេ​ចេះតែ​បារម្ភ​ពី​សុវត្ថិភាព​ និង​រស់នៅ​ក្នុង​ភាព​មិន​ស្ងប់ចិត្ត​ បើ​សមត្ថកិច្ច​មិនទាន់​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្ទ​ន្ទា​ទោស​តាមច្បាប់​។

អតីត​ចៅសង្កាត់​កោះដាច់​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​ ស៊ិន​ បូ​ណា​ លើកឡើង​ថា​ ក្រោយ​កើតហេតុ​ការណ៍​វាយដំ​លោក​បណ្តាល​ឱ្យ​បាក់ដៃ​បី​កំណាត់​ លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​សង្កាត់​ជ្រោយ​ចង្វា​រ តែម​កទល់​ពេលនេះ​មិនទាន់​មាន​តម្រុយ​យុត្តិធម៌​នៅឡើយ​ទេ​។

បញ្ហា​នេះ​ លោក​នៅតែ​បារម្ភ​ពី​សុវត្ថិភាព​រហូត​ ដរាបណា​សមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួន​អ្នក​ប្រព្រឹត្ត​ឃើញ​ទេ​។

លោក​បន្ត​ថា​៖ «សព្វថ្ងៃ​ខ្ញុំ​ប្រាប់​ឱ្យ​អស់​ថា​ ខ្ញុំ​នៅតែ​បារម្ភ​ ពី​សុវត្ថិភាព​ខ្លួនខ្ញុំ​។ អីចឹង​អ្វីក៏ដោយ​ គ្រាន់តែ​ខ្ញុំ​វា​អត់​ហ៊ាន​បញ្ចេញមតិ​ណា​លើស​ពី​ហ្នឹង​ ដោយ​ខ្ញុំ​ចេះតែ​បារម្ភ​ ចេះតែ​ព្រួយបារម្ភ​ ពី​សុវត្ថិភាព​ខ្លួនខ្ញុំ​»។

ចំណែក​អតីតប្រធាន​កង​អង្គរក្ស​លោក​ សម​ រង្ស៊ី​ លោក​ ពួក​ ចិន្តា​ ដែល​ត្រូវ​មិន​ស្គាល់​មុខ​វាយ​ពីក្រោយ​បណ្តាល​​ឱ្យ​បែកក្បាល​ លើកឡើង​ថា​ លោក​មិន​មាន​សង្ឃឹមថា​សមត្ថកិច្ច​អាច​រកមុខ​ជនល្មើស​ឃើញ​នោះ​ទេ​ ដោយ​ថា​សមត្ថកិច្ច​អាច​ចាប់ខ្លួន​បានតែ​អតីត​សកម្មជន​បក្ស​សង្រ្គោះ​ជាតិ​ប៉ុណ្ណោះ​។

លោក​បន្ត​ថា​ ៖ «ហូ​! បង​អើយ​ដូច​ខ្ញុំ​ថា​អីចឹង​ អា​នៅ​ព្រែក​លាប​ គេ​ឃើញ​ផ្ទាល់​ចាប់​មិន​បាន​​ផង​។ ទម្រាំ​អា​រឿង​ខ្ញុំ​មើល​មិនឃើញ​ផង​ ម៉េច​គេ​ចាប់បាន​។ ខ្ញុំគេ​និយាយ​ថា​ ចាប់​ជន​​ល្មើស​ហ្នឹង​គេ​មិន​ចាប់បាន​ទេ​ តាំងពីដើមមក​គេ​ធ្វើបាប​តែ​យើង​ គេ​មិនដែល​ចាប់​បាន​​ទេ​ គឺ​ មានតែ​ចាប់​ពួក​ប្រឆាំង​វិញ​ទើប​ចាប់បាន​» ។

វី​អូ​ឌី​ បាន​ព្យាយាម​សុំ​ការ​ឆ្លើយតប​ពី​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​ លោក​ ស ថេត​ និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ឆាយ​ គឹម​ខឿន​ ជាច្រើន​សារ​ តែ​គ្មាន​ការ​ឆ្លើយតប​ទេ​នៅ​ថ្ងៃនេះ​។

យ៉ាងនេះ​ក្តី​ កាលពី​ថ្ងៃទី​ ១ តុលា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ ស ថេត​ បាន​អះអាង​ថា​ សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ករណី​ហិង្សា​ទាំងពីរ​តាម​និ​តិ​វិធី​ ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​។ ​

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ លោក​ អំ​ សំអាត​ យល់ថា​ កាលណា​មានអំពើ​ហិង្សា​លើ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​កាន់តែ​ច្រើន​ ហើយ​គ្មាន​ការស៊ើបអង្កេត​ឈាន​ទៅ​ចាប់​ជនល្មើស​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ត្រឹមត្រូវ​ទេ​ នឹង​បង្កើត​ជាវ​ប្ប​ធម៌​និទ្ទណ្ឌភាព​ ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ និង​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​ផង​ដែរ​។

លោក​មានប្រសាសន៍​ថា​៖ «វា​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ប្រព័ន្ធ​យុត្តិធម៌​យើង​។ ការ​ផ្តល់​នូវ​យុត្តិធម៌​ដល់​ជនរងគ្រោះ​ និង​បង្ក​ហានិភ័យ​នៃ​ភាព​ភ័យខ្លាច​ ដល់​ជនរងគ្រោះ​ និង​អ្នកដទៃ​ផ្សេងទៀត​ដែល​មើលឃើញ​គម្រូ​ហ្នឹង​ »។

លោក​ អំ​ សំអាត​ បញ្ជាក់​ថា​ មកទល់​ថ្ងៃ១៤​ តុលា​ មាន​ករណី​អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​រង​អំពើ​ហិង្សា​ដោយ​ជន​មិន​ស្គាល់​មុខ​ បាន​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​អង្គការ​លី​កាដូ​ មាន​ចំនួន៦ករណី​។

អតីតប្រធាន​កង​អង្គរក្ស​លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​មិន​ស្គាល់​មុខ​វាយដំ​ឱ្យ​រង​របួស​បែកក្បាល​កាលពី​ថ្ងៃទី២២​ កញ្ញា​ ទាំង​កណ្តាល​ថ្ងៃ​ នៅ​ក្បែរ​ស្នាក់​ការ​អតីត​គណបក្ស​ប្រឆាំង​ សង្កាត់​ចាក់អង្រែក្រោម​ ខណៈ​លោក​ចេញទៅ​ទិញ​អាហារ​។

រយៈពេល ៣ថ្ងៃក្រោយ​ការ​វាយដំ​លើ​លោក​ ពួក​ ចិន្តា​ អតីត​ចៅសង្កាត់​កោះដាច់​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​ ស៊ិន​ បូ​ណា​ ក៏​ត្រូវ​បាន​ជន​ដៃដល់​វាយ​ទាំង​កណ្តាល​ថ្ងៃ​នៅ​សង្កាត់​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​ បណ្តាល​ឱ្យ​បាក់ដៃ​ឆ្វេង​បី​កំណាត់​ និង​គ្រាំ​មួយ​ចំហៀង​ខ្លួន​។

ពួកគេ​ទាំងពីរ​ សុទ្ធតែ​បាន​អះអាង​ថា​ ករណី​ហិង្សា​មក​លើ​ពួកគាត់​ពុំមែន​ជា​រឿង​គំនុំ​បុគ្គល​ឡើយ​ ប៉ុន្តែ​ជា​រឿង​នយោបាយ​តែម្តង​៕

​រាយការណ៍បន្ថែម៖ ឆន សុភាព​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ